ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា នៅសហរដ្ឋអាមេរិក បានចេញសេចក្តីអំពាវនាវឱ្យបងប្អូនខ្មែរនៅអាមេរិកប្រុងប្រយ័ត្នក្រោយទ្រព្យសម្បត្តិ និងអាជីវកម្មកម្មរបស់ប្រជាជនខ្មែរនៅអាមេរិកមួយចំនួនត្រូវបានបំផ្លិចបំផ្លាញក្នុងបាតុកម្មនៅទីក្រុង Long Beach។
ស្ថានទូតកម្ពុជានៅអាមេរិកបានបញ្ជាក់ថាខ្លួនទទួលបានព័ត៌មានអំពីការខូចខាតធុរៈកិច្ច និងទ្រព្យសម្បត្តិរបស់បងប្អូនខ្មែរយើងមួយចំនួននៅទីក្រុង Long Beach ដោយបាតុកម្មហិង្សា នៅថ្ងៃទី31 ខែឧសភា ឆ្នាំ2020។ ស្ថានទូតបានសម្តែងការសោកស្តាយ និងបង្ហាញក្តីព្រួយបារម្ភចំពោះករណីនេះ។
នៅចំពោះមុខសភាពការណ៍ដែលច្របូកច្របល់ និងហានិភ័យដែលអាចកើតមានពីបាតុកម្មតវ៉ាដែលកំពុងរាលដាល និងកាន់តែហិង្សានៅតាមបណ្តាទីក្រុងនានានៅសហរដ្ឋអាមេរិក ស្ថានទូតកម្ពុជាយើងបានអំពាវនាវដល់បងប្អូនប្រជាជពលរដ្ឋខ្មែដែលកំពុងស្នាក់នៅ រស់នៅ និងសិក្សានៅអាមេរិក សូមប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយស្ថិតនៅឱ្យឆ្ងាយពីការជួបជុំ ឬប្រមូលផ្តុំនានាទោះក្រោមរូបភាព ឬមូលហេតុអ្វីក៏ដោយ។ ប្រជាជនខ្មែរយើងគួរជៀសវាង និងព្យាយាមកាត់បន្ថយឱ្យបានច្រើនបំផុតក្នុងការចេញទៅក្រៅ។ ក្នុងករណីចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនពីការឆ្លងជំងឺ និងហានិភ័យជាយថាហេតុពីបាតុកម្ម។
ស្ថានទូតក៏អំពាវនាវឱ្យប្រជាជនខ្មែរយើងនៅអាមេរិកប្រកាន់ឱ្យបានខ្ជាប់ខ្ជួនតាមបំរាមគោចរ និងបំរាមនានារបស់អាជ្ញាធរមូលដ្ឋានដែលខ្លួនកំពុងស្ថិតនៅ។ ក្នុងករណីមានអាសន្នសូមទាក់ទងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍៕