នេះបានចំជាព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” មែន ក្រឡេកទៅជ្រុងណាក៏ឃើញតែស្នាមញញឹមដែរ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិគឺពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយជាមួយគ្រប់សកម្មភាពនៅក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះ ដែលរៀបចំឡើងរយៈពេល២ថ្ងៃ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប គឺពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយមានការតាំងបង្ហាញម្ហូបអាហារបែបខ្មែរបុរាណ មានស្ដង់ពិព័រណ៍ជាច្រើន ការសម្ដែងសិល្បៈចម្រុះបែប ហើយនៅព្រឹកថ្ងៃទី២៩ ខែតុលា គឺជាពិធីបើកព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២ ជាផ្លូវការណ៍នៅមុខប្រាសាទអង្គរវត្ត ដោយមានការសម្តែងសិល្បៈ អមជាមួយការតាំងពិព័រណ៍សិល្បៈវប្បធម៌ចម្រុះជាច្រើន។ ចំណែកនៅពេលថ្ងៃរសៀល ក៏មានរៀបចំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ និងការសម្តែងរបាំបុរាណខ្មែរជាច្រើនទម្រង់ ដោយក្នុងនោះមានសិល្បករ-សិល្បការិនីល្បីៗប្រមាណ៥០០នាក់បានស្ម័គ្រចិត្តចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ។ ដោយឡែកនៅថ្ងៃទី៣០ ខែតុលា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ក៏បានរៀបចំកម្មវិធីពិព័រណ៍ភ្លក្សម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ ការប្រគំតន្ត្រីខា្នតតូច ការសម្តែងរបាំ ព្រមទាំងសិល្បៈផ្សេងៗជាច្រើនទម្រង់ទៀត ហើយភ្ញៀវដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះត្រូវបានលើកទឹកចិត្តឱ្យស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរផងដែរ ដែលញ៉ាំងឱ្យព្រឹត្តិការណ៍នេះទាំងមូលកាន់តែអស្ចារ្យ និងសប្បាយរីករាយក្រៃលែង ទាំងភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ផ្ទៃមុខគឺពេញដោយស្នាមញញឹម និងសំណើចក្អាកក្អាចពេញរយៈពេល២ថ្ងៃនៃកម្មវិធី។
ដោយសារតែមានការគាំទ្រខ្លាំងចំពោះព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី១ ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមការជួយជ្រោមជ្រែងរបស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការគាំទ្រយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានទាំងភ្ញៀវជាតិ និងអន្តរជាតិ ទើបញ៉ាំងឱ្យមានព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះឡើង។
នៅក្នុងឱកាសនោះដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងឡើងថា “ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ ត្រូវបានរៀបចំឡើងធំជាងមុន និងអស្ចារ្យជាងមុន តាមរយៈការចង្អុលបង្ហាញដោយផ្ទាល់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការរៀបចំដោយរដ្ឋបាលខេត្តសៀមរាប ហើយក៏មានការសហការឧបត្ថម្ភគាំទ្រពីក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរអប្សរា ព្រមទាំងស្ថាប័នឯកជនមួយចំនួនទៀតផងដែរ។ ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ រៀបចំឡើងក្នុងគោលបំណងធំៗចំនួន២ គឺទី១ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងគោលបំណងទី២ គឺរួមគ្នាជំរុញការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទៅកាន់ពិភពលោកទាំងមូល និងដើម្បីចូលរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ”។
ជួបគ្នាឆ្នាំក្រោយ ក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី៣ សូមចូលរួមទាំងអស់គ្នា!