កែវយឹតអវកាស Hubble បានជួយឱ្យក្រុមអ្នកវិទ្យាសាស្ត្ររកឃើញគន្លងគោចររបស់ HD106906 b ដែលជាភពខាងក្រៅប្រព័ន្ធព្រះអាទិត្យកំពុងស្ថិតនៅយ៉ាងឆ្ងាយ និងវិលជុំវិញផ្កាយមេមួយគូរបស់វា ជាមួយនឹងគន្លងគោចរខុសពីធម្មតា។
អ្នកវិទ្យាសាស្ត្រជាចច្រើន តាំងតែពីយូរណាស់មកហើយ បានសង្ស័យថា មានភពមួយមិនទាន់ត្រូវបានរកឃើញ កំពុងតែគោចរនៅជាយប្រព័ន្ធព្រះអាទិត្យ ដែលឆ្ងាយជាងខ្សែក្រវាត់អាចម៍ផ្កាយ Kuiper ដែលជាតំបន់សម្បូរទៅដោយអាចម៍ផ្កាយតូចធំ ស្ថិតនៅខាងក្រៅគន្លងគោចររបស់ភពណិបទូន។ ទោះជាមិនទាន់រកឃើញភពណាមួយបែបនេះ ប៉ុន្តែពួកគេជឿថា វត្តមានរបស់វានឹងបកស្រាយអំពីភាពមិនប្រក្រតីរបស់បណ្ដាអាចម៍ផ្កាយនៅក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ Kuiper មិនបាន។
HD106906 b គឺជាភពមួយដែលស្ថិតក្នុងប្រព័ន្ធផ្កាយមួយគូ ដែលមានចម្ងាយពីផែនដីប្រមាណ 336 ឆ្នាំពន្លឺ អាចផ្ដល់តម្រុយអំពីភពទី 9 នៃប្រព័ន្ធព្រះអាទិត្យ។ ភពខាងក្រៅប្រព័ន្ធប្រព័ន្ធព្រះអាទិត្យនេះ ស្ថិតនៅយ៉ាងឆ្ងាយពីផ្កាយមេ ហើយវាត្រូវចំណាយដល់ 15,000 ឆ្នាំដើម្បីវិលបានមួយជុំផ្កាយមេរបស់វា។ HD106906 b មានទម្ងន់ធ្ងន់ជាង 11 ដង បើធៀបនឹងភពព្រហស្បតិ៍ ដែលជាភពធំជាងគេបង្អស់ក្នុងប្រព័ន្ធព្រះអាទិត្យ។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ HD106906 តាំងពីឆ្នាំ 2013 ប៉ុន្តែ មិនទាន់កំណត់បានអំពីគន្លងគោចររបស់វា។ ពួកគេមិនដឹងច្បាស់ថា វាកំពុងវិលជុំវិញផ្កាយមួយគូនេះ ឬគ្រាន់តែជាភពមួយដែលកំពុងអណ្ដែតត្រសែតចេញឆ្ងាយពីប្រព័ន្ធផ្កាយមេរបស់វា។
នៅក្នុងការសិក្សាស្រាវជ្រាវមួយដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Astronomical កាលពីថ្ងៃទី 10 ធ្នូ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញការបំផ្លាស់ទីរបស់ HD106906 b ដោយមានជំនួយពីកែវយឹតអវកាស Hubble។ HD106906 b អាចឆ្លងកាត់ដំណាក់កាលមួយដែលបណ្ដាលឱ្យភពទី 9 របស់ប្រព័ន្ធព្រះអាទិត្យត្រូវខ្ទាតចេញឆ្ងាយ។
អ្នកវិទ្យាសាស្ត្រ Meiji មកពីសាកលវិទ្យាល័យ Berkeley នៅ California បាននិយាយថា៖ « HD106906 b នៅសែនឆ្ងាយពីផ្កាយមេមួយគូ និងមានកន្លងគោចរចម្លែក ដូចទៅនឹងការសន្និដ្ឋានអំពីភពទី 9 នៃប្រព័ន្ធព្រះអាទិត្យ។ ប្រការនេះធ្វើឱ្យមានសំណួរសួរថា តើបណ្ដាភពដូច្នេះ បានកកើតឡើង និងរីកចម្រើនបានយ៉ាងដូចម្ដេច ដើម្បីមានស្ថានភាពដូចបច្ចុប្បន្ន?
ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា មានប្រការជាច្រើនមិនទាន់ត្រូវបានរកឃើញ ជុំវិញភព HD106906 b នេះ។ ក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់យល់ច្បាស់ថា តើហេតុអ្វីបានជាវានៅឆ្ងាយពីផ្កាយមេរបស់វា។ វាអាចកកើតឡើងនៅជិតតំបន់កណ្ដាល ប៉ុន្តែក្រោយមកក៏ត្រូវខ្ទាតចេញឆ្ងាយដោយប្រការណាមួយ ឬក៏វាកកើតឡើងដំបូងនៅខាងក្រៅជាយប្រព័ន្ធផ្កាយមេនេះក៏ថាបាន៕
ប្រភព៖ Independent