អ្នក​ម្ដាយ វ័យ40 មុខ​ក្មេង​អស្ចារ្យ ថតរូប​ជាមួយ​កូន​ពេលណា អ្នកណា​ក៏​ថា ជា​បងស្រី​ដែរ វ៉ា​វ!!

អ្នក​ម្ដាយ​ជនជាតិ​ជប៉ុន​ម្នាក់ មុខ​នៅ​ក្មេង​ល្ហក់ ទោះ​អាយុ​ឈានចូល​ដល់​លេខ 4នាំមុខ​ក្ដី តែ​មើលទៅ​នៅ​ក្មេង ថតរូប​ជាមួយ​កូនស្រី​ពេលណា ធ្វើឱ្យ​អ្នកឃើញ វិលវល់ ញែក​មិន​ដាច់ មិនដឹងថា ម្នាក់​ណា​ម្ដាយ ម្នាក់​ណា​កូន..។

ក្លាយជា​រឿង​ល្បីល្បាញ​មួយ នៅពេលដែល​អ្នកស្រី “អា​យូ​មិ ខា​វ៉ា​បាតៈ” អ្នក​ម្ដាយ​នៅ​លីវ វ័យ 40ឆ្នាំ បាន​ផូ​ស្ត​រូបភាព​របស់ខ្លួន ដែល​ថត​ជាមួយ​កូនស្រី វ័យ 19ឆ្នាំ ធ្វើឱ្យ​កើតមាន​ការច្រឡំ​វិលវល់ ដល់​អ្នក​ដែល​បានឃើញ ក្នុង​បណ្ដាញ​សង្គម​យ៉ាងខ្លាំង ព្រោះ​ស្ទើរតែ​ញែក​មិន​ដាច់​ថា អ្នកណា​ជា​កូន អ្នកណា​ជា​ម្ដាយ។

កាលពី​ឆ្នាំ2019 អា​យូ​មិ ធ្លាប់​ធ្វើឱ្យ​មនុស្សម្នា​ទាំងឡាយ ភ្ញាក់ផ្អើល​ក្នុង​រឿង​មុខ​ក្មេង​ជាង​វ័យ ម្ដង​រួចមកហើយ ក្រោយពី​បាន​ចូលរួម​ប្រកួត “National Beauty Witch Contest” ដែលជា​វេទិកា​ប្រកួត​ស្រី​ស្អាត​វ័យ​ចំណាស់ ប្រចាំ​ប្រទេស​ជប៉ុន និង​បានទទួល​រង្វាន់​លេខ2។

ក្រៅពី​មាន​ផ្ទៃមុខ​នៅ​ក្មេង​ជាង​វ័យ​ហើយ​នោះ អា​យូ​មិ ថែមទាំង​ជា​អ្នក​ម្ដាយ ដែល​រឹងមាំ​ខ្លាំង​ទៀតផង ក្រោយពី​ការប្រកួត​ចប់ នាង​បានផ្ដល់​បទ​សម្ភាស​ថា នាង​មាន​ផ្ទៃពោះ ពេល​កំពុង​រៀន​មហាវិទ្យាល័យ ក៏​សម្រេចចិត្ត​ផ្អាក​ការរៀន និង​រៀបការ​ជាមួយ​ស្វាមី ក្លាយជា​អ្នក​ម្ដាយ Full time តែម្ដង​នៅពេលនោះ។

ប៉ុន្តែ អា​យូ​មិ នៅតែ​ចង់​ត្រឡប់​ទៅ​បន្ត​ការសិក្សា​ជាថ្មី​ម្ដងទៀត នាង​ក៏​ចុះឈ្មោះ​រៀន​ក្រៅ​ម៉ោង និង​រក​ការងារ​ធ្វើ ដែល​អ្វី​ទាំងអស់នេះ វា​បាន​បង្កើតឱ្យមាន​បញ្ហា​ក្នុង​ជីវិត​គូ ព្រោះ​ស្វាមី​របស់​នាង មិនសូវ​ជា​ចូលចិត្ត​ប៉ុន្មាន​ឡើយ។ អ្នក​ទាំង2 ចាប់ផ្ដើម​ឈ្លោះ​គ្នា កាន់តែខ្លាំង​ឡើងជារឿយៗ និង​នាំ​ឆ្ពោះទៅរក​ការ​លែងលះគ្នា​នៅ​ទីបំផុត តែ​ទោះជា​យ៉ាងណា អា​យូ​មិ នៅតែ​មិន​ចុះចាញ់​ជីវិត ព្រមទាំង​ប្រាប់ថា ក្រៅពី​បំពេញ​តួនាទី​ជា​ម្ដាយ​ហើយ នាង​នៅមាន​តួនាទី​ជា​ឪពុក និង​ជា​បងស្រី​របស់​កូន​ទៀតផង។

ទោះជា​អា​យូ​មិ ក្លាយជា​អ្នក​ម្ដាយ​នៅ​លីវ (កូន​មួយ) ក្ដី តែដោយសារ​តែ ការដែល​នាង​មានមុខមាត់​ស្រស់ស្អាត មាន​មន្ត​ស្នេហ៍ ធ្វើឱ្យមានបុរសៗជាច្រើន វិលវល់​ទៅមក ចូលមក​លក់​នំ​ញ៉ែ ចំពោះ​នាងជារឿយៗ ដែល​ធ្វើឱ្យ​នាង​មិនបាន​ចាប់អារម្មណ៍​អ្វី​ឡើយ។ ពេលនេះ នាង​មិនទាន់មាន​ផែនការ​ក្នុង​ការរៀប​មង្គលការ​ម្ដងទៀត​នៅឡើយ ព្រោះ​ត្រូវការ​មើលថែទាំ​កូនស្រី​របស់​នាង ឱ្យបាន​ល្អប្រសើរ​បំផុត​សិន។

ចំណែក​គន្លឹះ​សម្ងាត់ ក្នុងការ​មាន​រូបរាង​មុខមាត់​នៅ​ក្មេង​ជាង​វ័យ​នោះ អា​យូ​មិ ផ្ដល់​ភាព​សំខាន់​ទៅលើ​ការហាត់​ប្រាណ និង​ការគ្រប់គ្រង​អាហារ​ការហូបចុក។ នាង​ហាត់​យ៉ូ​ហ្គា ដើម្បីឱ្យ​រូបរាង​នៅតែ​ស្រ​ឡូ​ន​ស្អាត​ជាប្រចាំ គ្រប់គ្រង​ជាតិ​ស្ករ ទទួលទាន​សណ្ដែក និង​ផ្លែឈើ​ចំហុយ​ស្ងួត ជំនួស​ឱ្យ​ការទទួល​ទាន​អាហារ​ចម្អាប៕

ប្រភព៖ chinatimes
ប្រែ​សម្រួល​ដោយ អ្នកគ្រូ ឆវី

Advertisement