អាហារ​ដែល​ជួយ​ប្រឆាំងនឹង​ការកើត​ស្លាកស្នាម

ស្បែក​របស់​យើង ក្រោយពី​ត្រូវបាន​បំផ្លាញ​ដោយ​ពន្លឺព្រះអាទិត្យ និង​ធាតុអាកាស​មិនល្អ​ជុំវិញខ្លួន​ហើយ​នោះ វា​នឹង​ហុច​ផល​ធ្វើឱ្យ​កើតមាន​សារធាតុ​រ៉ាឌីកាល់​សេរី ដែល​ពិតប្រាកដ​ណាស់​ថា វា​គឺជា​បច្ច័យ​អាក្រក់​មួយ ដែល​ធ្វើឱ្យ​ស្បែក​របស់នារីៗយើង កើតមាន​ស្នាម​ជ្រីវជ្រួញ​មុន​អាយុ​បាន។  ដូច្នេះ​ថ្ងៃនេះ យើង​មាន​ចំណីអាហារល្អៗដែល​ជួយ​ព្យាបាល និង​ប្រឆាំងនឹង​ការកើត​ស្លាកស្នាម មិនឱ្យ​ឆាប់​ចាស់​មុន​អាយុ មក​ជម្រាបជូននារីៗយើង​ទាំងអស់​ដូចខាងក្រោម ៖

-ផ្លែ​ល្ហុង​ទុំ

នៅក្នុង​សាច់​ល្ហុង​ទុំ មាន​សារធាតុ ឃែ​រ៉ូ​ធី​ន  វិ​តា​មីន​C និង​សារធាតុ​រ៉ែ ដែល​ចាំបាច់​ចំពោះ​អង់​ហ្ស៊ី​ម របស់​រាងកាយ​មនុស្ស​យើង។ សាច់​ល្ហុង ជួយ​ក្នុង​រឿង​នៃ​ការផ្លាស់ប្តូរ​កោសិកា​ស្បែក និង​ផ្តល់នូវ​សំណើម នៅពេល​បានទទួល​ទាន ឬ​ប្រើប្រាស់​ធ្វើជា​គ្រឿង​ថែបំប៉ន​ស្បែក​ជាប់​ជាប្រចាំ​ហើយ​នោះ វា​អាចជួយ​ប្រឆាំងនឹង​ការកើត​ស្នាម​ជ្រីវជ្រួញ និង​ចាស់​មុន​អាយុ​បាន ហើយ​ផ្លែ​ល្ហុង​ទុំ​នៅបាន​ជួយ​ធ្វើឱ្យ​ស្បែក​របស់​យើង​ទន់ ភ្លឺ​ថ្លា និង​ល្អ​ចំពោះ​សុខភាព​ទៀតផង។

-ផ្លែ​ប៊័រ ឬ​ផ្លែ​អា​វ៉ូ​កាដូ

ផ្លែ​ប៊័រ គឺជា​ប្រភព​រួម​នៃ​សារធាតុ​អាហារ ដែល​ផ្ទុក​ទៅដោយ វិ​តា​មីន A , B , D  និង E ហើយ​ខ្លាំង​ជាង​នោះ​ទៅទៀត ផ្លែ​ប៊័រ​នៅមាន ប៉ូ​តា​ស្យូ​ម​ច្រើនជាង​ផ្លែ​ចេក និង​មាន​សារធាតុ​ខ្លាញ់ ដែល​ល្អ​សម្រាប់​សុខភាព​ទៀតផង។  យើង​តែង​សង្កេតឃើញថា បច្ចុប្បន្ននេះ ផ្លែ​ប៊័រ​ភាគច្រើន​ត្រូវបាន​គេ​យកមក​កែច្នៃ​ធ្វើជា​ឃ្រី​ម​ថែបំប៉ន​ស្បែក  ព្រោះ​វា​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​ជួយ​រក្សា​ព្យាបាល​ស្នាម​ជាំ និង​ស្នាម​អុច​ខ្មៅ​បាន​ទៀតផង។

-ទឹកឃ្មុំ

ទឹកឃ្មុំ​ជួយ​ស្តារ និង​ថែទាំ​សភាព​ស្បែក​ឱ្យ​ស្អាត និង​មាន​សំណើម ព្រមទាំង​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី នៅក្នុង​នោះ​ស្រាប់​ទៀតផង។ គុណសម្បត្តិ​របស់​ទឹកឃ្មុំ អាច​ការពារ​មេរោគ​បាក់តេរី​ដែល​ធ្វើឱ្យ​កើតមុន​បាន  ជាការ​ព្យាបាល​មុន បែបងាយៗ ដែលនារីៗទាំងឡាយ​អាចធ្វើ​ដោយ​ខ្លួនឯងបាន​នៅផ្ទះ។

អាហារ​ទាំងអស់​ខាងលើនេះ អាច​រកបាន​ដោយ​ងាយ និងនៅក្បែរៗខ្លួន​យើង​ហ្នឹងឯង មែន​ទេ? ហើយ​អ្វីដែល​សំខាន់​នោះ​គឺ តម្លៃ​វា​មិន​ថ្លៃ​ទៀតផង។ សូម​សាកល្បង​ជ្រើសរើស​ទិញ មក​ទទួលទាន​ម្តង​មើល៍ ព្រោះ​វា​សុទ្ធតែជា​ចំណីអាហារ​ដែល​ល្អ​សម្រាប់​ស្បែក​របស់នារីៗយើង​ទាំងអស់៕

Advertisement