ប្រយោជន៍របស់ការអាំងភ្លើងដែលស្រ្តីប្រសូតបុត្ររួចគួរតែដឹង…

ជារឿងដែលស្រ្តីក្រោយប្រសូតនាំគ្នាធ្វើមកតាំងពីបុរាណ ការអាំងភ្លើងនឹងធ្វើឱ្យស្រ្តីក្រោយប្រសូតមានអារម្មណ៍ស្រួលខ្លួនធូរស្រាលអារម្មណ៍ សាច់ស្បែកតឹងណែនភ្លឺថ្លា។ ការអាំងភ្លើង ឬការនៅលើភ្លើង នៅពេលពិចារណាមើលហើយ វាជារឿងល្អសម្រាប់ស្រ្តីទើបឆ្លងទន្លេហើយថ្មីៗ បើសិនជាអាចទៅរួចស្រ្តីទើបឆ្លងទន្លេរួចគួរតែអាំងភ្លើង តែបើមិនត្រូវធាតុគ្នាជាមួយភ្លើង ស្រ្តីឆ្លងទន្លេរួចត្រូវធ្វើឱ្យរាងកាយកក់ក្តៅជាប់ជានិច្ច ដូចជា ងូតទឹកក្តៅឧណ្ហៗ ញ៉ាំទឹកក្តៅឧណ្ហ។ល។

ប្រយោជន៍របស់ការអាំងភ្លើង

ពេទ្យបែបផែនបុរាណជឿថា ការអាំងភ្លើង ឬការនៅលើភ្លើងក្រោយពេលឆ្លងទន្លេរួចនេះជួយកាត់បន្ថយអាការឈឺចុករួយ ឬអាការរលាកបរិវេណសាច់ដុំឆ្អឹងខ្នង ឬជើង និងជួយកាត់បន្ថយអាការរងាញ័រញាក់ដោយសារការសម្រួលសីតុណ្ហភាពរបស់រាងកាយដែលកើតពីការបាត់បង់ឈាមច្រើនក្រោយពេលប្រសូត ជួយឱ្យស្បូនឆាប់ជាសះប្រក្រតីឡើងវិញ និងការពារការឆ្លងមេរោគក្នុងប្រអប់ស្បូនក្រោយពេលប្រសូត។

ការអាំងភ្លើងជួយរឹបពង្រឹត

តាមរយៈបទពិសោធន៍ដោយផ្ទាល់របស់ចាស់ៗជំនាន់យាយៗសុទ្ធតែបានប្រាប់ថា ការអាំងភ្លើងធ្វើឱ្យប្រព័ន្ធឈាមរត់ហូរវិលបានល្អឡើង និងគ្មានអាការរងាញាក់ ឬឈឺចុករួយអ្វីឡើយ និងជួយពង្រឹតរឹបរាងកាយឱ្យឆាប់ប្រក្រតីឡើងវិញ។

ការអាំងភ្លើង ឬការនៅលើភ្លើងកាលពីសម័យមុន

ការអាំងភ្លើងកាលពីសម័យមុនមាន 2 បែប គឺបង្កាត់ភ្នក់ភ្លើងតូចមួយនៅក្បែរខ្លួនម្តុំៗក្បាលពោះ និងការបង្កាត់ភ្នក់ភ្លើងនៅពីក្រោមគ្រែឬស្សីដោយមានស្រ្តីទើបឆ្លងទន្លេរួចគេងពីលើ និងភាគច្រើនចាស់ៗបុរាណនិយមធ្វើតាមបែបទីពីរនេះ ដោយមានសាច់ញាតិ ឬប្តីនៅចាំមើលភ្លើងអុស។ ចាស់ៗបុរាណជឿថា ក្រោយពេលប្រសូតបុត្ររួចស្រ្តីគួរតែបានអាំងភ្លើងពី 7 – 15 ថ្ងៃ។

ការអាំងភ្លើងសម័យថ្មី

ការអាំងភ្លើងសម័យនេះងាយស្រួលជាងសម័យមុនច្រើនណាស់ មានទូក្រណាត់ឃ្លុំត្រឹមកដែលអាចធ្វើបានយ៉ាងងាយស្រួលនៅក្នុងផ្ទះដោយមានចង្រ្កានភ្លើង និងក្អមដាក់ឱសថបុរាណសប្រាប់ស្រ្តីទើបឆ្លងទន្លេរួចឆ្ពុងរាងកាយទៀតផង។ អាចនិយាយបានថាជាវិវឌ្ឍនាការថ្មីដែលក្លាយមកពីការបង្កាត់ភ្នក់ភ្លើងនៅក្បែរក្បាលពោះស្រ្តីទើបឆ្លងទន្លេរួចភ្លាមហ្នឹងឯង៕

Advertisement