ការមើល​ថែទាំ​ស្បែ​កមុខ ឱ្យនៅ​ស្រស់ស្អាត​ជានិច្ច សម្រាប់​ស្ត្រី​វ័យ​អស់​រដូវ

ស្ត្រីៗដូច​ពួកយើង ពេល​ឈានចូល​ដល់​វ័យ​អស់​រដូវ​ហើយ​នោះ  ភាពប្រែប្រួល​ដែល​កើតឡើង ដែល​មើលឃើញ​ច្បាស់​នោះ​គឺ បញ្ហា​ស្បែក ដែល​រុះ​រោយ ស្រពោន​អាប់។ មើលទៅ​លែង​ស្អាត​ស្រស់ ភ្លឺ​ថ្លា​ដូច​ពីមុន រហូត​ធ្វើឱ្យស្ត្រីៗជាច្រើន​នាក់ ត្រូវ​ប្រញាប់​ស្វះស្វែង រិះរក​វិធី​ជាច្រើន មក​មើលថែ​បំប៉ន​ស្បែក​យ៉ាង​ប្រញាប់។ ថ្ងៃនេះ យើង​សូម​នាំយក​គន្លឹះល្អៗ ដែល​ជួយ​បំប៉ន និង​ថែទាំ​ស្បែ​កមុខ ឱ្យ​ស្អាត​ម៉ដ្ឋ​ថ្លា មក​ជម្រាបជូន​ដូចខាងក្រោម​នេះ៖

-មើលថែទាំ និង​បំប៉ន​ស្បែក​ឱ្យ​សមល្មម ដោយ​ការ​លាប​ឃ្រី​ម​បំប៉ន ដែលមាន​គុណសម្បត្តិ​ជួយ​ពន្យារ​ភាពចុះ​ទ្រុឌទ្រោម​របស់​កោសិកា និង​ស្តារ​សភាព​ស្បែក ដែល​ជ្រាយ​យារ ឱ្យ​ស្មើ​តឹង​ឡើងវិញ ដែលមាន​វីតាមីន​A វីតាមីន​C វីតាមីន​E និង​ខូ​ល​ឡា​ជេន។  ក្រៅពីនេះ គួរ​លាប​ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ ដែលមាន​ចំណែក​ផ្សំ​របស់ ម៉​យ

ស្ជើ​រ៉ា​យ​ហ្ស័​រ និង​សារធាតុ​ពន្យារ​ការកើត​ស្លាកស្នាម ដើម្បី​ជួយ​ការពារ​ការឡើង​ស្រអាប់​ខ្មៅ និង​មិនឱ្យ​កើត​ស្នាម​ជ្រួញ​យារ​នៅលើ​ស្បែក ដោយសារ​ត្រូវ​កម្ដៅថ្ងៃ។

-សម្អាត​ស្បែ​កមុខ ឱ្យ​ស្អាត​ស្រស់ថ្លា​ជាប់​ជានិច្ច…ដោយសារតែ​ស្ត្រី​ក្នុង​វ័យ ៤០ជាង ភាគច្រើន​តែង​ប្រើ​គ្រឿងសម្អាង បិទបាំង​ស្លាកស្នាម ជាប្រចាំ​រៀងរាល់​ថ្ងៃនោះ  ទើប​ជាហេតុ​ធ្វើឱ្យ​ស្បែក​មើលទៅ​ចុះខ្សោយ និង​ងាយ​កើតមាន​ស្នាម​ជ្រីវជ្រួញ ដូច្នេះ​ដើម្បី​កុំឱ្យ​ស្បែ​កមុខ កាន់​តែមាន​បញ្ហា​ខ្លាំង​ជាង​មុន​នោះ អ្នក​គួរប្រើ​ម្សៅ​មេក​អាប់ ដូចជា ម្សៅ​ទ្រនាប់ ឬ BBឃ្រី​ម សាច់ស្តើង។ បន្ទាប់ពីនោះ ពេល​ត្រឡប់មក​ដល់ផ្ទះ​ហើយ គួរ​ជូត​សម្អាត​ស្បែ​កមុខ ដោយ​ការយក​សំលី​ជ្រលក់​ទឹក​ឃ្លី​ន​ហ្ស៊ី​ង លាង​សម្អាត​គ្រឿងសម្អាង ហើយ​សឹម​ជូត​ចេញ​យ៉ាង​ថ្នមដៃ​បំផុត។

-គេង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់…ព្រោះ​ក្នុងខណ:ដែល​យើង​កំពុង​គេង​លក់ រាងកាយ​នឹង​បញ្ចេញ​សារធាតុ មេ​ឡា​ថូ​នី​ន និង​សារធាតុ​អេ​ន​ដូ​ហ្វ៊ី​ន ដែលមាន​ចំណែក​ជួយ​ធ្វើឱ្យ​ផ្ទៃមុខ ឡើង​ស្រស់ថ្លា​ភ្លឺរលោង និង​មើលទៅ​ក្មេង​ជាង​វ័យ។

-ទទួលទាន​អាហារ​បំប៉ន​ស្បែក  ដែលមាន​ដូចជា អាហារ​ពពួក​បន្លែ និង​ផ្លែឈើ​ស្រស់​ពណ៌​បៃតង ពណ៌​លឿង និង​ពណ៌​ក្រហម។ ដោយសារតែ​បន្លែ​ផ្លែឈើ​ទាំងអស់នោះ សម្បូរ​ទៅដោយ​វិ​តា​មីន សារធាតុ​រ៉ែ រួមទាំង​សារធាតុ​ប្រឆាំង​សារធាតុ​រ៉ាឌីកាល់​សេរី ធ្វើឱ្យ​ស្បែក​ស្អាត​ស្រស់ថ្លា និង​មាន​ភាពយឺត​តឹង។

-ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន   ព្រោះ​ការ​ញ៉ាំ​ទឹក មិន​ត្រឹមតែ​ជួយ​ចិញ្ចឹម​ប្រព័ន្ធ​ការធ្វើការងារ​របស់​រា​ង​កាយ ឱ្យ​ប្រក្រតី​នោះទេ វា​នៅ​ហុច​ផល​ល្អ​ដល់​ស្បែក របស់​អ្នក​ទៀតផង។ ជួយ​ពន្យឺត​ភាព​ជ្រួញ​យារ​របស់​ស្បែក ថែមទាំង​ផ្លាស់ប្តូរ​ស្បែក​ចាស់ ដែល​ធ្លាប់តែ​ក្រៀម​ស្វិត ឱ្យ​មើលទៅ​ស្អាត​តឹង​ណែន មាន​សុខ​ភាពល្អ​មិន​ចាញ់​ឃ្រី​ម​បំប៉ន​ស្បែក​តម្លៃថ្លៃៗប៉ុន្មាន​ឡើយ។

-ចៀសវាង​ពីអ្វី ដែល​ធ្វើឱ្យ​ស្បែក​ក្រៀម​ជ្រួញ​មិន​ស្រស់ថ្លា   ដូចជា​ការ​ដុស​មុខខ្លាំងៗ ការ​ធុញថប់​មួម៉ៅ ការ​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល និង​កាហ្វេ​អ៊ី​ន ដែលជា​កត្តា​បំផ្លាញ​ភាពស្រស់ថ្លា​របស់​ស្បែក ឱ្យ​ឆាប់​រុះ​រោយ និង​មើលទៅ​ចាស់​ជាង​វ័យ។

កុំ​រវល់​តែ​ឆ្លុះកញ្ចក់ ហើយ​អង្គុយ​ពិបាក​ចិត្តនឹង​បញ្ហា​ស្បែក​មុខ​តទៅទៀត​អី  ចូរ​នាំគ្នា​មក​ចាប់ផ្តើម​មើលថែ​បំប៉ន​ស្បែក ឱ្យនៅតែ​ស្អាត ចាប់ពី​ថ្ងៃនេះ​តែម្តង ក៏​មិនទាន់​ហួសពេល​ដែរ៕

Advertisement