អាការតាំងគភ៌ថ្មីៗ និង 14 សញ្ញាបញ្ជាក់ថា អ្នកកំពុងជិតក្លាយជាម្តាយគេហើយ

សម្រាប់អាការរបស់អ្នកតាំងគភ៌រយៈដំបូងៗ តើយើងនឹងដឹងយ៉ាងណាបានថា កំពុងតែមានគភ៌ឬក៏អត់? ព្រោះក្នុងរយៈពេល 1 សប្តាហ៍ដំបូង អាចនិយាយបានថា ជាអំឡុងពេលដែលមិនសូវបង្ហាញអាការប៉ុន្មានឡើយ ហើយបើអ៊ីចឹង តើនារីៗយើងនឹងដឹង និងប្រាកដក្នុងចិត្តយ៉ាងណាបានទៅថា ចាប់ផ្តើមតាំងគភ៌ហើយនោះ?។ សំណួរនេះគឺជាសំណួរមួយដែលស្រ្តីយើងជាច្រើនចង់ដឹងខ្លាំងណាស់ ដូច្នេះកុំបង្អង់យូរអី ឡារ៉ែនសូមនាំនារីៗយើងទាំងអស់មកពិនិត្យមើលសញ្ញារបស់អ្នកចាប់ផ្តើមមានផ្ទៃពោះក្នុងរយៈពេល 1 សប្តាហ៍ដំបូងថា តើ ខ្លួនអ្នកកំពុងមានអាការទាំងនេះដែរឬទេ?

1 . វដ្តរដូវមកយឺត ឬបាត់មិនឃើញមកតែម្តង នេះគឺបណ្តាលមកពីរាងកាយយើងកើតមានការចាប់បដិសន្ធិហើយហ្នឹងឯង។

2 . ធ្លាក់-សច្រើនជាងប្រក្រតី កើតពីអ័រម៉ូនអេស្រ្តូជេនមានការប្រែប្រួល ទើបធ្វើឱ្យមានទឹកហូរចេញមកតាមរន្ធស្បូនច្រើនឡើង និងរបូតចេញមកជាធ្លាក់-ស។

3 . មានឈាមហូរចេញមកតិចៗ ស្រដៀងៗគ្នានឹងពេលជិតអស់វដ្ដរដូវប្រចាំខែដែរ ដែលអាចបណ្តាលមកពីតួកំណើតដែលទៅបង្កប់ខ្លួននៅលើសាច់ជញ្ជាំងស្បូន។

4 . មានអារម្មណ៍ថាតឹងៗសុដន ដោយសារតែសុដននឹងកើតការប្រែប្រួល អាចនឹងមានអារម្មណ៍តឹងៗណែនៗស្រដៀងៗគ្នានឹងមុនពេលមានវដ្ដរដូវប្រចាំខែដែរ ឬពេលខ្លះឈឺស្រៀវៗតិចៗ ដែលអាការនេះនឹងកើតឡើងបន្ទាប់ពីបាត់វដ្ដរដូវប្រចាំខែប្រមាណជា 1 សប្តាហ៍។

5 . ដកដង្ហើមញាប់ឡើង ការដកដង្ហើមលឿន ឬញឹកឡើង កើតឡើងដោយសារតួកំណើតនៅក្នុងគភ៌ត្រូវការអុកស៊ីហ្ស៊ែន ទើបធ្វើឱ្យរាងកាយត្រូវដកដង្ហើមញាប់ឡើងទ្វេដងហ្នឹងឯង។

6 . វិលមុខ ងងឹតមុខ បណ្តាលមកពីអ័រម៉ូន និងសម្ពាធឈាមក្នុងរាងកាយចាប់ផ្តើមមានការប្រែប្រួល អាចនឹងធ្វើឱ្យអ្នកមានអារម្មណ៍វិលមុខ និងងងឹតមុខញឹកញាប់បាន។

7 . មានអារម្មណ៍ថាខ្លួនប្រាណក្តៅស្ទិញៗ ចង់គ្រុន ដោយសារតែរាងកាយមានសីតុណ្ហភាពខ្ពស់ឡើង។

8 . ឈឺបត់ជើងតូចញឹកញាប់ ការឈឺបត់ជើងតូចញឹកញាប់ក៏ជាសញ្ញាមួយដែលបញ្ជាក់បានថា អ្នកកំពុងចាប់ផ្តើមតាំងគភ៌ហើយ ព្រោះការតាំងគភ៌ រាងកាយនឹងត្រូវប្រើក្រលៀនធ្វើការខ្លាំង ដោយសាររាងកាយត្រូវផលិតឈាមទៅចិញ្ចឹមផ្នែកផ្សេងៗច្រើនឡើង។

9 . ងងុយគេងញឹកញាប់ អ្នកដែលកំពុងចាប់ផ្តើមតាំងគភ៌ រាងកាយនឹងមានអារម្មណ៍ទន់ល្វើយ ងងុយគេងញឹកញាប់ និងចង់តែគេងយូរៗ ដែលនេះជាលទ្ធផលមកពីកម្រិតអ័រម៉ូនក្នុងរាងកាយដែលប្រែប្រួលហ្នឹងឯង។

10 . ចុករួយតាមខ្លួនប្រាណ នឹងមានអារម្មណ៍ថា ខ្លួនប្រាណញ័រជាប់ជានិច្ច ដោយសាររាងកាយនឹងចាប់ផ្តើមប្រែប្រួល ដើម្បីត្រៀមទប់ទល់ជាមួយការតាំងគភ៌ហ្នឹងឯង។

11 . ទល់លាមក ដោយសារតែអ័រម៉ូនក្នុងរាងកាយដែលប្រែប្រួលធ្វើឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធបន្ទោបង់ធ្វើការងារយឺតទើបជាមូលហេតុនៃការទល់លាមក។

12 . មានអារម្មណ៍ឆាប់ខឹងមួម៉ៅ ស្រ្តីជាច្រើនអាចនឹងមានអារម្មណ៍មួម៉ៅឡើងបែបគ្មានមូលហេតុ អារម្មណ៍ងាយឆាប់ប្រែប្រួល ដោយសារតែអ័រម៉ូនប្រូជេស្ទើរ៉ូនមានការប្រែប្រួល។

13 . ច្រមុះឆាប់ធុំក្លិន មិនថាក្លិនអ្វីដែលនៅជុំវិញខ្លួននោះទេ អ្នកដែលកំពុងតាំងគភ៌នឹងអាចដឹងបានលឿនជាងមនុស្សទូទៅដែលជាលទ្ធផលមកពីអ័រម៉ូនអេស្រ្តូជេនដែលកើនឡើងហ្នឹងឯង។

14 . លក្ខណៈការហូបចុកផ្លាស់ប្តូរ អ្នកខ្លះអាចនឹងចង់ញ៉ាំរបស់ប្លែកៗ ដែលមិនធ្លាប់ញ៉ាំ ឬអ្នកខ្លះក៏អាចនឹងធុញទ្រាន់អាហារដែលខ្លួនធ្លាប់ចូលចិត្ត ឬជួនកាលក៏អាចចង់ញ៉ាំរបស់ជូរៗជាដើម។

ទាំងអស់នេះគឺ លក្ខណៈអាការទូទៅដែលកំពុងចង់ប្រាប់អ្នកថា អ្នកកំពុងតែជិតបានក្លាយជាអ្នកម្តាយគេហើយ តែទាំងអស់នេះ ម្នាក់ៗអាចនឹងមានអាការដែលបង្ហាញចេញមកមិនដូចគ្នាទេ អ្នកខ្លះអាចមានច្រើនជាង 10 ចំណុច ឬអ្នកខ្លះទៀតមានត្រឹមតែ 2 – 3ចំណុចក៏មាន ដូច្នេះវិធីដែលល្អ បើអ្នកចាប់ផ្តើមមានលក្ខណៈអាការដូចដែលបានប្រាប់ និងសង្ស័យថា កំពុងតាំងគភ៌ឬអត់នោះ ឡារ៉ែនសូមណែនាំឱ្យទៅទិញប្រដាប់ពិនិត្យគភ៌មកពិសោធមើល ឬទៅជួបគ្រូពេទ្យតែម្តងទើបជាការប្រសើរបំផុត៕

Advertisement