តើស្រ្តីមានផ្ទៃពោះញ៉ាំកាហ្វេបានឬទេ?

ជឿថា ស្រ្តីដែលកំពុងតាំងគភ៌ភាគច្រើនចូលចិត្តញ៉ាំកាហ្វេ ដែលចំណុចនេះអាចធ្វើឱ្យមនុស្សជាច្រើនកើតក្តីកង្វល់ថា នៅពេលញ៉ាំកាហ្វេទៅហើយនឹងមានផលប៉ះពាល់ដល់ការតាំងគភ៌ដែរឬទេ? មានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃដែរឬទេ? ព្រោះគ្រាន់តែតាំងចិត្តថាឈប់ញ៉ាំកាហ្វេភ្លាម មានអារម្មណ៍ថាចង់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ឬចង់ញ៉ាំ ក៏បារម្ភដល់គភ៌ និងកូនក្នុងផ្ទៃ ធ្វើឱ្យកើតមានអារម្មណ៍តានតឹងឡើងទៀត។ ដូច្នេះដើម្បីស្រាយចម្ងល់ជូនស្រ្តីមានគភ៌ដែលចូលចិត្តញ៉ាំកាហ្វេទាំងឡាយ ថ្ងៃនេះ ឡារ៉ែនមានចម្លើយអំពីរឿងនេះមកជម្រាបជូនទុកជាការសិក្សា។

ចម្លើយសម្រាប់សំណួរដែលសួរថា តើស្រ្តីមានគភ៌ញ៉ាំកាហ្វេបានឬទេ? ចម្លើយគឺ “បាន” តែបាននៅទីនេះគឺ ត្រូវញ៉ាំក្នុងបរិមាណប្រក្រតី ឬគួរ “កំណត់” បរិមាណកាហ្វេមិនឱ្យលើសពីមួយថ្ងៃ 300 មីល្លីក្រាមឡើយ។ ដោយសារតែសារធាតុកាហ្វេអ៊ីននៅក្នុងកាហ្វេអាចត្រូវបានបញ្ជូនបន្តតាមរយៈទងសុកឆ្ពោះទៅកាន់ទារកក្នុងគភ៌ ដែលបើសិនជាញ៉ាំក្នុងបរិមាណច្រើនជ្រុលពេក ក៏អាចនឹងមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃបាន ដូចជា ធ្វើឱ្យទារកចម្រើនធំធាត់យឺត ប្រថុយប្រថាននឹងការរលូត ប្រសូតមុនកំណត់ ឬប្រសូតចេញមកហើយ ទារកមានទម្ងន់ខ្លួនតិច ជាដើម។

តែទាំងអស់នេះ ស្រ្តីមានគភ៌ដែលញៀនកាហ្វេក៏មិនចាំបាច់ត្រូវកង្វល់ខ្វល់ខ្វាយខ្លាំងជ្រុលពេកដែរ ព្រោះនៅមិនទាន់មានរបាយការណ៍ពីខាងវេជ្ជសាស្រ្តមកថា ការញ៉ាំកាហ្វេធ្វើឱ្យមានគ្រោះថ្នាក់ដល់ទារកក្នុងគភ៌នៅឡើយ តែទោះយ៉ាងណាក៏វាមិនមែនបានន័យថា មានសុវត្ថិភាព 100 % នោះដែរ ដូច្នេះទើបស្រ្តីមានគភ៌គួរញ៉ាំកាហ្វេក្នុងបរិមាណដែលសមរម្យក្នុងមួយថ្ងៃៗ ឬប្រមាណជា 1 – 2 កែវតូចក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ ឬបើសិនអាចទៅរួច គួរបន្ថយបរិមាណចុះម្តងបន្តិចៗ រហូតដល់លែងញ៉ាំតែម្តងជាការល្អបំផុតរួចងាកមកញ៉ាំទឹកបន្លែ-ផ្លែឈើដែលមានប្រយោជន៍ជំនួសវិញ ព្រោះក្រៅពីមិនបាច់ចាំកង្វល់ព្រួយហើយនោះ ទឹកបន្លែ-ផ្លែឈើទាំងនោះថែមទាំងល្អចំពោះសុខភាពទាំងម្តាយទាំងកូនដែលនៅក្នុងផ្ទៃទៀតផង៕

Advertisement