ចង់​ញញឹម​ស្អាត កុំ​ភ្លេច​ញ៉ាំ​របស់​ខាងក្រោម​នេះ…

ប្រាកដ​ណាស់​ថា ស្នាមញញឹម​របស់នារីៗ គឺជា​មន្ត​ស្នេហ៍​មួយ សម្រាប់​អ្នក​ដែល​បានឃើញ ដូច្នេះហើយ ទើប​យើង​ត្រូវតែមាន​វិធី​មើលថែទាំ​ធ្មេញ​របស់​យើង​ឱ្យ​ស្អាត ស និង​រឹងមាំ ដើម្បី​ត្រៀម​ជានិច្ច​សម្រាប់​ការ​ញញឹម​យ៉ាង​ស្រស់ស្រាយ ឱ្យ​អ្នក​ដែល​នៅ​ជុំវិញខ្លួន ឈ្លក់​វង្វេង តែ​សួរថា តើ​ត្រូវ​ញ៉ាំ​អ្វីខ្លះ​ដើម្បីឱ្យ​ធ្មេញ ស ស្អាត និង​រឹងមាំ​នោះ សូម​តាមដាន​ជា​បន្ត…។

.អាហារ​ពពួក ខា​បូ​ហាយ​ដ្រេ​ត

អាហារ​ពពួក​ខា​បូ​ហាយ​ដ្រេ​ត ដែលមាន​ដូចជា ម្សៅ បាយ នំប៉័ង​នោះ ច្រើនតែ​ជាប់​នៅតាម​ប្រឡោះ​ជើងធ្មេញ ឬ​បរិវេណ​អញ្ចាញ បន្ទាប់ពីនោះ​ម្សៅ​នឹង​បំបែក​ខ្លួន ក្លាយជា​ស្ករ មាន​មេរោគ​បាក់តេរី ធ្វើឱ្យ​កើត​ស្នាម​កំណក និង​អាច​កើត​ជំងឺ​អញ្ចាញធ្មេញ​បាន ដែល​អាចធ្វើឱ្យ​ធ្មេញ​ពុក​បាន។ ដូច្នេះ​សម្រាប់​អាហារ​ប្រភេទ​ខា​បូ​ហាយ​ដ្រេ​ត​នេះ យើង​គួរ​ញ៉ាំ​ចំពោះតែ​ពេល​អាហារចម្បងៗ ដូចជា ពេលព្រឹក ថ្ងៃ និង​ល្ងាច​បាន​ហើយ ចៀសវាង​ញ៉ាំ​លេង នៅ​ចន្លោះពេល​អាហារ​ទាំងនោះ ព្រោះថា នៅក្នុងពេល​អាហារចម្បងៗទាំងនោះ យើង​នឹង​បញ្ចេញ​ទឹកមាត់​មក​ច្រើនណាស់ ទើប​កម្ទេច​កំណក​អាហារ​ទាំងនោះ ត្រូវបាន​លាង​សម្អាត​ចេញ​អស់យ៉ាង​ងាយ។

.គួរ​ញ៉ាំ​ទឹកតែ​ជាប្រចាំ

មិនថាតែ តែ​ខ្មៅ ឬ​តែ​បៃតង​នោះទេ សុទ្ធ​តែមាន​សារធាតុ ផូ​លី​ហ្វើ​ណូ​ល ដែលជា​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ពី​រុក្ខជាតិ ដែល​ការពារ​មិនឱ្យ​មាន​កំណក​កខ្វក់លឿងៗ មក​តោង​ជាប់​នៅលើ​ធ្មេញ ជួយ​កាត់បន្ថយ​ឱកាស​ក្នុងការ​កើតរោគ​ធ្មេញ​ពុក ឬ​រោគ​អញ្ចាញ​ឱ្យ​ថយចុះ​បាន។ ក្រៅពីនេះ វា​នៅ​អាច​កាត់បន្ថយ​ក្លិន​មាត់ ដោយមាន​គុណសម្បត្តិ​ទប់ស្កាត់​ការរីក​ធំធាត់​របស់​មេរោគ​បាក់តេរី​ដែលជា​មូលហេតុ​របស់​ក្លិន​មាត់​ទៀតផង ហើយ​ទឹកតែ ភាគច្រើន​នៅមាន ភ្លូ​អូ​រ៉ា​យ​ដ៍ ដែល​បានមកពី​ស្លឹក​តែ​ទៀតផង។

.ញ៉ាំ​វិ​តា​មីន​C ឱ្យបាន​គ្រប់គ្រាន់

វីតាមីន​C ប្រៀបដូចជា​ស៊ីម៉ង់ត៍​ដែល​ភ្ជាប់​កោសិកាផ្សេងៗ ឱ្យ​ចូលមក​ជាប់​ជាមួយគ្នា​វិញ វា​ចាំបាច់​ចំពោះ​ស្បែក​ដូចគ្នា​នឹង​សាច់​ភ្នាស​របស់​អញ្ចាញធ្មេញ​ដែរ។ អ្នក​ដែល​ញ៉ាំ​វីតាមីន​C តិចជាង 60មី​ល្លី​ក្រាម​ក្នុង 1ថ្ងៃ នឹងមាន​ឱកាស​កើតរោគ​អញ្ចាញធ្មេញ​ខ្ពស់ជាង​អ្នក​ដែល​ញ៉ាំ 180មី​ល្លី​ក្រាម ឬ​ច្រើនជាង 25% ដូច្នេះហើយ​ទើប​វីតាមីន​C ជា​ចំណែក​មួយ​សំខាន់ ដែល​ជួយ​មើលថែទាំ​ធ្មេញ​ឱ្យ​រឹងមាំ​ឡើង។

ត្រឹមតែ​វិធី 3យ៉ាងងាយៗនេះ ធានាថា ធ្មេញ​របស់​អ្នកនឹង​ស្រស់ស្អាត ស និង​រឹងមាំ ត្រៀម​ជាស្រេច​សម្រាប់​ការ​ញញឹម​ដ៍​ស្រស់ស្រាយ និង​មាន​មន្ត​ស្នេហ៍​យ៉ាងពិត​ប្រាកដ៕

Advertisement