Skip to content

បារាំង​ផ្ដល់​រង្វាន់​ជា​សញ្ជាតិ​​ ជូន​ដល់​បុគ្គលិក​ជួរមុខ​ចំនួន700នាក់ ដែល​សកម្ម​ក្នុងការ​ទប់ទល់​នឹង Covid-19

បារាំង​បានធ្វើ​សេចក្ដីសម្រេច​យ៉ាង​លឿន​ទៅលើ​ពាក្យសុំ​ចូលសញ្ជាតិ​របស់​បុគ្គលិក​ជួរមុខ​ដែលជា​ជនជាតិ​បរ​ទ​ទេស​ចំនួន 700 នាក់ ដើម្បី​ទទួលស្គាល់​ស្នាដៃ​របស់​ពួកគេ​ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​មហា​រោគរាតត្បាត Covid-19 នាពេល​កន្លង។

«បុគ្គលិក​សុខាភិបាល អ្នកជំនាញ​ផ្នែកអនាម័យ អ្នក​មើលថែ​កុមារ រួម​នឹង​បុគ្គលិក​លក់ទំនិញ បានបញ្ជាក់​ចំពោះ​ការសន្យា​របស់​ពួកគេ​សម្រាប់​ប្រទេស​នេះ។ ពេលនេះ សាធារណរដ្ឋ​បារាំង​ត្រូវតែ​ផ្ដល់​រង្វាន់​ដល់​ពួកគេ​ដើម្បី​ជាការ​ទទួលស្គាល់​ស្នាដៃ» នេះ​បើតាម​ការិយាល័យ​រដ្ឋមន្ត្រី​សញ្ជាតិ​បារាំង Marlene Schiappa ដែល​បានប្រកាស​កាលពី​ថ្ងៃទី 23 ខែធ្នូ​កន្លងទៅ។

ពាក្យស្នើសុំ​ចូលសញ្ជាតិ​បារាំង តែងតែ​ត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ ទើប​អាច​ត្រូវបាន​គេ​ចាត់ការ ហើយ​បញ្ហា Covid-19 ក៏​កាន់តែ​ធ្វើឱ្យ​លិខិតស្នាម​នេះ​ត្រូវ​ពន្យារពេល​យូរ។ ក៏ប៉ុន្តែ កាលពី​ខែកញ្ញា ក្នុង​គ្រា​ដែល​បារាំង​ត្រូវ​ប្រឈមមុខ​នឹង​រលក Covid-19 លើក​ទី​ពីរ រដ្ឋាភិបាល​បានស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន បង្កលក្ខណ​ងាយស្រួល និង​ព​ន្លឿ​ន​កិច្ច​ការផ្ដល់​សញ្ជាតិ​ដល់​បុគ្គលិក​ជនជាតិ​បរទេស​ដែល​សកម្ម​ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង Covid-19។

ការិយាល័យ​រដ្ឋមន្ត្រី​ខាងលើ​បាន​បន្ថែមថា ក្នុង​រយៈពេល 3 ខែ​កន្លងទៅ បុគ្គលិក​ជួរមុខ​ជាង 70 នាក់ ដែល​កំពុង​ទប់ទល់​នឹង Covid-19 ត្រូវ​បានផ្ដល់​សញ្ជាតិ​បារាំង និង​ជិត 700 នាក់​ផ្សេងទៀត កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ​ដើម្បី​ក្លាយជា​ពលរដ្ឋ​ប្រទេស​នេះ។ គិត​មកដល់​បច្ចុប្បន្ន មាន​មនុស្ស​សរុប​ចំនួន 2,890 នាក់ បានដាក់​ពាក្យសុំ​ចូលសញ្ជាតិ​បារាំង។

ឆ្នាំ 2019 មាន​មនុស្ស​ជាង 112,000 នាក់ ត្រូវ​បានផ្ដល់​សញ្ជាតិ​បារាំង ដែល​តួលេខ​នេះ ទាប​ជាង 18% បើ​ធៀប​នឹង​ឆ្នាំ 2015។

នេះ​មិនមែនជា​លើកដំបូង​នោះទេ​ដែល​បារាំង​បានទទួល​ស្គាល់​ស្នាដៃ​បុគ្គល​ដោយ​ការផ្ដល់​រង្វាន់​ជា​សញ្ជាតិ។ កាលពី​ឆ្នាំ 2018 កំលោះ​ម្នាក់​មកពី​ប្រទេស​ម៉ាលី​នៃ​អាហ្វ្រិក​ខាងលិច ក៏​ទទួលបាន​សញ្ជាតិ​បារាំង និង​ក្លាយជា​បុគ្គលិក​ពន្លត់​អគ្គិភ័យ ក្រោយពី​បាន​តោង​ឡើង​អគារ​ស្នាក់នៅ​មួយកន្លែង និង​បាន​សង្គ្រោះ​ក្មេង​តូច​ម្នាក់​ដែល​ជាប់​តែក​តោក​នៅលើ​រានហាល។

កាលពី​ឆ្នាំ 2019 ជនជាតិ​អាមេរិកាំង 3 នាក់ ដែល​ធ្លាប់បាន​បំបែក​ផែនការ​ភេរវកម្ម​សំដៅលើ​នាវា​មួយគ្រឿង​ដែល​ឆ្ពោះទៅកាន់​ទីក្រុង​បារី​ស កាលពី 4 ឆ្នាំមុន​នោះ ក៏ត្រូវ​បានផ្ដល់​សញ្ជាតិ​បារាំង​ផងដែរ៕

ប្រភព៖ CBS News

Leave a Reply

Your email address will not be published. Required fields are marked *