បេសកកម្មត្រៀមនានាត្រូវបានធ្វើឡើងរួចរាល់ សន្តិសុខត្រូវបានរឹតបន្តឹង ខណៈដែលនៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះដែលពិធីស្បថចូលកាន់តំណែងប្រធានាធិបតីរបស់លោក Joe Biden នឹងត្រូវចាប់ផ្ដើម។
ផ្នែកខាងមុខនៃទិសខាងលិចរបស់ភ្នំ Capitol Hill ជាកន្លែងដែលពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកទី 46 Joe Biden នឹងត្រូវប្រារព្ធឡើង។ ទិដ្ឋភាពនេះគឺថតបានកាលពីយប់ថ្ងៃទី 19 មករា។ ឆាកសំខាន់ជាងគេដែលធ្វើអំពីឈើត្រូវបានដំឡើងរួចរាល់ក្នុងរយៈពេល 3 ម៉ោងសម្រាប់បម្រើដល់ព្រឹត្តិការណ៍មហាសំខាន់នេះ។
ពិធីស្បថចូលកាន់តំណែងនេះនឹងចាប់ផ្ដើមនៅវេលាម៉ោង 11 និង 30 នាទី (ម៉ោង 23 និង 30 នាទី នៅកម្ពុជា) ថ្ងៃទី 20 មករា។ អនុប្រធានាធិបតីជាប់ឆ្នោត Kamala Harris តាមគម្រោងនឹងជាអ្នកដែលត្រូវឡើងស្បថចូលកាន់តំណែងមុនគេ នៅចំពោះមុខចៅក្រមតុលាការកំពូល លោកស្រី Sonia Sotomayor។
បន្ទាប់មក ប្រធានាធិបតីជាប់ឆ្នោត Joe Biden នឹងត្រូវបានប្រធានចៅក្រមតុលាការកំពូលអាមេរិក ទទួលស្គាល់ការស្បថចូលកាន់តំណែងនៅវេលាម៉ោង 12 ថ្ងៃត្រង់។
ប្រធានសភាជាន់ទាប Nancy Pelosi (កណ្ដាល) រួមនឹងមេដឹកនាំសំឡេងភាគច្រើននៅសភាជាន់ខ្ពស់ Mitch McConnell កំពុងត្រួតពិនិត្យសកម្មភាពត្រៀមនៅក្នុងថ្ងៃចុងក្រោយ មុនពេលពិធីឡើងកាន់តំណែងចូលមកដល់។
នឹងមានឥស្សរជនប្រមាណ 1,000 នាក់ ចូលរួមពិធីខាងលើ ដែលភាគច្រើនគឺជាតំណាងរាស្ត្រ និងភ្ញៀវសំខាន់ៗរបស់រដ្ឋាភិបាលថ្មី។ នៅក្នុងពិធីស្បថចូលកាន់តំណែងកន្លងមក សំបុត្រអញ្ជើញសរុបចំនួន 200,000 សន្លឹក ត្រូវបានផ្ដល់ជូនដល់សមាជិកសភា ប៉ុន្តែឆ្នាំនេះ តំណាងរាស្ត្រម្នាក់ៗ ទទួលបានសំបុត្រអញ្ជើញតែមួយសន្លឹកគត់។
ព្រឹត្តិការណ៍នេះនឹងត្រូវបានគណៈកម្មធិការរៀបចំពិធីស្បថចូលកាន់តំណែងប្រធានាធិបតី ធ្វើការផ្សាយផ្ទាល់ ខណៈពលរដ្ឋអាមេរិកត្រូវបានស្នើឱ្យនៅផ្ទះ ដោយបារម្ភអំពីបញ្ហាសន្តិសុខ និងបញ្ហា Covid-19។
ក្រុមឆ្មាំការពារជាតិប្រមូលផ្ដុំគ្នានៅកន្លែងត្រូវរក្សាសន្តិសុខមួយ នៅជិតវិមានសភាជាតិ។ ឆ្មាំការពារជាតិចំនួន 25,000 នាក់ នឹងត្រូវបានដាក់ពង្រាយនៅក្នុងថ្ងៃទី 20 មករា ដើម្បីទប់ទល់នឹងការគំរាមកំហែងនានាផ្នែកសន្តិសុខ។
របងបន្លាលួស និងខ្សែបន្លាលួសត្រូវបានដំឡើងនៅជុំវិញ Capitol Hill ខណៈដែលកងកម្លាំងអនុវត្តច្បាប់ និងឆ្មាំការពារជាតិដើរល្បាត 24/7។
រថយន្តអគ្គិភ័យត្រូវបានប្រើប្រាស់ធ្វើជារបាំងការពារនៅតាមដងផ្លូវក្បែរទីតាំងប្រារព្ធពិធីខាងលើ។ តំបន់ជុំវិញ Capitol Hill និងទីប្រជុំជនធំៗនៅកណ្ដាលក្រុងវ៉ាស៊ីងតោន សុទ្ធតែត្រូវបានដាក់បម្រាមគោចរ ឬរឹតបន្តឹងការធ្វើចរាចរណ៍របស់យានយន្ត។
នៅក្នុងឧទ្យាន Lafayette ខាងក្រៅសេតវិមាន គេឃើញមានពាក្យស្លោកជាច្រើនដែលសរសេរអបអរពិធីឡើងកាន់តំណែងរបស់លោក Biden និងលោកស្រី Harris ត្រូវបានដាក់បង្ហាញជាជួរ និងជាច្រើនស្រទាប់។
នៅស្លាបខាងលិចនៃសេតវិមាន មានភាពស្ងប់ស្ងាត់ នៅពេលប្រធានាធិបតី Donald Trump ស្នាក់នៅយប់ចុងក្រោយនៅទីនេះ។ សេតវិមានមិនបានប្រកាសអំពីកាលបរិច្ឆេទថ្ងៃចុងក្រោយនៃអាណត្តិរបស់លោក Trump ដោយគ្រាន់តែឱ្យដឹងថា លោកនឹងចាកចេញនៅវេលាម៉ោង 8 ព្រឹក ទៅកាន់ Palm Beach រដ្ឋ Florida។
ព្រឹកថ្ងៃទី 20 មករា លោក Trump នឹងធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស Andrews ក្បែររដ្ឋធានីវ៉ាស៊ីងតោន ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ Marine One ដើម្បីចូលរួមពិធីជូនដំណើរលាគ្នាជាលើកចុងក្រោយរបស់កងទ័ព។
ក្រោយមក លោក Trump នឹងធ្វើដំណើរមកកាន់ក្លឹប Mar-a-Lago នៅក្នុងរដ្ឋ Florida ដែលពេលនោះ អាណត្តិកាលប្រធានាធិបតីរបស់លោកនឹងត្រូវបញ្ចប់នៅវេលាម៉ោង 12 និង 01 នាទី ជាពេលដែលលោក Biden ចូលកាន់តំណែង។
នៅខាងលើដំបូលនៃអគារសេតវិមាន ក្រុមបុគ្គលិកសេវាកម្មសម្ងាត់អាមេរិក ត្រូវបានដាក់ពង្រាយជាមួយនឹងសព្វាវុធទំនើបៗ ដើម្បីការពារសន្តិសុខ។ ក្រោយពីបានស្បថចូលកាន់តំណែង លោក Biden នឹងត្រូវបានក្រុមកិត្តិយសដែលតំណាងឱ្យកងទ័ពសហរដ្ឋអាមេរិកទាំងមូល អមដំណើរចាប់ពីវិថី 15 Washington ចូលទៅកាន់សេតវិមាន។
ក្រុមបាតុករប្រឆាំងលោក Trump ប្រមូលផ្ដុំគ្នានៅទីប្រជុំជន Black Lives Matter Plaza ខាងមុខសេតវិមាន នៅថ្ងៃចុងក្រោយរបស់ប្រធានាធិបតី Donald Trump។ ពួកគេកាន់បដាដែលមានសរសេរថា «Trump បានបរាជ័យ» ឬ «ជញ្ជាំងកំពុងរាំងខ្ទប់ Trump»។ល។
ទិដ្ឋភាពនៃឧទ្យានជាតិ National Mall នៅខាងមុខតំបន់ Capitol Hill
ទិដ្ឋភាពនៅស្ថានីយរថភ្លើង Union នាទីក្រុងវ៉ាស៊ីងតោន
អ្នកគាំទ្ររបស់លោក Biden ជិះស្គីតាមដងផ្លូវក្បែរសេតវិមាន
ប្រភព៖ AFP, Reuters