ពាក្យសម្តីពិរោះៗ 7 ប្រយោគដែលឪពុកម្តាយគួរប្រាប់កូនសម្លាញ់រាល់ថ្ងៃច័ន្ទ

បើលោកឪពុកអ្នកម្តាយគិតថា ទង្វើដែលសម្តែងចេញថា ស្រឡាញ់កូនដោយមិនចាំបាច់ប្រាប់ មិនចាំបាច់និយាយអ្វីរាល់ថ្ងៃច្រើនគឺជារឿងល្អ និងគ្រប់គ្រាន់ហើយនោះ សូមប្រាប់ទៅចុះថា លោកអ្នកកំពុងតែគិតខុសហើយ ព្រោះជួនកាលទង្វើដែលបង្ហាញពីសេចក្តីស្រឡាញ់ បើគ្មានពាក្យសម្តីទេនោះ កូនរបស់អ្នកអាចគ្មានផ្លូវដឹងពិតប្រាកដបានឡើយថា ប៉ាម៉ាក់ស្រឡាញ់គេប៉ុនណា ដូច្នេះ ឡារ៉ែន សូមណែនាំថា លោកឪពុកអ្នកម្តាយគួរតែចាប់ផ្តើមប្រើ ពាក្យសម្តីពិរោះ 7 ប្រយោគខាងក្រោមនេះប្រាប់ទៅកូនសម្លាញ់របស់អ្នកឱ្យបានរៀងរាល់ថ្ងៃ ធានាថា នឹងជួយភ្ជាប់សម្ព័ន្ធភាពឪពុក ម្តាយ កូនបានយ៉ាងពិតប្រាកដ ថែមទាំងជាការបង្ហាត់បង្រៀនកូនសម្រាប់ពេលអនាគតទៀតផង។

– ប៉ាម៉ាក់ស្រឡាញ់កូនណា៎

ក្មេងគ្រប់រូបត្រូវការសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងអារម្មណ៍ថាមានសុវត្ថិភាពពីឪពុកម្តាយរបស់ពួកគេ ការដែលប្រាប់ថា ស្រឡាញ់កូនឱ្យកូនបានឮរៀងរាល់ថ្ងៃនេះហើយ ជាវិធីដែលងាយបំផុតក្នុងការធ្វើឱ្យគេមានអារម្មណ៍ថាបានទទួលសេចក្តីស្រឡាញ់ ព្រោះទោះជាអ្នកធ្វើអ្វីគ្រប់យ៉ាងដល់គេដោយក្តីស្រឡាញ់ តែគ្មានពាក្យនេះចេញពីមាត់នោះ ជឿចុះថា ការទទួលដឹងចំពោះរឿងនេះ វាខុសគ្នាយ៉ាងពិតប្រាកដ។

– កូនធ្វើឱ្យប៉ា និងម៉ាក់មានសេចក្តីសុខណាស់

សម្រាប់មនុស្សដែលជាឪពុកម្តាយនោះ កូនគឺសេចក្តីសុខ និងសេចក្តីស្រឡាញ់បែបដែលគ្មាននរណាប្រៀបផ្ទឹមបាន ដែលបើមានអារម្មណ៍ដូច្នេះហើយ ក៏កុំរវល់តែអៀនប្រៀន ឬរង់ចាំពេលវេលាក្នុងការប្រាប់នោះ ព្រោះមិនប្រាកដដែរថា វាអាចនឹងជ្រុល ឬ​ហួសពេលទៅហើយក៏អាចថាបានដែរ ដូច្នេះគួរនិយាយប្រាប់ពីអារម្មណ៍ល្អៗដល់គេនៅថ្ងៃនេះ និងរាល់ៗថ្ងៃទៅប្រសើរជាង។

– ប៉ា និង ម៉ាក់ដឹងថាកូនច្បាស់ជាធ្វើបាន

ជាធម្មតាពេលដែលកូនធំធាត់ឡើង និងរៀនយល់ដឹងពីរឿងថ្មីៗរៀងរាល់ថ្ងៃ និងជាញឹកញាប់ណាស់ដែលពួកគេមានអារម្មណ៍ស្ទាក់ស្ទើរ ឬខ្លាចក្នុងការសាកល្បងធ្វើអ្វីថ្មីៗ ដូច្នេះលោកឪពុកអ្នកម្តាយគួរនិយាយរៀងរាល់ថ្ងៃថា កូនធ្វើបានស្រាប់ទៅហើយដើម្បីជាការសាងភាពជឿជាក់ និងផ្តល់នូវអារម្មណ៍សប្បាយចិត្តដែលដឹងថា លោកអ្នកជឿជាក់លើរូបគេ។

– ប៉ា និងម៉ាក់អត់ទោសឱ្យកូនណា៎

វាត្រូវតែមានថ្ងៃណាមួយមិនខានដែលកូនរបស់អ្នកនឹងធ្វើអ្វីមួយខុសដោយសារតែភាពមិនដឹងរបស់គេ តែជំនួសឱ្យការស្តីបន្ទោស ឬដាក់ទោសពួកគេ ព្រោះក្តីខឹងសម្បាដែលមិនបានតាំងចិត្តនោះ សូមសាកល្បងប្តូរមកជាការបង្រៀនគេស្រួលៗដោយពាក្យថាអភ័យទោសឱ្យវានឹងប្រសើរជាង វិធីនេះគឺជាការបង្រៀនឱ្យក្មេងស្គាល់ពីការអត់ទោសផងដែរ និងបង្ហាញចេញឱ្យឃើញថា លោកអ្នកស្រឡាញ់គេខ្លាំងប៉ុនណាទៀតផង។

– ប៉ា និងម៉ាក់សុំទោសណា៎កូនណា៎

សូមជឿចុះថា មានលោកឪពុកអ្នកម្តាយជាច្រើនអៀនខ្មាស់ក្នុងការនិយាយពាក្យនេះចេញមក តែសូមប្រាប់ទៅចុះថា នៅពេលណាដែលលោកឪពុកអ្នកម្តាយធ្វើខុស មិនថាតិច ឬច្រើនក៏ដោយ គួរតែពោលពាក្យថា សុំទោសឱ្យកូនបានឮ ហើយពាក្យនេះអាចរាប់បានថាជាការបង្ហាត់កូនឱ្យស្គាល់ពីការសុំទោសអ្នកដទៃពេលដែលខ្លួនឯងធ្វើខុសផងដែរ។

– ប៉ា និងម៉ាក់ទទួលស្តាប់កូនជានិច្ច

គ្មានអ្នកណាម្នាក់ដែលកូនចង់និយាយចង់ប្រាប់គ្រប់រឿងរ៉ាវបានខ្លាំងជាងឪពុក និងម្តាយទៀតឡើយ ដូច្នេះបើលោកអ្នកមិនដែលទទួលស្តាប់កូនសោះនោះ តទៅពេលមានរឿងអ្វី គេក៏ប្រហែលជាមិនហ៊ានប្រាប់អ្នកឡើយ ដូច្នេះគួរតែប្រាប់ឱ្យកូនបានដឹងរាល់ថ្ងៃថា លោកអ្នកត្រៀមជាស្រេចក្នុងការទទួលស្តាប់គេជានិច្ច និងទទួលស្តាប់គ្រប់ៗរឿងទៀតផង ត្រឹមតែប៉ុណ្ណឹងគេក៏សប្បាយចិត្តក្នុងការនិយាយប្រាប់គ្រប់រឿងរ៉ាវឱ្យអ្នកបានដឹងបាត់ទៅហើយ។

– ប៉ា និងម៉ាក់មានមោទនភាពលើរូបកូនណាស់

ពេលដែលកូនធ្វើអ្វីល្អៗដែលធ្វើឱ្យអ្នកមានអារម្មណ៍រំភើបចិត្តនោះ ក៏កុំគិតតែពីធ្វើព្រងើយ តែគួរប្រាប់គេផងថា លោកអ្នកមានមោទនភាពលើរូបគេខ្លាំងប៉ុនណា ជឿចុះថាត្រឹមតែពាក្យសម្តីងាយៗមួយម៉ាត់នេះ នឹងសាងនូវកម្លាំងចិត្តដល់កូនឱ្យធ្វើតែរឿងល្អៗយ៉ាងមិននឹកស្មានដល់មិនខាន។

ឃើញទេថា ត្រឹមតែនិយាយ 7 ប្រយោគងាយៗទាំងនេះ ក៏នឹងជួយសាងកម្លាំងរុញច្រានឱ្យកើតរឿងល្អៗឡើងជាច្រើនមិនខាន ដូច្នេះចូរកុំខ្មាស់អៀនក្នុងការនិយាយប្រាប់កូនឱ្យបានរៀងរាល់ថ្ងៃណា៎៕

Advertisement