កាលពីថ្ងៃទី 15 មករា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសឈីលី Roberto Delgado បានប្រកាសថា ភ្លើងឆេះព្រៃមួយចំនួនដែលបានកើតឡើងក្នុងតំបន់មួយនៃទីក្រុង Valparaiso នៅភាគកណ្ដាលប្រទេសនេះ បានបំផ្លាញផ្ទះចំនួន 6 ខ្នង ព្រៃឈើជាង 300 ហិកតា និងនាំឱ្យមនុស្សយ៉ាងហោច 25,000 នាក់ត្រូវជម្លៀងខ្លួនដើម្បីការពារជីវិត។
នាយកដ្ឋានគ្រប់គ្រងបញ្ហាអាសន្នរបស់ឈីលី (Onemi) មុននេះបានបញ្ជាក់ថា ក្នុងអំឡុងពីរថ្ងៃចុងក្រោយនេះ មានករណីភ្លើងឆេះព្រៃដល់ទៅ 4 លើកដែលបានកើតឡើងនៅក្នុងតំបន់ Quilpue មានចម្ងាយពីរដ្ឋធានី Santiago ប្រហែល 110 គីឡូម៉ែត្រទៅទិសពាយព្យ។ ករណីឆេះព្រៃដំបូងបានកើតឡើងនៅ Quilpue កាលពីព្រលប់ថ្ងៃទី 14 មករា។ ផ្សែងដែលកើតចេញពីភ្លើងឆេះព្រៃនេះ មានទំហំធំដែលអាចមើលឃើញពីរដ្ឋធានី Santiago។
រដ្ឋមន្ត្រី Delgado បង្ហើបឱ្យដឹងថា ក្រសួងមហាផ្ទៃនៃប្រទេសនេះ នឹងបើកការស៊ើបអង្កេតលើករណីឆេះព្រៃនៅ Valparaiso បន្ទាប់ពីនាយកដ្ឋានព្រៃឈើជាតិ (Conaf) យល់ថា ករណីឆេះព្រៃទាំងនេះទំនងជាចេតនាអាក្រក់របស់ជនណាមួយ។
ឈីលីដែលជាប្រទេសទទួលរងគ្រោះធម្មជាតិច្រើននៅក្នុងរដូវក្ដៅ បច្ចុប្បន្នកំពុងតែឆ្លងកាត់គ្រោះរាំងស្ងួតអាក្រក់បំផុតក្នុងអំឡុង 6 ទសវត្សរ៍មកនេះ ដោយ 76% នៃផ្ទៃដីរបស់ប្រទេសនេះត្រូវខ្វះទឹកប្រើប្រាស់។ ស្ថានភាពអាក្រក់បំផុតកំពុងកើតឡើងនៅភាគកណ្ដាល ដោយសារតែបរិមាណទឹកភ្លៀងបានថយចុះទាបបំផុតរាប់ចាប់ពីឆ្នាំ 2019 មកនេះ។
ចាប់ពីខែកក្កដា ឆ្នាំ 2019 ដល់ខែមិថុនា ឆ្នាំ 2020 ឈីលីមានគ្រោះភ្លើងឆេះព្រៃជាង 8,125 ករណីដែលបានកើតឡើងនៅលើផ្ទៃដីប្រហែល 102,000 ហិកតា ក្នុងនោះមានជាង 3,500 ករណី បណ្ដាលមកពីមនុស្ស៕
ប្រភព៖ Garda, Tetova News