សកម្មភាព​ប្រចាំថ្ងៃ​របស់​ម្ចាស់ Facebook

Mark Zuckerberg ធ្លាប់​បាន​បង្ហោះ​រូប​ថត​លែង​ខ្លួន​ ហាត់​ MMA ជាមួយ​អ្នក​គុន​និយម​ Adesanya (ឆ្វេង) និង Alex Volkanovski (ស្ដាំ)

ក្រៅពី​ពេលវេលា​សម្រាប់​ធ្វើការ CEO របស់ Meta លោក Mark Zuckerberg មាន​កាលវិភាគ​​សម្រាប់​ការហូបចុក និង​ហាត់ប្រាណ​ប្រកបដោយ​ភាព​តឹងរឹង។

នៅលើ​បណ្ដាញ​សង្គម​ថ្មី​ដែលមាន​ឈ្មោះថា Threads ម្ចាស់ Facebook បង្ហើប​ឱ្យដឹង​អំពី​វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​លោក​តែងតែ​ពោរពេញ​ដោយ​ថាមពល និង​អារម្មណ៍​ស្រស់ថ្លា ដើម្បី​ដោះស្រាយ​បញ្ហា​ការងារ​យ៉ាងច្រើន។

«ខ្ញុំ​ក្រោក​ឡើង ហាត់​ក្បាច់គុន MMA ដើម្បី​ជួយ​ឱ្យ​ខួរក្បាល​បាន​ស្រស់ស្រាយ។ បង្កើត​នូវអ្វីៗជាច្រើន​សម្រាប់​មនុស្ស​ប្រើប្រាស់។ ហូប​អាហារ​ច្រើន ភាគច្រើន​គឺ​ប្រូតេអ៊ីន កាត់បន្ថយ​ជាតិ​ស្ករ និង​ផឹកស្រា​តិចតួច​បំផុត។ មួយថ្ងៃ ខ្ញុំ​ដេក​ពី 7 ទៅ 8 ម៉ោង» លោក Zuckerberg សរសេរ​ដូច្នេះ។

ម្ចាស់ Facebook ឱ្យដឹងថា លោក​តែងតែ​ធ្វើ​កិច្ចការ​ខាងលើ​ជា​រៀងរាល់ថ្ងៃ។ នៅពេល​ត្រូវបាន​អ្នក​គុន​និយម​ជនជាតិ​អាម៉េរិកាំង​ដ៏​ល្បីឈ្មោះ Mike Davis សួរ​អំពី​កាហ្វេ លោក Zuckerberg ឆ្លើយថា «មិន​ផឹក​សូម្បីតែ​បន្តិច!»។

ដើមឡើយ លោក Zuckerberg តែងតែ​រត់​ហាត់ប្រាណ បន្ទាប់​បាន​ក្រោកពីដំណេក។ ប៉ុន្តែ​ក្រោយមក លោក​ក៏បាន​ងាក​មក​ហាត់​ក្បាច់គុន MMA វិញ ព្រោះថា ពេល​រត់ គាត់​តែងតែ​គិត។ «អ្នក​មិនអាច​គិតដល់​អ្វី​ទាំងអស់​នៅពេល​ហាត់ MMA។ ឱ្យតែ​បាត់បង់​ការផ្ដោត​អារម្មណ៍​បន្តិច អ្នកនឹង​ត្រូវ​បញ្ចប់​ដោយ​ការ​ដេក​ដី» លោក Zuckerberg បញ្ជាក់​ដូច្នេះ។

ជា​រៀងរាល់ឆ្នាំ CEO របស់ Meta នឹងចូលរួម​បង្ហាញ​កម្លាំង​ក្នុង​ព្រឹត្តិការណ៍ The Murphy Challenge។ នេះ​គឺជា​លំ​ហាត់ប្រាណ​​ប្រើប្រាស់​កម្លាំង​ខ្ពស់​ដែល​បង្កើតឡើង​ដោយ​មន្ត្រី​ក្នុង​អង្គភាព​ពិសេស​របស់​ទ័ពជើងទឹក​អាម៉េរិក។

ក្រោយពី​ទទួលយក​ការ​បបួល​ប្រកួត​របស់​មហាសេដ្ឋី Elon Musk នាយក​ប្រតិបត្តិ​របស់ Meta មិនបាន​បង្ហោះ​សារ​ណាមួយ​ស្ដីពី​ការប្រកួត​នៅលើ​​សង្វៀន។ ប៉ុន្តែ Iska Saric អ្នកនាំពាក្យ​របស់ Meta និយាយថា Zuckerberg ពិតជា​ម៉ឺងម៉ាត់​ខ្លាំងណាស់។

កាលពី​ថ្ងៃទី 21 មិថុនា ចាប់ផ្ដើម​ពី​រឿងរ៉ាវ​សរសេរ​លេង​នៅលើ Twitter មហាសេដ្ឋី Elon Musk បាន​បបួល​មហាសេដ្ឋី Mark Zuckerberg ណាត់​ទីតាំង​វាយ​គ្នា​នៅលើ​សង្វៀន​ក្នុង​ទ្រុង​ដែក​នៅ Las Vegas ហើយ​ម្ចាស់ Facebook ក៏​យល់ព្រម។

អ្នកគាំទ្រ​កំពុងតែ​ទន្ទឹងរង់ចាំ និង​នាំគ្នា​ភ្នាល់ ដោយ​មានការ​ចែកជា​ក្រុម «Team Musk» និង «Team Zuck»។ Dana White ប្រធាន UFC (Ultimate Fighting Championship) ព្យាករ​ថា គូប្រកួត Musk –  Zuckerberg អាច​ក្លាយជា​ការប្រកួត​ក្បាច់គុន​មួយ​ទល់នឹង​មួយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​បំបែក​រាល់​កំណត់ត្រា​ស្ដីពី​ការលក់​សំបុត្រ​ចូល​ទស្សនា។ លោក​និយាយថា គ្រប់គ្នា​នឹងត្រូវ​ចំណាយ​ប្រហែល 100 ដុល្លារ សម្រាប់​ការ​ទស្សនា​មួយ​លើក​នៅតាម​ទូរទស្សន៍៕

Advertisement