អាការ 12 យ៉ាងរបស់កូន ដែលឪពុកម្តាយមិនគួរព្រងើយកន្តើយ

ក្មេងៗទោះជាអាយុប៉ុន្មានក៏ដោយ ចេះនិយាយហើយ ឬមិនទាន់ចេះនិយាយក៏ដោយ លោកឪពុកអ្នកម្តាយគួរតែត្រូវចេះសង្កេតមើលអាការកូនឱ្យបានថា តើមានអ្វីខុសប្រក្រតីឬទេ? កុំចាំរហូតដល់កូនហារមាត់ប្រាប់នោះ ព្រោះរឿងខ្លះត្រូវតែសង្កេតមើល និងប្រញាប់កែបញ្ហាភ្លាមមុននឹងអ្វីៗហួសពេលកែ។ ខាងក្រោមនេះគឺជាអាការ 12 យ៉ាងរបស់កូន ដែលលោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយ។

1 . កូនមើលទៅរាងមានអារម្មណ៍ធុញថប់តានតឹង សោកសៅ អាចនឹងគ្មានអាការគ្រុនក្តៅ ឬមិនស្រួលខ្លួនឱ្យឃើញក៏ដោយ តែកូនអាចនឹងបង្ហាញអាការតាមរយៈទឹកមុខ ឬមើលទៅឃើញហាក់ដូចជាកំពុងគិតពីអ្វីម្យ៉ាងគ្រប់ពេលវេលា បើសិនជាឃើញបែបនេះហើយ ឪពុកម្តាយមិនគួរមើលរំលង ឬព្រងើយកន្តើយឡើយ ត្រូវប្រញាប់នាំទៅប្រឹក្សាជាមួយគ្រូពេទ្យភ្លាមល្អជាង។

2 . ឡើងកម្តៅខ្ពស់ សីតុណ្ហភាពប្រក្រតីរបស់ក្មេងនឹងស្ថិតនៅក្នុងកម្រឹត 36 – 37.5 អង្សាសេលសៀស សម្រាប់ក្មេងដែលមានអាយុទាបជាង 6 ខែបើមានសីតុណ្ហភាពក្នុងកម្រឹត 37.6 – 38.4 អង្សាសេលសៀសនោះ គឺមានន័យថា ឡើងកម្តៅខ្ពស់ហើយចំណែកក្មេងអាយុច្រើនជាង 6 ខែឡើង បើសិនលើស 38.5 អង្សាសេលសៀស មានន័យថា កម្តៅខ្លួនឡើងខ្ពស់ហើយ ត្រូវរកវិធីបញ្ចុះកម្តៅ និងប្រញាប់នាំទៅមន្ទីពេទ្យភ្លាម។

3 . ក្តៅខ្លួនជាប់ៗគ្នាអត់បាត់រយៈពេល 3 ថ្ងៃឡើងទៅ ដោយញ៉ាំថ្នាំ និងជូតខ្លួនហើយ តែអាការនៅតែមិនល្អប្រសើរឡើងនោះ ត្រូវប្រញាប់នាំទៅជួបគ្រូពេទ្យជាបន្ទាន់។

4 . គ្រុនក្តៅខ្លួន និងមានអាការផ្សេងទៀតរួមជាមួយផង ដូចជា ឈឺក្បាល មានឡើងកន្ទួលរមាស់នៅលើរាងកាយ ឈឺ-ក អាការបែបនេះត្រូវតែប្រញាប់ទៅជួបលោកគ្រូពេទ្យ។

5 . មានឡើងកន្ទួលក្រហមតាមខ្លួនប្រាណ និងមានអាការរាលដាលកាន់តែខ្លាំងឡើង ឬមានអាការហើមឡើងក្រហមត្រង់បរិវេណដែលមានឡើងកន្ទួល និងមានអាការដកដង្ហើមមិនស្រួល រាងស្ទះៗជាដើមនោះ កុំបង្អង់យូរ ត្រូវប្រញាប់នាំទៅមន្ទីពេទ្យភ្លាម។

6 . មានពងបែកឡើងតាមខ្លួនប្រាណក្នុងលក្ខណៈខុសប្រក្រតី ដែលមិនធ្លាប់មានកន្លងមក ត្រូវប្រញាប់យកកូនទៅឱ្យគ្រូពេទ្យពិនិត្យជាបន្ទាន់ ព្រោះអាចកើតរោគមហារីកស្បែកបាន។

7 . កូនតូចយំរករឿងខ្លាំង ព្រោះឈឺក្បាលបែបទាន់ហន់ភ្លាមៗ ឬអាចឈឺពោះផ្នែកខាងស្តាំចុះមកក្រោម អាចជាអាការរបស់ខ្នែងពោះវៀន ឬបើឈឺពោះហើយមានក្អួតផងនោះ អាចបណ្តាលមកពីអាការរលាកក្រពះ បើរឹតតែមានឈាមចេញមកជាមួយផងនោះត្រូវតែប្រញាប់នាំទៅមន្ទីពេទ្យជាប្រញាប់។

8 . ឈឺក្បាល និងក្អួត អាចជាអាការចាប់ផ្តើមដំបូងរបស់រោគម៉ៃក្រេន តែបើមានអាការធ្ងន់ធ្ងរខ្លាំងជាងនោះ អាចបណ្តាលមកពីរោគផ្សេងទៀត អាករបែបនេះក៏ត្រូវតែប្រញាប់នាំកូនទៅមន្ទីពេទ្យដែរ។

9 . បរិមាណទឹកនោមថយចុះ ស្ងួតមាត់ បន្ទូលក្បាលផតចុះ ក្អួត រាក អាការទាំងនេះអាចបណ្តាលមកពីសភាវខ្វះជាតិទឹកបើឃើញកូនមានអាការបែបនេះ​ ត្រូវតែប្រញាប់នាំកូនទៅមន្ទីពេទ្យ។

10 . ហើមមុខ ហើមខ្លួន ក្អួត ឬមានឡើងរមាស់ អាការនេះអាចបណ្តាលមកពីកើតប្រតិកម្មចាញ់នឹងរបស់អ្វីមួយ បើធ្ងន់ធ្ងរត្រូវនាំទៅជួបគ្រូពេទ្យ។

11 . ចេញឈាមច្រើនពេក មិនថាតែស្នាមរបួសតូច ឬធំនោះទេ បើឃាត់ឈាមហើយ ឈាមនៅតែហូរចេញមកមិនឈប់ចូរប្រញាប់នាំកូនទៅមន្ទីពេទ្យភ្លាម។

12 . បបូរមាត់ឡើងស្លេក ខៀវជាំ ដកដង្ហើមអាក់ៗ និងដកដង្ហើមតាមមាត់ អាចជាអាការមានប្រតិកម្មនឹងរបស់អ្វីម្យ៉ាង ឬអាចបណ្តាលមកពីជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធដកដង្ហើម ឬរោគសួត។

អាការរបស់កូន ដែលបានរៀបរាប់មកខាងលើនេះ លោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយជាដាច់ខាត ព្រោះអាការមួយចំនួននោះអាចនិយាយបានថា សុទ្ធតែជាសញ្ញារបស់ជំងឺធ្ងន់ធ្ងរផ្សេងទាំងអស់ ៕

Advertisement