Darnella Frazier អាយុ17ឆ្នាំ បានឱ្យដឹងថា នាងទទួលបានសាររិះគន់ជាច្រើននៅលើ Facebook បន្ទាប់ពីនាងបានបង្ហោះវីដេអូបង្ហាញអំពី George Floyd ត្រូវប៉ូលីសប្រើជង្គង់សង្កត់ករហូតដល់ស្លាប់។
Frazier រៀបរាប់ថា មនុស្សជាច្រើនបានសួរនាងថា ហេតុអ្វីមិនសង្គ្រោះ Floyd ជំនួសឱ្យការឈរថតវីដេអូជិត10នាទីទៅវិញ ក្នុងពេលដែលប៉ូលីសកំពុងសង្កត់កបរុសស្បែកខ្មៅអាយុ46ឆ្នាំនេះនៅលើដី? Frazier បកស្រាយថា នាងនៅក្មេងពេក និងមិនហ៊ានប្រឆាំងនឹងក្រុមប៉ូលីស។
Frazier និយាយថា “ខ្ញុំមិនជឿថា អ្នកទាំងឡាយដែលមិនបានស្ថិតក្នុងស្ថានភាពដូចខ្ញុំ យល់អំពីមូលហេតុ និងអារម្មណ៍របស់ខ្ញុំ នៅពេលដែលខ្ញុំធ្វើដូច្នេះនោះឡើយ”។ នាងថ្លែងថា នាងមិនចង់ឃើញអ្នកណាម្នាក់ផ្សេងទៀតធ្លាក់ទៅក្នុងស្ថានភាពដូច Floyd។ នាងក៏ខ្លាចប៉ូលីសធ្វើការសងសឹកផងដែរ។
នារីវ័យ17ឆ្នាំខាងលើបន្តថា “បើសិនជាមិនមានខ្ញុំនោះទេ ប៉ូលីស4នាក់នោះក៏មិនត្រូវបានបណ្ដេញចេញពីការងារ។ ពួកគេប្រាកដជានឹងលាក់បាំងការពិតចំពោះរឿងនេះ។ ជំនួសឱ្យការរិះគន់ អ្នកគួរតែអរគុណខ្ញុំ ព្រោះថា បើជាសាច់ញាតិរបស់អ្នក អ្នកក៏ប្រាកដជាចង់ដឹងការពិត”។
ឃ្លីបវីដេអូមួយដែលត្រូវបានចែករំលែកដោយ NowThis បង្ហាញថា កាលពីថ្ងៃទី26ឧសភា នាង Fazier បានត្រលប់មកកាន់កន្លែងដែល Floyd ត្រូវប៉ូលីសសម្លាប់ និងបានយំនៅពេលនឹកឃើញដល់ហេតុការណ៍នោះ។ Frazier បានយំ និងឱបបាតុករនៅទីនោះ។
ឃ្លីបវីដេអូដែលត្រូវបាន Frazier ចែករំលែកកាលពីថ្ងៃទី25ឧសភា បានបង្ហាញអំពីសកម្មភាពប៉ូលីស Derek Chauvin នៅទីក្រុង Minneapolis រដ្ឋ Minnesota កំពុងសង្កត់ក Floyd ដោយប្រើជង្គង់រហូតដល់9នាទី។ នៅពេលជិតដាច់ដង្ហើម Floyd បានស្រែកអង្វរថា គាត់មិនអាចដកដង្ហើមបាន ដែលដូចបេះបិទទៅនឹងសម្ដីចុងក្រោយរបស់ Eric Garner ដែលបានស្លាប់កាលពីឆ្នាំ2014 ក្រោមដៃរបស់ប៉ូលីសនៅ New York ហើយបានក្លាយជាកំហឹងរបស់ចលនា “Black Lives Matter” (ជីវិតរបស់ជនស្បែកខ្មៅក៏សំខាន់)។ បុរសស្បែកខ្មៅ Floyd ក្រោយមកក៏បានស្លាប់នៅឯមន្ទីរពេទ្យ។
របាយករណ៍នៃការធ្វើកោសល្យវិច័យបានបង្ហាញថា Floyd បានស្លាប់ដោយសារ “បេះដូង និងសួតលែងដំណើរការព្រោះតែត្រូវប៉ូលីសចាប់ក្រៀក និងសង្កត់ក”។ របាយករណ៍ក៏បានបន្ថែមថា “នេះជាករណីមនុស្សឃាត”។ បញ្ហាសុខភាពរបស់ Floyd ក៏ត្រូវបានលើកឡើង “គាត់មានជំងឺបេះដូង និងលើសឈាម(សម្ពាធឈាមខ្ពស់) និងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ រួមនឹងការប្រើប្រាស់គ្រឿងញៀន”។
ប៉ូលីស4នាក់ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាខាងលើត្រូវបានបណ្ដេញចេញពីមុខតំណែង។ Chauvin ត្រូវបានចាប់ខ្លួន និងត្រូវចោទពីបទសម្លាប់មនុស្សក្នុងកម្រិត3។ ហេតុការណ៍នេះបាននាំឱ្យមានបាតុកម្មជាច្រើនកើតឡើងនៅក្នុងទីក្រុងយ៉ាងតិចចំនួន140នៅសហរដ្ឋអាមេរិក ដើម្បីទាមទារយុត្តិធម៌ជូន Floyd។ បាតុកម្មទាំងនោះ បាននាំឱ្យមានអំពើហិង្សាជាច្រើនកើតឡើង ហើយមនុស្សប្រមាណជា4,400នាក់ត្រូវបានចាប់ខ្លួន។
គ្រួសារសពលោក Floyd ឱ្យដឹងថា ពិធីគោរពវិញ្ញាណក្ខន្ធរបស់គាត់នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី8និងទី9 ខែមិថុនានៅទីក្រុង Houston ក្នុងរដ្ឋ Texas៕
ប្រភព៖ សារព័ត៌មានបរទេស