រុស្ស៊ី នឹង​នាំចេញ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ប្រភេទ​បាញ់​តាម​រន្ធ​ច្រមុះ

ប្រទេស​រុស្ស៊ី ប្រកាសថា មាន​គម្រោង​នាំចេញ​វ៉ាក់សាំង​បង្ការ COVID-19 ប្រភេទ​បាញ់​តាម​ច្រមុះ ជា​ប្រភេទ​វ៉ាក់សាំង​ដែល​ត្រូវបាន​ប្រធានាធិបតី Putin ប្រើប្រាស់​ជា​ដូ​ស​ជំរុញ។

Kirill Dmitriev ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់ រុស្ស៊ី (RDIF) ដែលជា​ស្ថាប័ន​វិនិយោគ​ទៅលើ​វ៉ាក់សាំង​យុទ្ធសាស្ត្រ​របស់ រុស្ស៊ី និង​ឃោសនា​ទៅ​ក្រៅប្រទេស កាលពី​ថ្ងៃទី 24 វិច្ឆិកា បានឱ្យដឹងថា រុស្ស៊ី នឹង​នាំចេញ​វ៉ាក់សាំង​បង្ការ COVID-19 ប្រភេទ​បាញ់​តាម​រន្ធ​ច្រមុះ នៅ​ឆ្នាំក្រោយ។

ព័ត៌មាន​ខាងលើនេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​ប្រធានាធិបតី Putin កាលពី​ថ្ងៃទី 24 វិច្ឆិកា បាន​បង្ហើប​ឱ្យដឹងថា បាន​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​បាញ់ ក្រោយពី​ចាក់​វ៉ាក់សាំង Sputnik V បាន 6 ខែ ដោយសារតែ​បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​ថយចុះ។ ក្រៅពីនេះ លោក Putin ក៏បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ Sputnik V Light ផងដែរ។

លោក Putin បាន​ថ្លែងថា៖ «ខ្ញុំ​មិនមាន​បញ្ហា​អ្វី​ទាំងអស់។ មិនមាន​អ្វី​ខុសធម្មតា។ ថ្ងៃនេះ ក្រោយ​ការប្រើប្រាស់​វ៉ាក់សាំង​បាន​ពីរដង ខ្ញុំ​អាច​ហាត់ប្រាណ​បន្តិច​បាន នៅពេល​ព្រឹក»៕

Advertisement