Skip to content

កូរ៉េខាងជើង ចេញច្បាប់តឹងរ៉ឹង ហាម “ជក់បារី” នៅក្នុងទីសាធារណៈ

សភាប្រជាជនកំពូលកូរ៉េខាងជើង(Supreme People’s Assembly) បានចេញច្បាប់ ហាមការជក់បារីនៅតាមទីសាធារណៈមួយចំនួន ដើម្បីឱ្យពលរដ្ឋ មាន “សភាពបរិស្ថាន ដែលអំណោយផលល្អដល់ការរស់នៅ​ យ៉ាងមានអនាម័យ”

ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍នៅថ្ងៃនេះ(ទី5 វិច្ឆិកា)ថា ច្បាប់ហាមជក់បារីនេះ មានគោលបំណងដើម្បីការពារជីវិត និងសុខភាពរបស់ពលរដ្ឋកូរ៉េខាងជើង ដោយប្រើវិធានការគ្រប់គ្រងការផលិត និងលក់បារី ទាំងក្នុងន័យច្បាប់ និងសង្គម។

ច្បាប់នេះ បានកំណត់ឱ្យការជក់បារី គឺជារឿងត្រូវហាមឃាត់ នៅក្នុងទីកន្លែងប្រភេទខ្លះ ដូចជា មណ្ឌលអប់រំកម្រិតនិយមខាងនយោបាយ, រោងភាពយន្ត, រោងល្ខោន, មជ្ឈមណ្ឌលសុខភាព និងអង្គភាពការងារសាធារណសុខាភិបាលផ្សេងៗ ជាដើម។

កូរ៉េខាងជើង ជាប្រទេសដែលមានចំនួនប្រជាជនជក់បារី ហាក់ដូចជាច្រើនគួរសម គឺ 43.9% នៃចំនួនប្រជាជនទាំងអស់ក្នុងឆ្នាំ2013។ នេះបើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។


មេដឹកនៃខ្ពស់បំផុតនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខ្លួនឯងក៏ជាមនុស្សបៀមផ្សែង(ជក់បារីឥតឈប់) ដែលតែងតែឃើញមានរូបភាពខណៈឈរកាន់បារីនៅក្នុងដៃដូចគ្នាដែរ ហើយកាលពីឆ្នាំ2019 ក៏មានអ្នកសង្កេតឃើញលោក គីម ឈរសម្រាក ជក់បារីនៅឯស្ថានីយរថភ្លើង ក្នុងទីក្រុង ណាននីង ភាគខាងត្បូងប្រទេសចិន ក្នុងអំឡុងពេលធ្វើដំណើរទៅទីក្រុងហាណូយ របស់ប្រទេសវៀតណាម ដើម្បីប្រជុំសាមមិត លើកទី2 ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ៕

ប្រភព៖ សារព័ត៌មានរ៉យទ័រ

 

Leave a Reply

Your email address will not be published. Required fields are marked *