Skip to content

Donald Trump ព្រមានគូប្រជែងមិនឱ្យប្រកាសថាជាប់ឆ្នោត ខណៈ Biden ត្រៀមខ្លួនឡើងថ្លែងការណ៍

តាមគម្រោង បេក្ខភាពប្រធានាធិបតីអាមេរិក លោក Joe Biden នឹងធ្វើសេចក្ដីថ្លែងការណ៍មួយនៅពេលបន្តិចទៀតនេះ ហើយលោកត្រូវបានគេជឿថា នឹងប្រើពាក្យពេចន៍ទាក់ទងនឹងជ័យជំនះនៃការបោះឆ្នោត ក៏ប៉ុន្តែ លោក Trump បានព្រមានថា លោក Biden មិនគួរប្រកាសជ័យជំនះនោះទេ ព្រោះថា សង្គ្រាមផ្លូវច្បាប់ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។

ប្រធានាធិបតី Donald Trump បានសរសេរនៅលើទំព័រ Twitter កាលពីថ្ងៃ6ទីវិច្ឆិកាថា៖ “Joe Biden មិនគួរប្រកាសប្រកបដោយកំហុសឆ្គងថាជាប់ឆ្នោតប្រធានាធិបតី។ ខ្ញុំក៏អាចប្រកាសបែបនេះបានដែរ។ នីតិវិធីផ្លូវច្បាប់ ទើបតែចាប់ផ្ដើមប៉ុណ្ណោះ”។

ចាប់តាំងពីថ្ងៃបោះឆ្នោត (3វិច្ឆិកា) លោក Joe Biden បានអំពាវនាវឱ្យពលរដ្ឋអាមេរិកាំងទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងរក្សាទំនុកចិត្តទៅលើប្រព័ន្ធបោះឆ្នោត ហើយគួរអត់ធ្មត់ក្នុងពេលដែលសន្លឹកឆ្នោតនីមួយៗត្រូវបានរាប់។

សូមបញ្ជាក់ថា មកដល់ពេលនេះ លទ្ធផលបណ្ណោះអាសន្ននៃការរាប់សន្លឹកឆ្នោតបានបង្ហាញថា លោក Joe Biden ដែលជាបេក្ខភាពប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រពីតំណាងម្ចាស់ឆ្នោតចំនួន253សំឡេង (តាមលទ្ធផលដែលបានកែប្រែ) ឬ 264សំឡេង (តាមលទ្ធផលដើម) ខណៈគូប្រជែងរបស់លោក គឺលោក Donald Trump ទទួលបាន214សំឡេង (យោងតាម New York Times/BBC) ឬ 213 (យោងតាម CNN)។

ជាមួយនឹងលទ្ធផលខាងលើ លោក Biden ត្រូវការសំឡេងឆ្នោតពីតំណាងម្ចាស់ឆ្នោតចំនួន17សំឡេង (តាមលទ្ធផលដែលបានកែប្រែ) ឬ 6សំឡេង (តាមលទ្ធផលដើម) ទៀតប៉ុណ្ណោះ នឹងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក៕

ប្រភព៖ CNN/NYtimes/BBC

Leave a Reply

Your email address will not be published. Required fields are marked *