5 រឿងដែលគួរជៀសវាងនៅពេលមានកូន…ឪពុកម្តាយថ្មោងថ្មីគួរតែដឹង!

អាចហៅបានថា ជាការចាប់ផ្តើមក្លាយជាលោកឪពុកអ្នកម្តាយថ្មោងថ្មីហើយ នៅពេលមានសមាជិកថ្មីតូចមួយទៀតមកនៅក្នុងផ្ទះជាមួយដែរ គឺជាការផ្លាស់ប្តូរដ៏ធំមួយក៏អាចថាបានដែរ ព្រោះអ្វីដែលធ្លាប់ធ្វើរហូតធ្លាប់ខ្លួន ឬអ្វីដែលចូលចិត្តធ្វើជាប្រចាំរាល់ថ្ងៃនោះ នឹងលែងបានធ្វើ ព្រោះគ្មានពេលវេលាដូចមុន ទើបមិនចាំបាច់នឹកចម្លែកចិត្តឡើយដែលមនុស្សជាច្រើនខ្លាចការមានកូននោះ

តែបើថ្ងៃណាមួយចាប់ផ្តើមក្លាយខ្លួនជាឪពុកគេ ម្តាយគេហើយ ឡារ៉ែនសូមណែនាំថា គួរតែចៀសវាង 5 រឿងខាងក្រោមនេះឱ្យបានដាច់ខាត ព្រោះរឿងទាំងអស់នោះ ជារឿងដែលឪពុកម្តាយថ្មោងថ្មីច្រើននាំគ្នាតែធ្វើជាប្រចាំក៏អាចថាបានដែរ។

1 . ចូលគេងយប់ជ្រៅ

ក៏ដឹងហើយថា ពេលមានកូនហើយ ពេលវេលាផ្ទាល់ខ្លួន ឬពេលវេលាដែលមានរួមគ្នាបែបស្វាមីភរិយានោះនឹងបាត់អស់ខ្លះមិនខាន តែបើលោកអ្នកគិតថា នឹងប្រើពេលវេលានៅពេលយប់ ពេលកូនគេងលក់ហើយដើម្បីធ្វើការងារផ្ទាល់ខ្លួននោះ សូមប្រាប់ទៅចុះថា នេះគឺជារឿងដែលលោកអ្នកមិនគួរធ្វើជាដាច់ខាត ព្រោះបើសិនលោកអ្នកចូលគេងយប់ជ្រៅ ហើយត្រូវងើបឡើងនៅពេលកូនស្រែកយំទារផ្លាស់កន្ទប ឬត្រូវភ្ញាក់ពីព្រលឹមដោយសំឡេងកូនស្រែកយំនោះ ធានាថារឿងនេះច្បាស់ជាមានការខឹងមួម៉ៅយ៉ាងពិតប្រាកដ បើត្រូវការមានពេលវេលាផ្ទាល់ខ្លួន គួរតែជួលមេដោះមកមើលថែទាំកូនតូច ទើបជាការប្រសើរ។

2 . ដាស់កូនតូចឱ្យភ្ញាក់ឡើង

ឪពុកម្តាយជាច្រើនអាចនឹងខ្លាចអាការ SIDS ឬអាការគេងមិនព្រមភ្ញាក់របស់ទារក ទើបធ្វើឱ្យលោកអ្នកត្រូវដាស់ឱ្យកូនតូចភ្ញាក់ឡើងជាញឹកញាប់ ដែលរឿងនេះគឺជាទង្វើដែលគួរចៀសវាងដូចគ្នាមួយដែរ ព្រោះបើកូនតូចភ្ញាក់ឡើងហើយ លោកអ្នកអាចនឹងត្រូវហត់នឿយជាមួយនឹងការត្រូវលួង និងស្តាប់សំឡេងស្រែកយំរាប់ម៉ោងរបស់កូនតូចមិនខាន ដូច្នេះរឿងដែលល្អគួរសាកល្បងប្រើវិធីការផ្សេងណាដែលមិនមែនជាការរុកគួនរំខានគេវិញប្រសើជាង ដូចជា សង្កេតមើលនៅត្រង់ខ្នង ឬក្បាលពោះថា នៅតែកម្រើកឡើងចុះផឺតផត ឬយកម្រាមដៃទៅដាក់ក្រោមច្រមុះរបស់កូនដើម្បីពិនិត្យខ្យល់ដង្ហើមក៏បាន។

3 . មិនចែករំលែកឱ្យប្តី ឬប្រពន្ធជួយមើលថែកូនផង

លោកឪពុកអ្នកម្តាយថ្មោងថ្មីអាចនឹងគិតថា ចង់មើលថែទាំកូនតែម្នាក់ឯង ដើម្បីឱ្យស្វាមី ឬភរិយារបស់ខ្លួនមើលឃើញថា អ្នកអាចធ្វើបាន ព្រោះជួនកាលស្វាមី ឬភរិយាអាចត្រូវចេញទៅធ្វើការនៅពេលព្រឹក ទើបមិនចង់ឱ្យគាត់ ឬនាងត្រូវមកនឿយហត់ក្នុងការមើលថែទាំកូនម្នាក់ទៀត តែសូមប្រាប់ទៅចុះថា​ រឿងនេះជារឿងដែលមិនគួរទាល់តែសោះ ព្រោះអ្នកមិនព្រមចែករំលែកឱ្យស្វាមី ឬភរិយាមើលថែទាំកូនតូចផងដែរនោះ អ្នកនឹងត្រូវធ្វើតែម្នាក់ឯងទាំងអស់ តាំងពីប្តូរកន្ទប លាងដបទឹកដោះគោ បញ្ចុកបាយ ងូតទឹក ជូតសម្អាតលាមក ដែលវាមិនត្រឹមតែនឹងធ្វើឱ្យអ្នកនឿយហត់ប៉ុណ្ណោះទេ តែនៅធ្វើឱ្យស្វាមី ឬភរិយារបស់អ្នកមានអារម្មណ៍ថា មិនបានបំពេញតួនាទីជាឪពុកម្តាយល្អទៀតផង ដូច្នេះវិធីដែលល្អគួរបែងចែកតួនាទីឱ្យគ្នាខ្លះទើបជាការប្រសើរ។

4 . មិនពកូន

លោកឪពុកអ្នកម្តាយអាចនឹងធ្លាប់បានឮមនុស្សជាច្រើននិយាយថា មិនគួរពកូនញឹកញាប់ពេកទេ ព្រោះខ្លាចកូនតូចធ្លាប់ខ្លួនឱ្យពមិនព្រមឈប់ តែឡារ៉ែនសូមប្រាប់ការពិតទៅចុះថា បើលោកអ្នកត្រូវការចង់ពកូនតូចរបស់ខ្លួនឯងនោះ ក៏ពទៅចុះ មិនបាច់ទៅខ្វល់ខ្វាយអីនឹងពាក្យអ្នកឯទៀតនោះទេ និងវាថែមទាំងជារឿងល្អទៀតផងដែលបាននៅជិតដឹតជាមួយគ្នាបែបកក់ក្តៅ ប្រសើរជាងមកអង្គុយសោកស្តាយនៅថ្ងៃដែលគេធំឡើងរហូតពលែងកើតនោះ។

5 . ដាក់សម្ពាធខ្លួនឯង

ពិតប្រាកដស្រាប់ទៅហើយថា ការធ្វើជាឪពុកម្តាយរបស់គេលើកដំបូង គឺជារឿងមួយដែលពិបាក និងសែនរញេរញៃ៉បំផុត តែសូមប្រាប់ទៅចុះថា មនុស្សគ្រប់គ្នាមានសញ្ជាតិញាណនៃភាពជាឪពុកម្តាយស្រាប់ហើយ អ្នកនឹងស្គាល់កូនរបស់អ្នកខ្លួនឯងល្អបំផុត ឬបើសិនគេមិនសប្បាយខ្លួន ឬអ្វីម្យ៉ាងនោះ អ្នកនឹងបានដឹងដោយសញ្ជាតិញាណតែម្តង ដូច្នេះអ្នកមិនចាំបាច់ត្រូវដាក់សម្ពាធខ្លួនឯង ឬគិតថាការចិញ្ចឹម និងថែទាំកូនគឺជារឿងពិបាកនោះឡើយ។ ត្រឹមតែប៉ុណ្ណឹងក៏នឹងធ្វើឱ្យអ្នកមានសេចក្តីសុខ ហើយការចិញ្ចឹមមើលថែកូនក៏នឹងធ្វើឱ្យលោកអ្នកសប្បាយ និងហុចផលល្អដល់សុខភាពផ្លូវចិត្តរបស់កូនទៀតផង។

ឃើញទេ ថាការធ្វើជាឪពុកម្តាយគេមិនមែនជារឿងដែលគួរឱ្យតានតឹងធុញថប់អារម្មណ៍នោះទេ គ្រាន់តែផ្លាស់ប្តូរនូវអ្វីដែលខ្លួនឯងធ្វើឡើងធ្លាប់ខ្លួនមួយចំនួន ត្រឹមតែប៉ុណ្ណឹងក៏ធ្វើឱ្យការចិញ្ចឹមមើលថែទាំកូនក្លាយជារឿងងាយ និងសប្បាយបានបាត់ទៅហើយ៕

Advertisement