ភព​ដែលមាន​ទម្ងន់​ធ្ងន់​ជា 11ដង​ធៀប​នឹង​ភព​ព្រហស្បតិ៍ មាន​គន្លង​គោចរ​ចម្លែក អាច​បង្ហើប​អំពី​ភព​ទី9 នៃ​ប្រពន្ធ​ព្រះអាទិត្យ​របស់​មនុស្ស

ភព​ដែលមាន​ទម្ងន់​ធ្ងន់​ជា 11ដង​ធៀប​នឹង​ភព​ព្រហស្បតិ៍ មាន​គន្លង​គោចរ​ចម្លែក អាច​បង្ហើប​អំពី​ភព​ទី9 នៃ​ប្រពន្ធ​ព្រះអាទិត្យ​របស់​មនុស្ស
រូប​ភាព​ស្ដី​អំពីភព​​ HD106906 b

កែវយឹត​អវកាស Hubble បាន​ជួយ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញ​គ​ន្ល​ង​គោចរ​របស់ HD106906 b ដែលជា​ភព​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​កំពុង​ស្ថិតនៅ​យ៉ាង​ឆ្ងាយ និង​វិល​ជុំវិញ​ផ្កាយ​មេ​មួយគូ​របស់​វា ជាមួយនឹង​គន្លង​គោចរ​ខុសពី​ធម្មតា។

អ្នកវិទ្យាសាស្ត្រ​ជា​ច​ច្រើន តាំងតែ​ពី​យូរណាស់​មកហើយ បាន​សង្ស័យថា មាន​ភព​មួយ​មិនទាន់​ត្រូវបាន​រកឃើញ កំពុងតែ​គោចរ​នៅ​ជាយ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​ឆ្ងាយ​ជាង​ខ្សែក្រវាត់​អាចម៍ផ្កាយ Kuiper ដែលជា​តំបន់​សម្បូរ​ទៅដោយ​អាចម៍ផ្កាយ​តូចធំ ស្ថិតនៅ​ខាងក្រៅ​គន្លង​គោចរ​របស់​ភព​ណិ​ប​ទូ​ន។ ទោះជា​មិនទាន់​រកឃើញ​ភព​ណាមួយ​បែបនេះ ប៉ុន្តែ​ពួកគេ​ជឿថា វត្តមាន​របស់​វា​នឹង​បកស្រាយ​អំពី​ភាពមិនប្រក្រតី​របស់​ប​ណ្ដា​អាចម៍ផ្កាយ​នៅក្នុង​តំបន់​ខ្សែក្រវាត់​អាចម៍ផ្កាយ Kuiper មិនបាន។

HD106906 b គឺជា​ភព​មួយ​ដែល​ស្ថិតក្នុង​ប្រព័ន្ធ​ផ្កាយ​មួយគូ ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រមាណ 336 ឆ្នាំ​ពន្លឺ អាច​ផ្ដល់​តម្រុយ​អំពី​ភព​ទី 9 នៃ​ប្រព័ន្ធ​ព្រះអាទិត្យ។ ភព​ខាងក្រៅ​ប្រព័ន្ធ​ប្រព័ន្ធ​ព្រះអាទិត្យ​នេះ ស្ថិតនៅ​យ៉ាង​ឆ្ងាយ​ពី​ផ្កាយ​មេ ហើយ​វា​ត្រូវ​ចំណាយ​ដល់ 15,000 ឆ្នាំ​ដើម្បី​វិល​បាន​មួយ​ជុំ​ផ្កាយ​មេ​រប​ស់វា។ HD106906 b មាន​ទម្ងន់​ធ្ងន់​ជាង 11 ដង បើ​ធៀប​នឹង​ភព​ព្រហស្បតិ៍ ដែលជា​ភព​ធំជាងគេ​បង្អស់​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។

កែវយឹត​អវកាស​ Hubble

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ HD106906 តាំងពី​ឆ្នាំ 2013 ប៉ុន្តែ មិនទាន់​កំណត់​បាន​អំពី​គន្លង​គោចរ​របស់​វា។ ពួកគេ​មិនដឹង​ច្បាស់​ថា វា​កំពុង​វិលជុំ​វិញ​ផ្កាយ​មួយគូ​នេះ ឬ​គ្រាន់តែ​ជា​ភព​មួយ​ដែល​កំពុង​អណ្ដែតត្រសែត​ចេញ​ឆ្ងាយ​ពី​ប្រព័ន្ធ​ផ្កាយ​មេ​រប​ស់វា។

នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី Astronomical កាលពី​ថ្ងៃទី 10 ធ្នូ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ការ​បំ​ផ្លាស់​ទី​របស់ HD106906 b ដោយមាន​ជំនួយ​ពី​កែវយឹត​អវកាស Hubble។ HD106906 b អាច​ឆ្លងកាត់​ដំណាក់កាល​មួយ​ដែល​បណ្ដាលឱ្យ​ភព​ទី 9 របស់​ប្រព័ន្ធ​ព្រះអាទិត្យ​ត្រូវ​ខ្ទាត​ចេញ​ឆ្ងាយ។

ប្រព័ន្ធ​ព្រះអាទិត្យ​ និង​ខ្សែ​ក្រវាត់​អាចម៍​ផ្កាយ Kuiper

អ្នកវិទ្យាសាស្ត្រ Meiji មកពី​សាកលវិទ្យាល័យ Berkeley នៅ California បាន​និយាយថា៖ « HD106906 b នៅ​សែនឆ្ងាយ​ពី​ផ្កាយ​មេ​មួយគូ និង​មាន​កន្លង​គោចរ​ចម្លែក ដូច​ទៅនឹង​ការសន្និដ្ឋាន​អំពី​ភព​ទី 9 នៃ​ប្រព័ន្ធ​ព្រះអាទិត្យ។ ប្រការនេះ​ធ្វើឱ្យមាន​សំណួរ​សួរថា តើ​បណ្ដា​ភព​ដូច្នេះ បានកកើតឡើង និង​រីកចម្រើន​បាន​យ៉ាងដូចម្ដេច ដើម្បី​មាន​ស្ថានភាព​ដូច​បច្ចុប្បន្ន?

ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា មាន​ប្រការ​ជាច្រើន​មិនទាន់​ត្រូវបាន​រកឃើញ ជុំវិញ​ភព HD106906 b នេះ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​មិនទាន់​យល់ច្បាស់​ថា តើ​ហេតុអ្វី​បានជា​វា​នៅ​ឆ្ងាយ​ពី​ផ្កាយ​មេ​រប​ស់វា។ វា​អាច​កកើតឡើង​នៅ​ជិត​តំបន់​កណ្ដាល ប៉ុន្តែ​ក្រោយមក​ក៏ត្រូវ​ខ្ទាត​ចេញ​ឆ្ងាយ​ដោយ​ប្រការ​ណាមួយ ឬក៏​វា​កកើតឡើង​ដំបូង​នៅ​ខាងក្រៅ​ជាយ​ប្រព័ន្ធ​ផ្កាយ​មេនេះ​ក៏​ថា​បាន៕

ប្រភព៖ Independent

Advertisement