ក្មេងអាយុតិចជាង 2 ខួប គួរចៀសវាងអាហារណាខ្លះ?

ទោះជាកូនតូចជាទីស្រឡាញ់របស់យើងអាចញ៉ាំអាហារផ្សេងៗក្រៅពីទឹកដោះបានតាំងពីអាយុ 6 ខែឡើងទៅក៏ដោយ តែដោយសារតែរាងកាយរបស់គេនៅមិនទាន់រឹងប៉ឹង និងមិនទាន់វិវឌ្ឍបានពេញទំហឹង ទើបមិនអាចញ៉ាំអាហារបានគ្រប់យ៉ាងនោះទេ ដូច្នេះអាហារដែលក្មេងតូចអាយុតិចជាង 2 ខួបគួរចៀសវាងនោះមានដូចខាងក្រោមនេះ ៖

ទឹកឃ្មុំ

អ្នកម្តាយជាច្រើននិយមដាក់ទឹកឃ្មុំលាយនៅក្នុងថ្នាំដែលមានរសជាតិល្វីងឱ្យកូនញ៉ាំ តែដឹងឬទេថា ទឹកឃ្មុំអាចបង្កគ្រោះថ្នាក់ដល់ពោះវៀនរបស់ក្មេងតូចៗបាន ដោយវានឹងធ្វើឱ្យកើតអាការចុកពោះ ឆ្អល់ទល់លាមក និងនៅលើក្មេងខ្លះអាចនឹងធ្ងន់ធ្ងរដល់ថ្នាក់ប្រព័ន្ធខាងក្នុងរាងកាយគាំងដោយសារខ្វះជាតិទឹកក៏មានដែរ ដូច្នេះមិនគួរឱ្យកូនតូចដែលមានអាយុតិចជាង 2 ឆ្នាំញ៉ាំទឹកឃ្មុំជាដាច់ខាត ទោះជាទឹកឃ្មុំដែលឆ្លងកាត់ការសម្លាប់មេរោគហើយក៏ដោយ។

ម្ហូបអាហារស្ទើរឆៅ ស្ទើរឆ្អិន

អាហារប្រភេទស្ទើរឆៅ ស្ទើរឆ្អិន ភាគច្រើននឹងមានមេរោគបាក់តេរី និងសត្វល្អិត (អៀន ព្រូន)ដែលរាងកាយរបស់ក្មេងតូចៗដែលមានអាយុក្រោម 2 ឆ្នាំមិនអាចតតាំងជាមួយមេរោគទាំងនោះបានទេ ទើបអាចធ្វើឱ្យក្មេងតូចមានអាការឈឺថ្កាត់ និងទទួលរងគ្រោះថ្នាក់បាន ដូច្នេះការចម្អិនអាហារឱ្យកូនតូច គួរចម្អិនឱ្យបានឆ្អិនល្អជានិច្ច មិនថាតែស៊ុតមាន់ទា ឬសាច់សត្វអ្វីក៏ដោយ និងគួរចម្អិនឱ្យផុយទន់ ដើម្បីឱ្យកូនតូចងាយស្រួលទំពាផង។

អាហាររសជាតិប្រៃ

ដោយសារតែក្មេងតូចវ័យតិចជាង 2 ឆ្នាំ ក្រលៀនរបស់ពួកគេនៅមិនទាន់អាចធ្វើការបានពេញទំហឹង និងស្ថិតក្នុងអំឡុងពេលអភិវឌ្ឍន៍នោះ ទើបមិនអាចត្រងចម្រាញ់អាហារដែលមានរសជាតិប្រៃខ្លាំងនោះបានទេ ដែលវានឹងហុចផលឱ្យក្រលៀនត្រូវធ្វើការធ្ងន់ និងខ្លាំងជាងប្រក្រតី រហូតអាចនឹងប្រថុយនឹងការកើតជំងឺក្រលៀននៅទីបំផុត។ ដូច្នេះអ្នកម្តាយមិនគួរឱ្យកូនតូចញ៉ាំអាហារណាដែលមានរសជាតិប្រៃខ្លាំង ឬអាហារដែលបន្ថែមគ្រឿងដោយអំបិលឡើយ ព្រោះយ៉ាងណាក៏នៅក្នុងសាច់សត្វ និងបន្លែផ្សេងៗនោះ​តែងមានរសជាតិល្អស្រាប់ហើយ។

អាហារដែលមានរសជាតិផ្អែម

សម្រាប់ក្មេងដែលមានអាយុតិចជាង 2 ឆ្នាំ អាហារដែលមានរសជាតិផ្អែមខ្លាំង ឬមានការបន្ថែមរសជាតិដោយស្ករច្រើន ក៏ជាមុខម្ហូបមួយទៀតដែលក្មេងតូចគួរចៀសវាងដែរ ព្រោះភាពផ្អែមទាំងនោះអាចធ្វើឱ្យកូនតូចប្រថុយប្រថាននឹងការកើតជំងឺទឹកនោមផ្អែមតាំងពីក្មេង កើតរោគធាត់ និងអាចក្លាយជាមនុស្សដែលញៀនរសជាតិផ្អែមនៅពេលធំទៅ។ មិនមែនត្រឹមតែអាហារប៉ុណ្ណោះទេ តែរួមទាំងភេសជ្ជៈផ្សេងៗ ជាពិសេសទឹកភេសជ្ជៈកំប៉ុង និងភេសជ្ជៈដែលមានលាយដោយស្ករផងដែរ។

អាហារដែលមានជាតិខ្លាញ់ខ្ពស់

ការញ៉ាំអាហារដែលមានខ្លាញ់ច្រើន នឹងធ្វើឱ្យកូនតូចមានបញ្ហាកើតរោគធាត់ និងអាចមានផលអាក្រក់ប៉ះពាល់ដល់សុខភាពជាច្រើនទៀតតាមមកនាពេលអនាគតទៀតផង ដូច្នេះដើម្បីសុខភាពដ៏ល្អរបស់កូន គួរចៀសវាងអាហារដែលមានខ្លាញ់ ឬជាតិខ្លាញ់ច្រើនយ៉ាងដាច់ខាត។

ទាំងអស់នេះគឺអាហារដែលកូនតូចវ័យតិចជាង 2 ឆ្នាំគួរតែចៀសវាង ព្រោះសុទ្ធតែធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនខ្លាំងបំផុត ដូច្នេះក្មេងក្នុងវ័យនេះ ឪពុកម្តាយគួរតែយកចិត្តទុកដាក់ក្នុងរឿងអាហារការហូបចុកជាចម្បង ដោយធ្វើការជ្រើសរើសភោជនាហារណាដែលល្អសម្រាប់គេ និងចៀសពីអាហារហាមឃាត់គ្រប់ប្រភេទ៕

Advertisement