9 វិធីងាយៗដែលធ្វើឱ្យកូនបានដឹងពីសេចក្តីស្រឡាញ់របស់ឪពុកម្តាយ

តើលោកឪពុកអ្នកម្តាយដឹងឬទេថា រឿងដែលសំខាន់ជាងការបានរបស់លេងធំៗ ឬបានញ៉ាំនំដ៏សែនចូលចិត្តជាប្រចាំនោះគឺការបានទទួលសេចក្តីស្រឡាញ់អំពីឪពុកម្តាយហ្នឹងឯង និងទោះបីជាលោកអ្នកចង់ប្រាប់ថា លោកអ្នកត្រូវតែស្រឡាញ់កូនរបស់ខ្លួនឯងស្រាប់ហើយក៏ដោយ តែហ្នឹងវាគ្រាន់តែជាពាក្យសំដីដែលកូនៗមិនអាចចាប់ ឬប៉ះពាល់បានឡើយ ដូច្នេះបើចង់ឱ្យកូនបានដឹងពីសេចក្តីស្រឡាញ់របស់ឪពុកម្តាយយ៉ាងពិតប្រាកដនោះ សូមសាកល្បងធ្វើតាម 10 វិធីដែលឡារ៉ែននាំមកជូនខាងក្រោមនេះ ធានាថា កូនៗនឹងមានសេចក្តីសុខ និងមានអារម្មណ៍កក់ក្តៅយ៉ាងអស់ពីចិត្តមិនខាន។

– ប្រើពេលវេលារួមជាមួយកូន

បដិសេធមិនបានឡើយថាឪពុកម្តាយសម័យនេះត្រូវខាតបង់ពេលវេលាទៅជាមួយនឹងរឿងការងារ និងរឿងផ្សេងៗទៀតអស់​ជាច្រើន រហូតអាចហៅបានថា ស្ទើរតែគ្មានពេលបាននៅជាមួយកូនឡើយ ដូច្នេះពេលណាដែលដល់ថ្ងៃឈប់សម្រាក ឬថ្ងៃទំនេរ ក៏គួរតែប្រើពេលវេលាដ៏សែនវិសេសនេះនៅជាមួយកូនៗ អាចនឹងរៀបចំពិធីជប់លៀងតូចមួយនៅក្នុងផ្ទះ ឬនាំគេទៅលេងសួនកំសាន្ត ទៅទិញរបស់លេង ឬអ្វីក៏ដោយដែលលោកអ្នកគិតថា កូននឹងមានសេចក្តីសុខ។

– ស្តាប់គ្រប់យ៉ាងដែលកូននិយាយប្រាប់

ក្មេង ក៏គឺក្មេងហ្នឹងឯង ពួកគេក៏ចង់និយាយ ចង់រៀបរាប់អ្វីៗឱ្យលោកឪពុកអ្នកម្តាយស្តាប់នូវអ្វីដែលគេបានជួបមក ដែលលោកអ្នកក៏គួរតែទទួលស្តាប់គេយ៉ាងយកចិត្តទុកដាក់ មិនមែនគ្រាន់តែស្តាប់ហើយឆ្លើយឱ្យតែរួចៗពីមាត់តែម្យ៉ាងនោះទេ។

– និយាយពាក្យថា ស្រឡាញ់ឱ្យបានញឹកញាប់

ជាវិធីដែលល្អ និងត្រង់ៗបំផុតដែលកូននឹងដឹងបានថា ឪពុកម្តាយស្រឡាញ់គេប៉ុនណា។ បើចង់ឱ្យកូនមានអារម្មណ៍ថាខ្លួនឯងសំខាន់ និងមានអារម្មណ៍កក់ក្តៅនោះ ក៏និយាយប្រាប់គេឱ្យបានញឹកញាប់តាមដែលអាចធ្វើបាន នោះធានាថា គេច្បាស់ជាហេពភីយ៉ាងពិតប្រាកដ។

– ឱប និង ថើប នៅពេលមានឱកាស

នៅពេលមានឱកាសបានជិតស្និទ្ធជាមួយកូនហើយ វិធីដែលជាការប្រគល់សេចក្តីស្រឡាញ់បានល្អបំផុតនោះ គឺការឱប និងថើបថ្ពាល់កូនហ្នឹងឯង សាកល្បងធ្វើសាកលមើល ហើយលោកអ្នកនឹងបានឃើញស្នាមញញឹមតូចមួយនៅលើផ្ទៃមុខរបស់គេមិនខាន។

– សួរនាំពីជីវិតប្រចាំថ្ងៃរបស់គេ

ក្រោយពីត្រឡប់មកពីសាលារៀនរៀងរាល់ថ្ងៃ ឬថ្ងៃណាក៏ដោយដែលមានឱកាសបាននិយាយលេងជាមួយកូននោះ សាកល្បងសួរនាំពីជីវិតប្រចាំថ្ងៃរបស់គេទៅមើល ឬអាចនឹងសួរនាំពីរឿងរៀន រឿងអនាគត ឬរឿងអ្វីដែលពាក់ព័ន្ធនឹងខ្លួនគេទៅមើល រឿងអស់ហ្នឹងឯងដែលបង្ហាញឱ្យឃើញថា អ្នកយកចិត្តទុកដាក់ និងផ្តល់ភាពសំខាន់ចំពោះគេខ្លាំងប៉ុនណានោះ។

– នាំគេទៅញ៉ាំបាយនៅតាមហាង

នៅពេលលោកឪពុកអ្នកម្តាយមានណាត់ចេញទៅញ៉ាំបាយល្ងាចនៅក្រៅផ្ទះ ឬថ្ងៃណាទំនេរៗមិនបានមានធុរៈអ្វីនោះ ក៏អាចនឹងសាកល្បងនាំកូនៗទៅញ៉ាំបាយនៅក្រៅផ្ទះដើម្បីផ្លាស់ប្តូរបរិយាកាសម្តងក៏ល្អម្យ៉ាងដែរ ដើម្បីឱ្យគេបានចេញទៅឃើញគេឃើញឯង និងបានញ៉ាំអ្វីឆ្ងាញ់ៗ និងដែលសំខាន់នោះគឺ បានមានពេលវេលានៅជួបជុំគ្នាហ្នឹងឯង។

– កោតសរសើរនៅពេលគេធ្វើជាក្មេងល្អ

នៅពេលណាដែលកូនធ្វើអំពើល្អ ឬធ្វើជាក្មេងល្អ លោកឪពុកអ្នកម្តាយមិនគួរធ្វើព្រងើយនោះទេ តែគួរប្រគល់ពាក្យកោតសរសើរដល់គេជារង្វាន់ ឡារ៉ែនសូមប្រាប់ទៅចុះថា មិនចាំបាច់មានកាដូអ្វីមកឱ្យនោះទេ ត្រឹមតែពាក្យសំដីល្អៗ ពាក្យកោតសរសើរអំពីអ្នកហ្នឹងឯងគឺកាដូដ៏ល្អបំផុតនោះ។

– រក្សាពាក្យសន្យា

មិនថាតែការសន្យាក្នុងរឿងតូចតាច ដូចជា នឹងនាំទៅដើរលេងសួនកំសាន្ត ឬនឹងនាំទៅញ៉ាំនំនៅហាងទំនើបៗនោះទេ សូមប្រាប់ទៅចុះថា បើលោកអ្នកសន្យាហើយមិនធ្វើតាមនោះ អាចនឹងបំផ្លាញអារម្មណ៍របស់កូនបាន វិធីដែលល្អនោះគឺ នៅពេលដែលបានសន្យាអ្វីមួយហើយនោះ គួរតែធ្វើតាមអ្វីដែលបានប្រាប់នោះទៅប្រសើរជាង។

– ធ្វើឱ្យកូនៗញញឹម

សូមប្រាប់ទៅចុះថា ការធ្វើរឿងកំប៉ិកកំប៉ុកដែលអាចធ្វើឱ្យកូនៗញញឹមបាននេះហើយ គឺជារឿងដែលមានតម្លៃខ្លាំងជាងអ្វីទាំងអស់ មិនថាតែការដាស់គេដោយការថើបថ្ពាល់ ឬមានស៊ើផ្រៃស៍ដ៏គួរឱ្យស្រឡាញ់សម្រាប់គេ ឱ្យគេញញឹម និងសើចបានយ៉ាងមានសេចក្តីសុខនោះ ឡារ៉ែនសូមប្រាប់ទៅចុះថា ត្រឹមតែប៉ុណ្ណឹងកូនៗក៏បានដឹងស្រេចទៅហើយថា អ្នកស្រឡាញ់គេប៉ុនណានោះ៕

Advertisement