
ប្រទេសចិនបានបាញ់បង្ហោះដោយជោគជ័យនូវយានអវកាស Tianwen-1 ដែលមានផ្ទុកយានអវកាសមួយគ្រឿង និងរ៉ូបូតស្វ័យប្រវត្តមួយគ្រឿង ទៅកាន់ពិភពព្រះអង្គារ។
យោងតាមទីភ្នាក់ងារអវកាសចិន CNSA (China National Space Administration) យានអវកាស Tianwen-1 ត្រូវបានបញ្ជូនទៅកាន់ផ្កាយព្រះអង្គារដោយកាំជ្រួចរុញច្រាន Chang Zheng 5 (Long March 5) ចេញពីមូលដ្ឋាន Wenchang ដែលស្ថិតនៅលើកោះ Hainan កាលពីម៉ោង12និង41នាទី ថ្ងៃទី23កក្កដា។ Xinhua បានរាយការណ៍ថា មនុស្សរាប់រយនាក់បានតាមដាន និងអបអរជោគជ័យនៃការបាញ់បង្ហោះនេះ។
នេះគឺជាការហោះហើរលើកទី2ទៅកាន់ឋានព្រះអង្គារនៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីយានគោចរជុំវិញភពក្រហម Hope របស់អារ៉ាប់រួម (UAE) បានធ្វើដំណើរពីកោះ Tanegashima របស់ជប៉ុនកាលពីថ្ងៃទី20កក្កដា។

ក្រោយការបាញ់បង្ហោះរបស់ UAE និងចិន សហរដ្ឋអាមេរិកក៏នឹងបញ្ជូនយាន Perseverance ទៅកាន់ភពព្រះអង្គារផងដែរនៅសប្ដាហ៍ក្រោយ។
នៅលើយានអវកាស Tianwen-1 របស់ចិន រួមមានយានអវកាសមួយគ្រឿងសម្រាប់ហោះលើគន្លងគោចរនៃភពព្រះអង្គារ រួមនឹងរ៉ូបូតដំណើរការដោយស្វ័យប្រវត្តមួយគ្រឿងដែលនឹងមានភារកិច្ចចុះចតនិងស្រាវជ្រាវលើដីភពក្រហម។ យានអវកាស Tianwen-1 នឹងត្រូវចំណាយពេល7ខែដើម្បីទៅដល់គោលដៅ។ បើសិនជាមិនមានបញ្ហាកើតឡើងនោះទេ យាននេះនឹងតាមរកប្រភពទឹកក្រោមដី និងភ័ស្ដុតាងបញ្ជាក់អំពីវត្តមានរបស់សភាវរស់នៅលើឋានមួយនេះ៕
ប្រភព៖ AP
