ពិតមែនឬ? តឹងរ៉ឹងជាមួយកូនជ្រុលពេក នឹងធ្វើឱ្យកូនចេះកុហក…

ការចិញ្ចឹមកូនគឺជាចំណោទដ៏ពិបាកមួយសម្រាប់លោកឪពុកអ្នកម្តាយ ព្រោះគ្រប់គ្នាសុទ្ធតែតាំងសេចក្តីសង្ឃឹមឱ្យកូនធំធាត់ ឡើងក្លាយជាក្មេងល្អ មានអនាគតភ្លឺថ្លា រហូតដល់អាចភ្លេចខ្លួនធ្វើម៉ឺងម៉ាត់តឹងរ៉ឹងជាមួយកូនខ្លាំងហួសហេតុពេក ដែលរឿងនេះវានឹងធ្វើឱ្យក្មេងចេះភូតកុហកដើម្បីយករួចខ្លួនរហូតក្លាយជាទម្លាប់មិនល្អមួយ និងអាចនឹងមានផលប៉ះពាល់ដល់សង្គមគ្រួសារ និងខ្លួនគេនាពេលអានាគតទៀតផង។

អ្នកចិត្តវិទ្យាកុមារនិយាយថា អាណាព្យាបាលដែលតឹងរ៉ឹងម៉ឺងម៉ាត់លើរបៀបវិន័យ ច្រើនតែសាងអារម្មណ៍ថាមិនមានសុវត្ថិភាពដល់កុមារ ហើយរឿងនោះធ្វើឱ្យបណ្តាក្មេងតូចៗទាំងនោះមិនហ៊ានប្រាប់ការពិត ព្រោះមានអារម្មណ៍វិតក្កកង្វល់ និងស្ទាក់ស្ទើរក្នុងចិត្តថា បើសិនជាប្រាប់ការពិតទៅហើយ អាចនឹងត្រូវទទួលទោសឬអត់? ទើបជ្រើសរើសក្នុងការលាក់បាំង និងកុហកតែម្តងដើម្បីកុំឱ្យខ្លួនឯងត្រូវស្តីបន្ទោស។

អ្នកជំនាញចិត្តវិទ្យាកុមារបាននិយាយពីចំណុចនេះបន្ថែមយ៉ាងគួរឱ្យចាប់អារម្មណ៍ថា បើអ្នកតឹងរ៉ឹងជាមួយក្មេង ក្មេងនឹងមានអារម្មណ៍ថាមានសម្ពាធ និងខ្លាចមិនហ៊ាននិយាយការពិត ហើយកុហកដើម្បីគេចបញ្ហា រឹតតែពាក្យភូតកុហកនោះមិនត្រូវបានតវ៉ាអ្វីផងនោះ ក្មេងនឹងសាងពាក្យកុហករហូតទៅដោយមិនដឹងខ្លួន។ ផ្ទុយទៅវិញ អាណាព្យបាលអាចធ្វើឱ្យក្មេងៗមានអារម្មណ៍ថាធូរស្រាលបាន ដោយការមិនតាមទៅចាប់កំហុសគ្រប់ជំហាននោះទេ នោះលោកអ្នកនឹងចូលទៅរកពួកក្មេងៗបានយ៉ាងសប្បាយចិត្ត តែបើសិនលោកអ្នកនៅតែជ្រើសរើសក្នុងការម៉ឺងម៉ាត់តឹងរ៉ឹង និងកាចសាហាវជាមួយក្មេងៗនោះ វាក៏មិនបានធ្វើឱ្យស្ថានការណ៍ល្អឡើងឡើយ វាមានតែអាក្រក់ទៅៗតែប៉ុណ្ណោះ។

ចុងក្រោយនេះ ឡារ៉ែនចង់ជម្រាបថា ឪពុកម្តាយ និងអាណាព្យាបាលក៏ធ្លាប់ជាកុមារពីមុនមកដែរ ចូរសាកល្បងធ្វើការយល់ដឹងក្នុងទស្សនៈរបស់ពួកគេវិញម្តង និងបើកដើមទ្រូងនិយាយគ្នាដោយត្រង់ ប្រាសចាកកំហឹង វានឹងក្លាយជាវិធីកែបញ្ហាបានល្អបំផុតមួយ ដើម្បីសាងសម្ព័ន្ធភាពដ៏ល្អដល់កូនៗរបស់លោកអ្នកខ្លួនឯងហ្នឹងឯង៕

Advertisement