Skip to content

មន្ទីរ​បញ្ច​កោណ បង្កើត​ក្រុមការងារ​ពិសេស ទទួលបន្ទុក​បញ្ហា​ប្រទេស​ចិន

ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក ទើបតែ​បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ​ដែល​ទទួលខុសត្រូវ​លើ​បញ្ហា​ប្រទេស​ចិន នៅក្នុង​កិច្ចប្រជុំ​មួយ​ដែលមាន​វត្តមាន​របស់​រដ្ឋមន្ត្រី Lloyd Austin រួម​នឹង​ក្រុម​មេដឹកនាំ​កងទ័ព និង​ក្រុម​ស៊ើបការណ៍​សម្ងាត់។

«កិច្ចប្រជុំ​ថ្ងៃនេះ​គឺ​ដើម្បី​កំណត់​បេសកកម្ម ផែនការ​ពេលវេលា និង​កិច្ចការ​បន្ទាប់​របស់​ក្រុមការងារ អមដោយ​ការវាយតម្លៃ​រួម​អំពី​គោលនយោបាយ កម្មវិធី និង​ដំណើរការ​របស់​ក្រសួងការពារជាតិ​នៅក្នុង​បញ្ហា​ទាំងឡាយ​ដែល​ទាក់ទិន​នឹង​ប្រទេស​ចិន» លោក John Kirby បានឱ្យដឹង​កាលពី​ថ្ងៃទី 1 មីនា (ម៉ោង​ក្នុងស្រុក)។

យោងតាម​ការប្រកាសរ​បស់​មន្ទីរ​បញ្ច​កោណ ជាច្រើន​ឆ្នាំ​មកនេះ​មាន​យោបល់​ជាច្រើន​ត្រូវបាន​លើកឡើង​ដើម្បី​ទប់ទល់​នឹង «ការ​បង្កហេតុ​កាន់តែខ្លាំង​ឡើង​របស់​ចិន» នៅក្នុង​វិស័យ​មួយចំនួន។ លើក​នេះ រដ្ឋមន្ត្រី​ការពារជាតិ​ចង់បាន​កា​រ​វាយតម្លៃ​ឡើងវិញ​ដើម្បី​បន្តសកម្មភាព «ទៅតាម​វិធី​ល្អ​បំផុត»។

លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក

លោក John Kirby អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​នៃ​សហរដ្ឋអាមេរិក បាន​បន្ថែមថា៖ «ការវាយតម្លៃ​នេះ​នឹង​ជួយ​ឱ្យ​ក្រុមការងារ​បង្កើត​គោលដៅ​ជាក់លាក់ និង​ប្រមូលផ្ដុំ​នូវ​បញ្ហា​អាទិភាព​បំផុត អម​ជាមួយនឹង​សកម្មភាព​ជាក់ស្ដែង ក៏ដូចជា​ដាក់ចេញ​នូវ​ថេរវេលា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​ចិន»។

ក្រុមការងារ​ទទួលបន្ទុក​បញ្ហា​ប្រទេស​ចិន​របស់​មន្ទីរ​បញ្ច​កោណ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ពិនិត្យឡើងវិញ​នូវ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​អាមេរិក​ជាមួយនឹង​ចិន។ ក្រុមការងារ​ខាងលើនេះ​នឹង​ផ្ដោ​ល​សំខាន់​ទៅលើ​អន្តរ​កម្ម​របស់​មន្ទីរ​បញ្ច​កោណ​ជាមួយនឹង​ប្រទេស​ចិន នេះ​បើតាម​លោក John Kirby។

ក្រុមការងារ​នេះ តាម​គម្រោង​នឹង​បញ្ចប់​ការវាយតម្លៃ​របស់ខ្លួន​នៅក្នុង​រយៈពេល 4 ខែ​ទៀត។ លោក John Kirby បញ្ជាក់ថា៖ «ការវាយតម្លៃ​ស្ទើរតែ​ទាំងអស់​នឹង​ស្ថិតក្នុង​ប្រភេទ​កិច្ចការ​សម្ងាត់ ប៉ុន្តែ យើង​នឹង​ប្រកាស​ឱ្យដឹង​នូវ​អ្វីដែល​យើង​អាច​ធ្វើបាន»៕

ប្រភព៖ Financial Times
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *