ការចិញ្ចឹមថែទាំកូន ឱ្យកូនតាម ឬមិនតាមជាប់ឪពុកម្តាយ បែបណាល្អជាងគ្នា?

ក្នុងអំឡុងវ័យទារកខ្លួនក្រហមរងាលរហូតដល់វ័យក្មេងតូចហាត់ឈានជើងដើរតេះតះ ជាវ័យដែលត្រូវការការប៉ះពាល់ពីលោកឪពុកអ្នកម្តាយខ្លាំងបំផុត មិនថាតែការបី ព ឱប ថើប ញញឹម និយាយ ប្រលែងលេង និងចាក់ក្រឡេកឱ្យកូនរសើបនោះឡើយ។

ព្រោះកូនតូចនឹងមានអារម្មណ៍ថា ខ្លួនគេមានភាពសំខាន់ចំពោះលោកឪពុក និងអ្នកម្តាយ ហើយសម្រាប់កូនតូចវិញ ការពបីការប៉ះពាល់កូន មានភាពសំខាន់ចំពោះផ្លូវចិត្តខ្លាំងណាស់ ដោយមានលទ្ធផលនៃការស្រាវជ្រាវមួយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពី កុមារ 2 ក្រុមដែលបានទទួលការចិញ្ចឹមមើលថែ និងយកចិត្តទុកដាក់ខុសពីគ្នា។ ក្រុមមួយបានទទួលការបីពឱបរឹតប្រឡូកប្រឡែងជាមួយនឹងក្មេងមួយក្រុមទៀតដែលឪពុកម្តាយឱ្យគេងលេងតែឯង និងធំធាត់ឡើងក្នុងផ្លេយ៍ផេន ឬទីកន្លែងផ្ទាល់ខ្លួននៅក្នុងផ្ទះ។

ក្មេងទាំងពីរក្រុមនេះមានភាពខុសប្លែកពីគ្នាខាងអារម្មណ៍ច្រើនណាស់ ក្មេងតូចៗដែលលោកឪពុក និងអ្នកម្តាយនៅបីឱបថើបស្រឡាញ់ នឹងក្លាយជាក្មេងតូចដែលមានភាពមាំមួនស្ថិតស្ថេរខាងផ្លូវចិត្តខ្ពស់ណាស់ មិនយំរករឿងច្រើន និងមានសមាធិល្អ តែសម្រាប់ក្មេងតូចដែលឪពុកម្តាយមិនសូវបានលេងជាមួយ ឬបីឱបថើបកូនប៉ុន្មាននោះ បែរជាមានសភាវប្លែកចម្លែក បំបែកខ្លួនមិនចូលសង្គម និងឆាប់ខឹងមួម៉ៅ យំរករឿងច្រើនហាក់ដូចជាត្រូវការឱ្យអ្នកដទៃចាប់អារម្មណ៍គ្រប់ពេលវេលា។

“ការដែលយើងពបីកូនច្រើន កូននឹងមានអារម្មណ៍ដឹងពីក្តីស្រឡាញ់ ភាពកក់ក្តៅដែលលោកឪពុក និងអ្នកម្តាយមានចំពោះគេ”​

គ្រួសារខ្លះច្រើនតែប្រាប់គ្នាថា កុំពបីកូនច្រើនពេក ដាក់ចុះខ្លះទៅ នឹងបានមិនសូវនឿយ និងខ្លាចកូនតាមជាប់ដៃ ចំពោះរឿងនេះ ឡារ៉ែនសូមប្រាប់ទៅចុះថា ឱ្យកូនតាមជាប់ដៃយើងល្អជាង ព្រោះពេលវេលានៃការរស់នៅអំឡុងពេលដំបូងរបស់កូននឹងបានមាំមួនស្ថិតស្ថេរ និងមិនភ័យខ្លាចដោយក្តីកណ្តោចកណ្តែង។ ការដែលយើងពបីកូនច្រើន កូននឹងមានអារម្មណ៍ដឹងពីសេចក្តីស្រឡាញ់ភាពកក់ក្តៅដែលលោកឪពុកអ្នកម្តាយមានចំពោះគេ និងគេខ្លួនឯងក៏នឹងមានអារម្មណ៍ថា ខ្លួនឯងមានភាពសំខាន់ដែរ នៅពេលធំឡើងក៏នឹងទទួលស្គាល់ខ្លួនឯង និងក្លាយជាក្មេងដែលមានចិត្តគំនិតល្អ៕

Advertisement