9 អាការរបស់អ្នកចាប់ផ្តើមមានផ្ទៃពោះ ដែលនារីៗទាំងឡាយគួរដឹង

សញ្ញានៃការតាំងគភ៌មិនមែនមានត្រឹមតែការក្អួតចង្អោរប៉ុណ្ណោះទេ ព្រោះអាការរបស់អ្នកមានផ្ទៃពោះក្នុងរយៈដំបូងៗអាចមិនដូចគ្នាទាំងអស់នោះទេ អ្នកខ្លះចាញ់ខ្លាំង ឬអ្នកខ្លះសឹងតែគ្មានអាការចាញ់កូនសោះក៏មាន ឯអ្នកខ្លះទៀតកើតអាការប្លែកៗដែលធ្វើឱ្យយល់ច្រឡំថា ជាអាការជំងឺអ្វីមួយទៅវិញ ដូច្នេះនៅពេលនេះ ឡារ៉ែនសូមរួបរួមអាការរបស់អ្នកមានផ្ទៃពោះក្នុងលក្ខណៈផ្សេងៗមកជម្រាបជូនជ្រាប ជាពិសេសសម្រាប់នារីៗដែលមិនទាន់មានបទពិសោធក្នុងការតាំងគភ៌ដូចតទៅ។

1 . បាត់វដ្តរដូវ

បើវដ្តរដូវប្រចាំខែដែលធ្លាប់តែមកជាប្រក្រតីមិនដែលបាត់ តែដល់ពេលវេលាហើយនៅតែមិនឃើញមកទៀតនោះ បញ្ជាក់ថា អ្នកអាចកំពុងតាំងគភ៌ហើយ ព្រោះក្រោយពីការចាប់បដិសន្ធិ វដ្តរដូវនឹងបាត់លែងមក ដូច្នេះឡារ៉ែនសូមណែនាំឱ្យទៅទិញប្រដាប់ពិនិត្យការតាំងគភ៌មកមកធ្វើការពិនិត្យមើលទើបប្រាកដ។

2 . ក្អួតចង្អោរ

ជាអាការដែលជួបញឹកញាប់រហូតក្លាយជានិមិត្តសញ្ញារបស់ការតាំងគភ៌ក៏អាចថាបានដែរ។ អាការក្អួតចង្អោរច្រើនតែកើតឡើងក្រោយពីតួកំណើតចាប់បដិសន្ធិបាន 1 ខែ តែអាការនេះនឹងថមថយទៅវិញពេលចូលដល់ត្រីមាសទី 2។

3 . ធុំក្លិននេះ ធុំក្លិននោះ

អាការនេះបណ្តាលមកពីអ័រម៉ូន អេសត្រូជេនកើនឡើង នារីៗដែលកំពុងតាំងគភ៌អាចក្លាយជាមនុស្សពូកែច្រមុះ ធុំក្លិនអ្វីក៏ស្អុយរហូតដល់ចង់តែក្អួតទាំងអស់។ ពេលហ្នឹងហើយដែលតឱ្យសាច់គោឆាខាត់ណាដែលជាអាហារសំណព្វចិត្តក៏លែងភិសវង់ដែរ។

4 . ដើមទ្រូងហើម និងឈឺ

ដើមទ្រូងរបស់អនាគតអ្នកម្តាយត្រីមាសដំបូងអាចនឹងហើម ព្រោះមានឈាមរត់ចូលទៅចិញ្ចឹមនៅបរិវេណនោះច្រើនរហូតមានអារម្មណ៍ថាឈឺអួល រួមទាំងមានអារម្មណ៍ថាឆាប់ដឹងនៅពេលប៉ះនឹងអ្វីមួយស្រដៀងនឹងអាការមុនមានវដ្តរដូវដែរ។

5 . ឆាប់នឿយហត់

មានអារម្មណ៍ថានឿយល្វើយខ្លាំងណាស់ទាំងមិនបានធ្វើអ្វីសោះមែនទេ? មានអារម្មណ៍ងងុយងោកស្ងាបចង់គេងពេញមួយថ្ងៃមែនទេ? នេះអាចជាលទ្ធផលបណ្តាលពីកម្រិតអ័រម៉ូនប្រូជេស្ទើរ៉ូនដែលកើនឡើងយ៉ាងឆាប់រហ័ស តែមិនចាំបាច់កង្វល់ទេ ព្រោះចូលដល់ត្រីមាស2 កម្លាំងថាមពលរបស់អ្នកនឹងត្រឡប់មកវិញមិនខាន។

6 . មានឈាមចេញមកតាមរន្ធស្បូន

អំឡុងពេលដែលតួកំណើតទម្លាក់ខ្លួនចូលទៅក្នុងស្បូន អនាគតអ្នកម្តាយមួយចំនួនអាចនឹងមានឈាមហូរចេញមកតាមរន្ធស្បូន។ អាការនេះច្រើនកើតឡើងក្រោយពីតួកំណើតចាប់បដិសន្ធិបាន 11-12 ថ្ងៃ(ពេលជាមួយគ្នានឹងពេលដែលអ្នកចាប់ផ្តើមសង្កេតដឹងថាបាត់វដ្តរដូវ)។ ឈាមដែលហូរចេញមកច្រើនតែមានពណ៌ស្លេកៗ ឬពណ៌ផ្កាឈូក ហើយនឹងឈប់ហូរចេញមកក្នុរយៈពេល 1-2 ថ្ងៃ។ យ៉ាងណាក៏ដោយ បើស្រ្តីដឹងខ្លួនថា តាំងគភ៌ហើយ និងឃើញថាមានឈាមហូរចេញមកតាមរន្ធស្បូនរួមជាមួយអាការឈឺពោះផងនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចជាសញ្ញានៃសភាវកូនក្រៅស្បូនក៏អាចថាបានដែរ។

7 . ពោះឡើងប៉ោង

ឈប់ៗ! កុំអាលភ្ញាក់ផ្អើលអី អ្នកនៅមិនទាន់ក្លាយជាស្រ្តីតាំងគភ៌ពោះប៉ោងមូលតាំងពីត្រីមាសដំបូងនោះទេ ក្បាលពោះដែលរាបស្មើរបស់អ្នកគ្រាន់តែរាងធំចេញមកបន្តិច និងមានអារម្មណ៍ថា ចង្កេះខោរាងណែនជាងមុនបន្តិចប៉ុណ្ណោះ។

8 . បត់ជើងតូចញឹកញាប់

អាការឈឺបត់ជើងតូចញឹកញាប់ ជារឿងប្រក្រតីរបស់ស្រ្តីដែលចាប់ផ្តើមមានគភ៌ ព្រោះរាងកាយនឹងផលិតឈាមទៅចិញ្ចឹមផ្នែកផ្សេងៗកាន់តែច្រើនឡើង ធ្វើឱ្យក្រលៀនបញ្ចេញកាកសំណល់ក្នុងរូបភាពជាវត្ថុរាវច្រើនឡើងតាមនោះដែរ។

9 . មានអាការទល់លាមក

មូលហេតុបណ្តាលមកពីការប្រែប្រួលរបស់រាងកាយនៅពេលមានការតាំងគភ៌ ធ្វើឱ្យការច្របាច់ខ្លួនរបស់ពោះវៀនថយចុះ ស្បូនអាចនឹងទៅសង្កត់លើពោះវៀនធំ។ ការកែបញ្ហារឿងទល់លាមកនៅពេលតាំងគភ៌នេះគឺ ព្យាយាមទទួលទានអាហារដែលមានជាតិកាកសរសៃច្រើន(បន្លែផ្លែឈើ) ញ៉ាំទឹកច្រើនៗ និងហាត់ប្រាណបន្តិចៗល្មមសមរម្យ នឹងជួយកែបញ្ហារឿងទល់លាមកនេះបាន។

បើវដ្តរដូវរបស់អ្នកមកមិនប្រក្រតីស្រាប់ហើយ ឬភ្លេចចាំថា មានវដ្តរដូវលើកចុងក្រោយនៅពេលណានោះ អាការទាំងអស់ខាងលើគឺជាកត្តាជួយបញ្ជាក់ប្រាប់ថា អ្នកអាចកំពុងតាំងគភ៌ហើយ ចូរសាកល្បងទៅទិញប្រដាប់ពិនិត្យគភ៌មកពិនិត្យមើល បើលទ្ធផលចេញមកវិជ្ជមាន សូមកុំអាលស្រែកប្រកាសប្រាប់នរណា តែចូរទូរស័ព្ទទៅណាត់គ្រូពេទ្យដើម្បីពិនិត្យឱ្យប្រាកដម្តងទៀតទើបជាការល្អ៕

Advertisement