មិនស្រួលខ្លួនខណៈមានផ្ទៃពោះ ត្រូវមើលថែទាំខ្លួនឯងយ៉ាងណា?

ត្រឹមតែមានផ្ទៃពោះតែម្យ៉ាងក៏ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថានឿយហត់ និងចង់សម្រាកឱ្យបានច្រើនៗណាស់ទៅហើយ តែបើអ្នកម្តាយមានគភ៌មានអាការឈឺថ្កាត់ ឬមិនស្រួលខ្លួនរួមជាមួយទៀតផងនោះ ក៏រឹតតែធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថាយ៉ាប់យ៉ឺនទុរុនទុរា ព្រោះអ្នកម្តាយនឹងអស់កម្លាំងខ្លាំងឡើងដល់ទៅទ្វេរដង និងមិនដឹងថានឹងចាត់ការចំពោះខ្លួនឯងយ៉ាងណាស្រួល ដូច្នេះថ្ងៃនេះ ឡារ៉ែន មានវិធីដែលអ្នកម្តាយមានគភ៌ត្រូវធ្វើពេលមានអាការឈឺថ្កាត់ ឬមិនស្រួលខ្លួនមកជម្រាបជូន។

1 – ពិនិត្យមើលខ្លួនឯង ៈ តើអ្នកគ្រុនក្តៅមិនស្រួលខ្លួនដោយសារអ្វី? អ្នកម្តាយមានគភ៌គួរប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីឱ្យគ្រូពេទ្យពិនិត្យមើលថា អាការដែលអ្នកឈឺថ្កាត់នោះបណ្តាលមកពីឆ្លងមេរោគបាក់តេរី ឬមេរោគវីរុស ព្រោះក្នុងអំឡុងពេលមានគភ៌អ្នកម្តាយនឹងមានប្រព័ន្ធប្រឆាំងជំងឺទាបជាងប្រក្រតីស្រាប់ហើយ និងគួរតែឱ្យគ្រូពេទ្យរកមើលមូលហេតុឱ្យឃើញឱ្យបានលឿនបំផុត។

2 – នៅពេលដឹងថា ឈឺដោយសារអ្វីហើយ គួរតែបញ្ឈប់ទង្វើនោះ ៈ ដើម្បីកុំឱ្យកើតមានទៀតនៅលើកក្រោយ ដូចជា ប្រឡូកប៉ូកប៉ាកជាមួយអ្នកជំងឺញឹកញាប់ ឬចេញទៅនៅក្នុងកន្លែងដែលមានមនុស្សម្នាច្រើនកុះករញឹកញាប់ជាដើម។

3 – បើមានអាការដូចតទៅនេះ ស្រ្តីមានគភ៌គួរប្រញាប់ទៅជួបពេទ្យ ៈ គ្រុនក្តៅខ្លួនខ្លាំង នឿយល្វើយខ្លាំងជាងធម្មតា ឈឺ-ក មានអាការហើម ណែនថប់ក្នុងដើមទ្រូង ពិបាកដកដង្ហើម ខ្លួនប្រាណស្លេកស្លាំង វឹលមុខ ឈរទប់ខ្លួនមិនជាប់ អាការទាំងអស់នេះត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

ការមើលថែទាំខ្លួនឯងរបស់អ្នកម្តាយមានគភ៌នៅពេលឈឺថ្កាត់

ជាប្រក្រតីអ្នកម្តាយដែលមានគភ៌ បើឈឺថ្កាត់បន្តិចបន្តួចមិនចាំបាច់ទៅជួបគ្រូពេទ្យក៏បាន អាចព្យាបាលខ្លួនឯងបានបែបងាយៗដោយការទទួលទានទឹកឱ្យបានច្រើន សម្រាកឱ្យបានគ្រប់គ្រាន់ និងមិនគួរប្រើថ្នាំក្នុងការព្យាបាល​ខ្លួនឯងឡើយបើគ្មានវេជ្ជបញ្ជា។

អ្វីដែលអ្នកម្តាយគួរធ្វើនៅពេលមានអាការឈឺថ្កាត់ គ្រុនក្តៅ មិនស្រួលខ្លួននោះគឺ ទទួលទានទឹកឱ្យបានច្រើនៗ ព្រោះពេលមិនស្រួលខ្លួន រាងកាយនឹងត្រូវការទឹកច្រើនជាងពេលប្រក្រតី ដូច្នេះការទទួលទានទឹកច្រើនធ្វើឱ្យរាងកាយរបស់ស្រ្តីមានគភ៌ឆាប់ស្រួលខ្លួនឡើងវិញ និងមានអារម្មណ៍ល្អឡើង។ ទឹកដែលគួរទទួលទានគឺ ទឹករ៉ែ ទឹកបរិសុទ្ធ បើទទួលទានអាហារមិនបាន គួរទទួលទានទឹកផ្លែឈើច្រ-បាច់ស្រស់ៗ ដើម្បីឱ្យទារកក្នុងគភ៌បានទទួលសារធាតុអាហារដែលចាំបាច់ និងភេសជ្ជៈដែលមិនគួរទទួលទានសោះនោះគឺ ភេសជ្ជៈដែលមានកាហ្វេអ៊ីន និងភេសជ្ជៈដែលមានជាតិអាល់កុល៕

Advertisement