ក្រុមហ៊ុន ជប៉ុន សុំច្បាប់ ធ្វើ​ចរាចរណ៍​ថ្នាំ​ពិសេស ព្យាបាល COVID-19

ក្រុមហ៊ុន​អភិវឌ្ឍ និង​ផលិត​ឱសថ Shionogi របស់​ប្រទេស​ជប៉ុន នឹង​ស្នើសុំ​ច្បាប់​សម្រាប់​ធ្វើចរាច​រណ៍​ឱសថ​ព្យាបាល​ជំងឺ COVID-19 ប្រភេទ​គ្រាប់​សម្រាប់​លេប នាពេល​ដ៏​ខ្លី​ខាងមុខ ដែល​នេះ​នឹង​ផ្ដល់​ជម្រើស​បន្ថែម​ក្នុងការ​ព្យាបាល​នៅតាម​ផ្ទះ និង​កាត់បន្ថយ​សម្ពាធ​នៅតាម​មន្ទីរពេទ្យ។

ប្រភពព័ត៌មាន​ពី​ក្រុមហ៊ុន Shionogi ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង Osaka ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី 06 សីហា បានឱ្យដឹងថា ថ្នាំ​ព្យាបាល​ជំងឺ COVID-19 នេះ ត្រូវបាន​ពិសោធ​លើ​មនុស្ស​ចាប់តាំងពី​ខែកក្កដា ឆ្នាំ 2021 ហើយ​ថា នឹង​ស្នើសុំ​អាជ្ញាប័ណ្ណ​នៅ​ចុងឆ្នាំ​នេះ។ ឱសថ​នេះ ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ព្យាបាល​ជំងឺ COVID-19 កម្រិត​ស្រាល និង​មធ្យម ដោយ​ជួយ​ទប់ស្កាត់​មិនឱ្យ​ជំងឺ​វិ​វ​ឌ្ឍ​ទៅជា​ធ្ងន់ធ្ងរ។

បើសិនជា​ទទួលបាន​ច្បាប់​អនុញ្ញាតឱ្យ​ដាក់លក់ នោះ​វា​នឹង​ជា​ថ្នាំលេប​ដំបូង​គេ​បង្អស់ សម្រាប់​ព្យាបាល​ជំងឺ COVID-19 កម្រិត​ស្រាល និង​មធ្យម​នៅ​ប្រទេស​ជប៉ុន។ បច្ចុប្បន្ន មានតែ​ថ្នាំ​ចាក់​មួយ​ប្រភេទ​ប៉ុណ្ណោះ សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 កម្រិត​ស្រាល នៅក្នុង​ប្រទេស​នេះ ហើយ​ថ្នាំ​នេះ ក៏ត្រូវ​ការចាក់​នៅតាម​មន្ទីរពេទ្យ។

លោក Isao Teshirogi ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ជប៉ុន Shionogi & Co.,

ប្រភពព័ត៌មាន​ពី​ក្រុមហ៊ុន​ខាងលើ ក៏បាន​ឱ្យដឹងថា ក្រុមហ៊ុន​នេះ​ក៏​កំពុង​ពិនិត្យ​ទៅលើ​លទ្ធភាព​ផ្គត់ផ្គង់​ទៅកាន់​ប្រទេស​ដទៃ​ផងដែរ។ Shionogi កំពុង​ពិភាក្សា​អំពី​គម្រោង​នាំចេញ​ឱសថ​នេះ ជាមួយ​នាយកដ្ឋាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ជីវ​ឱសថ​កម្រិត​ខ្ពស់ របស់ សហរដ្ឋអាមេរិក (Biomedical Advanced Research and Development Authority / BARDA)។

ក្រុមហ៊ុន Shionogi មាន​ផែនការ​ស្នើសុំ​ច្បាប់​បន្ទាន់​ពី​ក្រសួងសុខាភិបាល ជប៉ុន ដែល​ប្រការនេះ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​មិនចាំបាច់​បំពេញ​ការពិសោធ​លើ​មនុស្ស មុនពេល​ដាក់លក់​នៅក្នុង​ទីផ្សារ ដោយ​គ្រាន់តែ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ចាំបាច់​នាពេល​បន្ទាប់។

ក្រុមហ៊ុន Shionogi ក៏​សង្ឃឹមថា នឹង​អាច​ផ្គត់ផ្គង់​ថ្នាំ​នេះ ដល់​អ្នកជំងឺ​ចាប់ពី 1 លាន ទៅ 2 លាន​នាក់ ក្នុងប្រទេស​ជប៉ុន នៅ​ចុងឆ្នាំ 2021៕

Advertisement