Skip to content

រន្ទះបាញ់​នៅ​ឥណ្ឌា​បាន​សម្លាប់​មនុស្ស​ជាង​100​នាក់​! គ្រួសារ​សព​ទទួល​បាន​សំណង​ច្រើន​

មនុស្ស​ជាង​100​នាក់​បាន​បាត់បង់​ជីវិត និង​រាប់​សិប​នាក់​រង​របួស​​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ក្នុង​រដ្ឋ​ Bihar និង​រដ្ឋ Uttar Pradesh នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ ដោយ​សារ​តែ​ត្រូវ​រន្ទះ​បាញ់​។

មន្ទីរ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៃរដ្ឋ​ Bihar បាន​ឱ្យ​ដឹង​ថា ស្រុក​ Gopalganj មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​ ដោយ​មាន​13​ករណី​។ ចំណែក​​ក្រៅ​ពី​នេះ​ គឺ​មាន​នៅ​ក្នុង​តំបន់​ចំនួន​22​ផ្សេង​ទៀត​របស់​រដ្ឋ​នេះ​ ខណៈ​ដែល​មាន​យ៉ាង​តិច​30​នាក់​ត្រូវ​រងរបួស​។ រដ្ឋ Uttar Pradesh ក៏​បាន​រាយ​ការណ៍​ថា មាន​មនុស្ស​ចំនួន​24​នាក់​បាន​ស្លាប់​ និង​12​នាក់​រង​របួស​ដោយ​សារ​រន្ទះ​បាញ់​។

ករណី​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ថ្ងៃទី​25​មិថុនា​2020​ដូច​គ្នា​។ Sandeep Kumar ដែល​ជា​មន្ត្រី​ម្នាក់​មក​ពី​មន្ទីរ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៃ​រដ្ឋ Bohar ថ្លែង​ថា ក្រុម​គ្រួ​សារ​នីមួយ​ៗ​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់ សុទ្ធ​តែ​ទទួល​បាន​ប្រាក់​ជំនួយ​ចំនួន​5,300​នាក់​។

នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ លោក Narendra Modi បានបង្ហោះ​​សារ​នៅ​លើ​ទំព័រ​ Twitter របស់​លោក​ថា ករណី​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​​នៅក្នុង​បណ្ដា​ស្រុក​នៃ​រដ្ឋ​ Bihar និង​រដ្ឋ Uttar Pradesh គឺជា “ព័ត៌មាន​ដ៏គួរ​ឱ្យ​សង្វេគ”។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ចូល​រួម​បំពេញ​បេសកកម្ម​ជួយ​សង្គ្រោះ​បន្ទាន់​ ព្រម​ទាំង​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួ​សារ​នៃ​ជន​រង​គ្រោះ​ផងដែរ​។

រន្ទះបាញ់​នៅ​ឥណ្ឌា​បាន​សម្លាប់​មនុស្ស​ជាង​100​នាក់​នៅប្រទេស​ឥណ្ឌា​ និង​តំបន់​អាស៊ី​ខាង​ត្បូង​ តែង​តែ​មាន​ករណី​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​ជាញឹក​ញាប់​នៅក្នុង​ខែ​ឧសភា​និង​ខែ​មិថុនា​ជា​រៀង​រាល់​ឆ្នាំ​។ យោង​តាម​អង្គ​ភាព​គ្រប់គ្រង​ឯកសារ​ជាតិ​ឥណ្ឌា​ មនុស្ស​ចំនួន​2,880​នាក់​បាន​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​​នៅ​ក្នុង​​ឆ្នាំ​2017 និង​2,357​នាក់​នៅ​ក្នុង​ឆ្នាំ​2018។

ករណី​បាត់​បង់​ជីវិត​ដោយ​សារ​រន្ទះ​បាញ់​នៅ​ប្រទេស​ឥណ្ឌា​ ភាគ​ច្រើន​កើត​ឡើង​ទៅ​លើ​កសិករ​ដែល​ជា​អ្នក​តែង​តែ​ចេញ​ទៅ​ធ្វើ​ការ​នៅ​កណ្ដាល​វាល​ សូម្បី​តែ​ពេល​​មេឃ​កំពុង​​ភ្លៀង​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Leave a Reply

Your email address will not be published. Required fields are marked *