រឿងដែលស្វាមីគួរដឹង មុននាំភរិយាគ្រប់ខែទៅប្រសូត

ការមើលថែទាំសុខភាពខណៈតាំងគភ៌ក្នុងអំឡុងពេលជិតប្រសូត ស្រ្តីមានគភ៌អាចនឹងមានអារម្មណ៍ធុញថប់តានតឹង និងកង្វល់ក្នុងចិត្តជាច្រើនរឿង តែរឿងនេះលោកប្តីអាចជួយបាន។ ថ្ងៃនេះ ឡារ៉ែនមានគន្លឹះល្អៗក្នុងការមើលថែភរិយាដែលមានផ្ទៃពោះគ្រប់ខែជិតប្រសូត 9 ចំណុចងាយៗ ដែលស្វាមីអាចធ្វើបានយ៉ាងពិតប្រាកដ។

1 . ចំណីអាហារ ៈ ស្វាមីត្រូវមើលថែទាំរឿងអាហារការហូបចុកសម្រាប់ភរិយាមានគភ៌តាំងពីអំឡុងពេលដំបូងៗ ជាពិសេសការជួយឱ្យភរិយាបានញ៉ាំអាហារគ្រប់ 5 ប្រភេទក្រុមយ៉ាងគ្រប់គ្រាន់ ហើយក្នុងអំឡុងត្រីមាសចុងក្រោយ ត្រូវមើលថែទាំរឿងអាហារយ៉ាងស័ក្តិសម ព្រោះអំឡុងពេលចុងក្រោយនៃការតាំងគភ៌ ស្រ្តីមានគភ៌ត្រូវប្រយ័ត្នរឿងទម្ងន់ខ្លួនឡើងខ្លាំងជ្រុល។ គួរញ៉ាំអាហារដែលស្អាត ប្រយ័ត្នមេរោគ និងការឆ្លងមេរោគ រឹតតែបើឆ្លងមេរោគខាងផ្លូវអាហារផងនោះ វាអាចនឹងជំរុញឱ្យប្រសូតមុនកំណត់បាន។

2 . ការហាត់ប្រាណ ៈ មុនពេលប្រសូតស្រ្តីមានគភ៌អាចមិនសូវជាស្រួលសប្បាយខ្លួនប៉ុន្មានឡើយ តែក៏នៅតែអាចហាត់ប្រាណស្រាលៗដើម្បីសម្រាលអាការចុករួយបានដែរ ដោយស្វាមីអាចនឹងហាត់ប្រាណកំដរជាមួយ ឬនៅចាំធ្វើម៉ាស្សាខ្នងផ្នែកក្រោមធ្វើម៉ាស្សា-ក ស្មា ដើម្បីសម្រាលភាពតានតឹងរបស់សាច់ដុំ ជួយត្រៀមទឹកក្តៅឧណ្ហៗសម្រាប់ត្រាំបាតជើង ធ្វើម៉ាស្សាជើង ក៏នឹងជួយកាត់បន្ថយអាការហើមជើងរបស់ភរិយាបានយ៉ាងល្អដែរ។

3 . នៅចាំសង្កេតមើលអាការខុសប្រក្រតីដែលត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ ៈ ស្រ្តីមានគភ៌ថ្មីថ្មោងដែលនៅមិនទាន់មានបទពិសោធ ត្រូវអាស្រ័យការសង្កេតមើលពីសំណាក់ស្វាមីផងដែរ ដោយអាការខុសប្រក្រតីដែលបញ្ជាក់ប្រាប់អំពីការប្រសូតមានដូចជា ពោះឡើងរឹង ឈឺពោះជិតប្រសូត បែកទឹកភ្លោះជាដើម។ ស្វាមីអាចប្រឹក្សាជាមួយគ្រូពេទ្យឱ្យដឹងច្បាស់ថា តើអាការបែបណាទើបហៅថា បែកទឹកភ្លោះ ឬមានទឹករំអិលឈាមចេញតាមរន្ធស្បូន បញ្ជាក់ពីសភាវដែលមាត់ស្បូនបើក ជាដើម។ ក្រៅពីនេះស្វាមីត្រូវនៅចាំសង្កេតមើល បើកូនក្នុងផ្ទៃមិនសូវរើ ឬមិនរើតែម្តង ឬភរិយាមានអាការខុសប្រក្រតីពាក់ព័ន្ធនឹងរោគជ្រៀតជ្រែក ឬជំងឺប្រចាំកាយផង ព្រោះអំឡុងពេលចុងក្រោយរបស់ការមានគភ៌នេះមានភាពប្រថុយប្រថានខ្ពស់ ការប្រែប្រួលខាងរាងកាយ ឬអ័រម៉ូនប្រែប្រួល បើរោគទាំងនោះកម្រើកឡើងអាចហុចផលប៉ះពាល់ដល់ជីវិតរបស់ភរិយា និងកូនបាន។

4 . យកចិត្តទុកដាក់យ៉ាងល្មមសមរម្យ ៈ ក្រៅពីនៅចាំសង្កេតមើលអាការខុសប្រក្រតីហើយនោះ គួរសួរនាំពីអាការ និងបបួលភរិយាធ្វើកិច្ចការងាររួមគ្នាដើម្បីបន្ធូរបន្ថយខាងអារម្មណ៍ ដូចជា ធ្វើម្ហូបម្ហា មើលកុន ស្តាប់ភ្លេងជាមួយគ្នានៅនឹងផ្ទះ (ព្រោះភរិយាអាចនឹងមិនងាយស្រួលក្នុងការចេញទៅក្រៅ) ជាដើម។

5 . និយាយលេងជាមួយភរិយា និងកូនក្នុងផ្ទៃភរិយា ៈ ក្រៅពីបន្ធូរបន្ថយអារម្មណ៍ភរិយាហើយ នៅជាវិធីជំរុញវិវឌ្ឍនាការរបស់កូនតូចបានទៀតផង។

6 . ត្រៀមខ្លួនមុនប្រសូត ៈ ចាប់ផ្តើមពីការប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងវិធីការប្រសូត ទោះជាភរិយាចង់ជ្រើសរើសយកការវះប្រសូត ឬប្រសូតតាមធម្មជាតិក៏ដោយ ព្រោះទាំង 2 បែបមានការត្រៀមខ្លួន និងការមើលថែទាំខុសប្លែកពីគ្នា។

7 . ស្វាមីគួរមានចំណែករួមក្នុងការពិចារណាជ្រើសរើសមន្ទីរពេទ្យ ៈ មិនថាតែរឿងរបស់ភរិយាដែលមានជំងឺប្រចាំកាយ ឬ រឿងរបស់កូនតូចក្រោយពេលប្រសូតនោះឡើយ។ ការពិចារណាពីមន្ទីរពេទ្យដែលមានអ្វីៗគ្រប់ ជ្រើសរើសក្រុមគ្រូពេទ្យដែលមានអារម្មណ៍ជឿជាក់ក្នុងចិត្ត នឹងជួយឱ្យមានអារម្មណ៍សប្បាយនឹងធូរស្រាលបាន។

8 . ជាអ្នកមើលថែទាំភរិយាពេលជិតប្រសូត ៈ ស្វាមីគួរនៅមើលថែទាំភរិយាយ៉ាងជិតដិតគ្រប់ពេលវេលា តែបើមានធុរៈប្រញាប់បន្ទាន់ ឬមិនអាចនៅមើលបាន គួរឱ្យសាច់ញាតិជិតស្និទ្ធ ដូចជា ឪពុកក្មេកម្តាយក្មេក បងប្អូនខាងខ្លួនឯង ឬសាច់ថ្លៃ មកជួយមើលថែទាំភរិយាយ៉ាងជិតដិតផង។

9 . រៀបចំចាត់ត្រៀមសភាពបរិស្ថានជុំវិញខ្លួនសម្រាប់កូនតូច ៈ មិនថាជាឧបករណ៍ របស់របរប្រើប្រាស់សម្រាប់កូនតូច បន្ទប់គេងរបស់កូន ទីកន្លែងសម្រាប់កូនតូច ចាត់ចែងរៀបចំសភាពខាងក្នុងផ្ទះឱ្យរួចជាស្រេច 2 ខែមុននឹងដល់កំណត់ប្រសូត៕

Advertisement