ភ្នំពេញ: ជាមួយនឹងភាពជោគជ័យលើវិថីសិល្បៈ ក្នុងទ្រនំដ៏កក់ក្តៅផលិតកម្មសាន់ដេ តារាចម្រៀងសំនៀងមាយា កញ្ញា សុខ ពិសី បែរជាត្រូវបានគេទម្លាយព័ត៌មានដ៏ភ្ញាក់ផ្អើលថា រាជិនីសាន់ដេ កញ្ញា សុខ ពិសី និងម្ចាស់ផលិតកម្មផ្ទាល់តែម្តង បានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាយ៉ាងយូរក្រោមដំបូលផ្ទះតែមួយ។
ប្រភពស្និទ្ធនឹងសាន់ដេបង្ហើបទៀតថា សុខ ពិសី បានបង្កើតចំណងស្នេហ៍ជាមួយថៅកែសាន់ដេ ខាងលើយូរឆ្នាំហើយ ដោយរួមរស់ក្រោមដំបូលផ្ទះតែមួយថែមទៀតផង។ ពួកគេទៅណាមកណាជាមួយគ្នា ប៉ុន្តែមិនហ៊ានថតរូប បង្ហាញជាសាធារណៈទេ ដោយរូបខ្លះបិទបាំង ខ្លាចធ្លាយដំណឹងស្នេហ៍ ដែលពួកគេខំបិទបាំង។ ថៅកែវ័យក្មេងសាន់ដេឈ្មោះ លោកសេង តែងតែលើកតម្កើងតួស្រីរបស់ខ្លួនរូបនេះខុសពីតារាផ្សេងៗ ដែលកំពុងស្ថិតក្នុងទ្រនំជាមួយគ្នា ហើយតារាទាំងនោះក៏មានទឹកដមសំនៀងពីរោះជាង សុខ ពិសី ផងដែរ។
ទោះបីជាយ៉ាងណា ព័ត៌មាននេះ ក៏ត្រូវបានអ្នកនៅក្នុងមជ្ឈដ្ឋានសិល្បៈ លើកឡើងផងដែរថា ជារឿងពិតដែលពិបាកនឹងនិយាយបើកចំហ ប៉ុន្តែកញ្ញា សុខ ពិសី ក្នុងជំនួបនឹង ភ្នំពេញប៉ុស្តិ៍ នាងបានលើកឡើងថា៖ «រឿងព័ត៌មាននេះ មិនមែនទើបតែត្រូវបានគេលើកមកនិយាយពេលនេះទេ។ វាកើតឡើងច្រើនឆ្នាំហើយ តែពេលនេះមិនដឹងថា រឿងអីត្រូវបានព័ត៌មានគេចុះផ្សាយទៀតទេ»។
តារាចម្រៀងកំព្រាម្តាយ ក្នុងគ្រោះមួយប៉ប្រិចភ្នែករបស់ខ្លួន កញ្ញា សុខ ពិសី ពោលថា៖ «ខ្ញុំមិនសប្បាយចិត្តទេ នឹងព័ត៌មានបែបនេះផ្ទុះឡើង ហើយជាមួយមេកើយទៀត។ វាពិតជាមិនល្អមែនសម្រាប់ខ្ញុំ ហើយក៏ប៉ះពាល់នឹងការងារខ្ញុំផងដែរ»។
បន្ទរសម្ដីហ្មងសៅនេះ តារាចម្រៀង សុខ ពិសី បានប្រាប់ថា៖ «វាជារឿងធម្មតាហើយ ខ្ញុំជាតារាកន្លងមកក៏ធ្លាប់ថតរូបបែបនេះ ក្នុងចេតនាលេងសើចជាមួយមិត្តភក្ដិរួមអាជីព ហើយក៏ធ្លាប់ថតរូបរបៀបនេះ ជាមួយបង សិរីមន្តផង តែរូបនេះគេមិនបានយកមកផ្គូផ្គងផង ម៉េចក៏យកតែរូបថតនេះមកនិយាយអ៊ីចឹង»។
កញ្ញា សុខ ពិសី ក៏បានប្រាប់ទៀតថា៖ «បើខ្ញុំមានស្នេហាមែននោះ ខ្ញុំក៏នឹងមិនលាក់បាំងដែរ តែនេះ ខ្ញុំក៏មិនដឹងថា បកស្រាយយ៉ាងណាដែរ ខណៈគេយករូបបែបនោះ ហើយនិងថា ខ្ញុំនឹងថៅកែជាម្ចាស់ស្នេហ៍នឹងគ្នា ទាំងខ្ញុំមិនបានប្រព្រឹត្តឬក៏ដឹងអីសោះមុននេះ»។
នាងប្រាប់ថា៖ «ខ្ញុំមិនដឹងថា រូបភាពនោះយ៉ាងណាទេ តែក្នុងគណនីហ្វេសប៊ុកខ្ញុំ ខ្ញុំមិនដែលបានបង្ហោះវាទេ បើចង់ដឹងច្បាស់មានតែគាត់ (ថៅកែ) ពីរូបភាពទាំងនោះ»។
កញ្ញា សុខ ពិសី ទទូចទៀតថា៖ «ខ្ញុំមិនចង់ដឹង និងមិនចង់ឮទេព័ត៌មានបែបនេះ។ ខ្ញុំសព្វថ្ងៃគិតតែពីការងារសិល្បៈជាឆ្នាំងបាយខ្ញុំ បើខ្ញុំអត់សិល្បៈដូចវាយឆ្នាំងបាយអ៊ីចឹង ហើយខ្ញុំក៏មិនចង់មានព័ត៌មានស្អី ប៉ះពាល់ថៅកែដែរ ព្រោះគាត់ជាមេ ខ្ញុំគោរពគាត់។ គាត់ផ្តល់ឱកាសការងារឲ្យខ្ញុំ ត្រឹមហ្នឹងហើយ ដែលខ្ញុំមិនសប្បាយចិត្តព័ត៌មានអ៊ីចឹងៗលេចឡើង ហើយទាំងមិនមែនជាការពិតទៀត»៕