Skip to content

តើកម្ពុជាគួរចូលរួមក្នុងកម្មវិធី Miss Grand International តទៅទៀតដែរឬទេ?

ជម្លោះរវាង Miss Grand Cambodia (MGC) និង Miss Grand International (MGI) បានធ្វើឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពី MGI បានលុបចោលតួនាទីជាសហម្ចាស់ផ្ទះសម្រាប់កម្មវិធីប្រកួត Miss Grand International 2024 ដែលដើមឡើយគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា និងបន្តទៅប្រទេសថៃ។ MGI បានលើកឡើងពីការព្រួយបារម្ភអំពីសមត្ថភាពក្នុងការរៀបចំរបស់កម្ពុជា ដោយលើកឡើងថា ពួកគេមានអារម្មណ៍ថា អ្នករៀបចំរបស់ប្រទេសកម្ពុជាមិនបំពេញតាមស្តង់ដារចាំបាច់សម្រាប់ការធ្វើជាម្ចាស់ផ្ទះ រួមទាំងបញ្ហានៃការទទួលភ្ញៀវ ការគ្រប់គ្រងមិនបានល្អនៅអាកាសយានដ្ឋាន និងដំណើរកម្សាន្ត Gala Dinner ដែលមិនមានការរៀបចំឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយទៅតាមស្តង់ដារដែលខ្លួនចង់បាន ជាពិសេសជុំវិញការទទួលទានអាហារពេលល្ងាចនៅលើទូកក្នុងទីក្រុងភ្នំពេញ ដែលធ្វើឱ្យប្រធាន MGI លោក Nawat Itsaragrisil រិះគន់ដល់ការរៀបចំរបស់ប្រទេសកម្ពុជា ដោយអះអាងថាមិនមានស្តង់ដារ និងការព្រួយបារម្ភអំពីសុវត្ថិភាព។ ជាលទ្ធផល MGI បានសម្រេចចិត្តផ្លាស់ប្តូរសកម្មភាពទាំងអស់ទៅប្រទេសថៃជំនួសវិញ។

ជាការឆ្លើយតប លោកស្រី អ៊ឹម សុគន្ធា នាយិកានៃ Miss Grand Cambodia បានរិះគន់ជាសាធារណៈចំពោះការសម្រេចចិត្តរបស់ MGI ហើយបានប្រកាសថា MGC នឹងដកបេក្ខនារីរបស់កម្ពុជា គឺកញ្ញា ប៊ី សុធារី ចេញពីការប្រកួត Miss Grand International 2024។ ការសម្រេចចិត្តបែបនេះ ដោយសារ​លោកស្រី អ៊ឹម សុគន្ធា និង​អ្នក​រៀបចំ​កម្មវិធី​របស់ប្រទេសកម្ពុជា​មិនពេញចិត្តនឹង​ទង្វើរបស់លោក Nawat Itsaragrisil ដែលជាប្រធាន​ MGI ដែលមានភាព​អយុត្តិធម៌ និង​ការ​ខ្វះ​ការ​គោរពចំពោះ​ប្រទេស​កម្ពុជាយើង។ លោកស្រីក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន មេឌា ផងដែរថា “ខ្ញុំសូមប្រកាសថាខ្ញុំឈប់រៀបចំកម្មវិធី Miss Grand International តទៅទៀតហើយ ទោះជាខ្ញុំនៅមានកុងត្រាទទួលបានសិទ្ធិពេញលេញក្នុងការរៀបចំកម្មវិធីនេះនៅក្នុងឆ្នាំ2025ក៏ដោយ ដូច្នេះនៅក្នុងឆ្នាំ2025នេះ ខ្ញុំនឹងមិនរៀបចំកម្មវិធីនេះ ឬបញ្ជូនបេក្ខភាពរបស់យើងទៅចូលរួមនោះទេ តែបន្ទាប់ពីឆ្នាំ2026ទៅបើមានខាងក្រុមហ៊ុន ឬស្ថាប័នណាមួយនៅក្នុងប្រទេសកម្ពុជាយើងគេចង់ទិញសិទ្ធិរៀបចំកម្មវិធីនេះ ក៏តាមតែខាងគេទៅ និងទៅតាមការសម្រេចចិត្តរបស់ក្រសួងដែលពាក់ព័ន្ធ ព្រមទាំងប្រជាជនកម្ពុជាយើងជាអ្នកសម្រេចចិត្តចុះ តែសម្រាប់រូបខ្ញុំ និងស្ថាប័នរបស់ខ្ញុំគឺនឹងមិនចូលរួមកម្មវិធីនេះតទៅទៀតទេ។ កម្ពុជាយើងមានសមត្ថភាពក្នុងការបង្កើតកម្មវិធីប្រកួតលំដាប់អន្តរជាតិដោយខ្លួនឯង ដោយមិនចាំបាច់ពឹងលើកម្មវិធីរបស់អ្នកដែលមិនឱ្យតម្លៃយើងនោះទេ”។

ដោយឡែកចំពោះអ្នក​លេងបណ្តាញ​អ៊ីនធឺណិត និងអ្នកគាំទ្រកម្មវិធី Miss Grand International នៅ​ប្រទេសកម្ពុជា​រាប់​ពាន់​នាក់​បាន​សម្ដែង​ការ​ខក​ចិត្ត និងផ្ទុះ​កំហឹងជាខ្លាំង​តាម​រយៈបណ្តាញអ៊ីនធឺណិត ដោយ​គាំទ្រ និង​អំពាវនាវ​ឱ្យនាយិកានៃ Miss Grand Cambodia 2024 បញ្ឈប់ការចូលរួម ក៏ដូចជាបញ្ជូន កញ្ញា ប៊ី សុធារី ឱ្យទៅចូលរួមការប្រកួត Miss Grand International 2024 នៅប្រទេសថៃនោះទេ ព្រោះថៃមើលងាយ និងមិនឱ្យតម្លៃ Miss Grand កម្ពុជាយើង ក្រុមការងាររបស់កម្ពុជា និងនាយិកានៃ Miss Grand Cambodia ហើយពួកគេក៏បន្តសំណូមពរឱ្យប្រជាជនកម្ពុជាយើងទាំងអស់បញ្ឈប់ការគាំទ្រដល់កម្មវិធីប្រកួត Miss Grand International រួមទាំងបញ្ឈប់ការបញ្ជូន Miss Grand របស់ប្រទេសកម្ពុជាយើងទៅចូលរួមប្រកួតគ្រប់ការប្រកួតរបស់ MGI តទៅទៀត ហើយមានអ្នកខ្លះថែមទាំងបានComment ថា “Buy Buy MGI!… Buy MGI Forever” ថែមទៀតផង។

ដើម្បីឆ្លើយតបទៅនឹងជម្លោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Miss Grand International (MGI) 2024 នៅកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់យ៉ាងច្បាស់ថា ឯកឧត្តមមិនដែលសន្យាថានឹងចូលរួមសន្និសីទសារព័ត៌មាន ឬព្រឹត្តិការណ៍បន្ថែមលើសពីកិច្ចប្រជុំជាក់លាក់ជាមួយតំណាង និងបេក្ខនារីរបស់ MGI នៅថ្ងៃទី៦ ខែតុលានោះទេ។ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់បន្ថែមទៀតថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួត Miss Grand International 2024 នេះគឺក្នុងគោលបំណងបង្ហាញពីសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជាជាសាកល ដែលជាគោលដៅដែលនៅតែមិនផ្លាស់ប្តូរ ទោះបីជាមានភាពចម្រូងចម្រាសគ្នាក៏ដោយ។

ក្នុងនោះដែរ ក្លឹបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ ក៏បានជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សូមធ្វើការដោះស្រាយរឿងនេះឱ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសភាពតានតឹងរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងបញ្ឈប់​នូវ​វិវាទ​របស់​ពួក​គេ​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​​ ព្រោះបញ្ហាជម្លោះនេះគឺជាជម្លោះរវាងស្ថាប័ន MGC និងស្ថាប័ន MGI ប៉ុណ្ណោះ មិនមែនជាជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *