តើស្រ្តីមានគភ៌អាចងូតត្រាំទឹកក្តៅបានទេ? និងមានសុវត្ថិភាពដែរឬទេ?

នៅពេលអ្នកដឹងថា ខ្លួនមានផ្ទៃពោះហើយនោះ អ្នកតែងតែមានសំនួរ និងចំណុចសង្ស័យកើតឡើងនៅក្នុងចិត្តជាច្រើនថា តើពេលមានផ្ទៃពោះយើងអាចធ្វើបែបនេះ ឬបែបនោះបានដែរឬទេ? រស់នៅ និងធ្វើការងារដូចដែលធ្លាប់បានធ្វើមកបានដែរឬទេ? និងសំនួរ​ដែលជួបប្រទះញឹកញាប់មួយរឿងទៀតនោះគឺ តើការងូតទឹកក្តៅឧណ្ហៗ ឬការត្រាំទឹកក្តៅឧណ្ហៗអាចធ្វើបានទេ? ហើយបើត្រូវការងូតទឹកក្តៅឧណ្ហៗ ឬគេងត្រាំទឹកក្តៅឧណ្ហៗយូរដើម្បីឱ្យរាងកាយបានធូរស្រាលនោះ តើត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានសុវត្ថិភាព? សម្រាប់សំនួរទាំងអស់នេះ ឡារ៉ែនមានចម្លើយមកជម្រាបជូន។

1 – ស្រ្តីមានគភ៌អាចងូតទឹកក្តៅឧណ្ហៗបាន តែត្រូវកុំឱ្យក្តៅជ្រុលពេក មិនត្រូវឱ្យក្តៅលើសសីតុណ្ហភាពរបស់រាងកាយរបស់អ្នកនៅពេលនោះឡើយ ព្រោះបើអ្នកងូតទឹកដែលក្តៅខ្លាំងពេក អាចធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់ និងប្រព័ន្ធឈាមរត់ដែលហូរវឹលលឿនជ្រុលពេកអាចធ្វើឱ្យទារកក្នុងគភ៌មានសភាវតានតឹងធុញថប់បាន។

2 – ក្នុងអំឡុងពេលតាំងគភ៌ 3 ខែដំបូងអាចងូតទឹកក្តៅឧណ្ហៗ ឬត្រាំទឹកក្តៅឧណ្ហៗបាន តែត្រូវមិនឱ្យក្តៅជ្រុលពេកនោះទេ ព្រោះទឹកដែលក្តៅជ្រុលពេក អាចធ្វើឱ្យឆ្អឹងកងខ្នង និងតួកំណើតជីវិតកើតសភាវមិនសមប្រកបបាន។

3 – មិនគួរងូតត្រាំទឹកក្តៅឧណ្ហៗយូរលើសពី 15 នាទីទេ ព្រោះអំឡុងពេលដែលអ្នកងូតត្រាំទឹកក្តៅឧណ្ហៗនោះ សីតុណ្ហភាពក្នុងរាងកាយរបស់អ្នកនឹងកើនឡើងទៅតាមនោះដែរហ្នឹងឯង។

4 – បើអ្នកស្ថិតក្នុងអំឡុងពេលតាំងគភ៌ 3 ខែដំបូង អាចនឹងកើតមានអាការវិលមុខ ក្អួតចង្អោ ខ្យល់គ ដូច្នេះបើត្រូវការងូតត្រាំទឹកក្តៅឧណ្ហៗនោះ គួរតែត្រៀមទឹកភេសជ្ជៈទុកញ៉ាំបំបាត់អាការវិលមុខផង និងមិនគួរដាក់គន្លឹះទ្វាបន្ទប់ទឹកឡើយ។

5 – ការដែលស្រ្តីមានគភ៌ងូតត្រាំទឹកក្តៅឧណ្ហៗនេះនឹងធ្វើឱ្យមានការធូរស្រាលសាច់ដុំក្នុងផ្នែកផ្សេងៗបានល្អ ជាពិសេសសាច់ដុំបាតជើង និងខ្នង។ នៅពេលរាងកាយបានធូរស្រាល នឹងធ្វើឱ្យស្រ្តីមានគភ៌គេងលក់រឹតតែស្រួលឡើងដែរ។

6 – ស្រ្តីមានផ្ទៃពោះដែលមានអាការហើមតាមរាងកាយដូចជា ដៃ ជើងជាដើមនោះ យើងណែនាំឱ្យងូត ឬត្រាំទឹកក្តៅឧណ្ហៗ ព្រោះវានឹងជួយកាត់បន្ថយអាការហើមតាមរាងកាយបានល្អខ្លាំងណាស់។

7 – ការងូតទឹកក្តៅឧណ្ហៗនឹងជួយសម្រាលអាការបង្រួញខ្លួនរបស់ស្បូនមុនកំណត់ និងថែមទាំងជួយឱ្យទឹកភ្លោះស្ថិតក្នុងកម្រឹតល្អទៀតផង។

ការងូតទឹកក្តៅឧណ្ហៗក្នុងអំឡុងពេលមានគភ៌ មានទាំងចំណុចល្អ និងចំណុចត្រូវប្រយ័ត្ន ដូច្នេះស្រ្តីមានគភ៌ដែលចូលចិត្តងូត ឬត្រាំទឹកក្តៅឧណ្ហៗអាចធ្វើបានតាមប្រក្រតី តែត្រូវគ្រប់គ្រងកម្រឹតកម្តៅរបស់ទឹកដែលនឹងងូត ឬត្រាំនោះឱ្យស្ថិតក្នុងសីតុណ្ហភាពដែលសមរម្យល្មមក៏គ្រប់គ្រាន់ហើយ៕

Advertisement