លោក Trump ត្រូវបាននាំចុះលាក់ខ្លួនក្នុងបន្ទប់ពិសេសក្រោមដីសម្រាប់ប្រធានាធិបតី ក្នុងរយៈពេលខ្លី ខណៈដែលក្រុមបាតុករប្រមូលផ្ដុំគ្នានៅក្បែរសេតវិមានកាលយប់ថ្ងៃទី29ឧសភា នេះបើតាមមន្ត្រីម្នាក់របស់រដ្ឋាភិបាលលោក Trump។
ប្រធានាធិបតី Donald Trump បានចូលពួនក្នុងបន្ទប់សម្ងាត់ក្រោមដីនៅខាងក្រោមសេតវិមានប្រហែលជា1ម៉ោង នៅពេលដែលមានបាតុកររាប់រយនាក់នាំគ្នាស្រែកទាមទារយុត្តិធម៌នៅក្បែរវិមានរដ្ឋាភិបាល បន្ទាប់ពីការស្លាប់របស់ជនជាតិស្បែកខ្មៅឈ្មោះ George Floyd នៅទីក្រុង Minneapolis ក្នុងរដ្ឋ Minnesota។ គេមិនដឹងថា ជំទាវទី1 Melania និងកូនប្រុសពៅ Barron Trump ត្រូវបាននាំចូលលាក់ខ្លួនជាមួយលោក Trump ដែរ ឬយ៉ាងណានោះទេ។
ការសម្រេចចិត្តនាំប្រធានាធិបតី ចូលលាក់ខ្លួនក្រោមដីបែបនេះ ត្រូវបានធ្វើឡើងនៅពេលក្រុមប៉ូលិស និងសមត្ថកិច្ចសម្ងាត់បានប្រឈមមុខជាមួយនឹងក្រុមបាតុករនៅខាងក្រោមសេតវិមានក្នុងរយៈពេលជាច្រើនម៉ោង កាលពីថ្ងៃទី29ឧសភា។ ក្រុមបាតុករនាំគ្នាស្រែក និងគប់ដបទឹក និងវត្ថុផ្សេងៗទៅកាន់ឆ្មាំការពារសេតវិមាន និងព្យាយាមឆ្លងកាត់របងដែក។
មានពេលខ្លះ ក្រុមបាតុករក៏បានប្រើហិង្សាលើកម្លាំងសមត្ថកិច្ចផងដែរ ដែលនាំឱ្យមានការបិទសេតវិមានអស់មួយរយៈពេល។
អង្គភាពសម្ងាត់របស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា សមត្ថកិច្ចចម្រុះជាង60នាក់បានរងរបួសនៅក្នុងរយៈពេល3ថ្ងៃនៃការទប់ទល់នឹងក្រុមបាតុករនៅខាងក្រៅសេតវិមាន។
អភិបាលរដ្ឋវ៉ាស៊ីងតោនបានចេញបញ្ជាដាក់បម្រាមគោចរដើម្បីទប់ស្កាត់បាតុកម្ម ខណៈដែលអភិបាលក្រុង Atlanta នៃរដ្ឋ Georgia ក៏បានស្នើឱ្យលោក Trump ឈប់និយាយអំពីបាតុកម្ម ដោយបានថ្លែងថា ការនិយាយអំពីបាតុកម្មនឹង “ធ្វើឱ្យស្ថានភាពកាន់តែអាក្រក់”។
បាតុកម្មដែលមានឈ្មោះថា “ខ្ញុំមិនអាចដកដង្ហើម” ខាងលើ បានចាប់ផ្ដើមកើតចេញពីតំបន់ Minneapolis រដ្ឋ Minnesota ហើយបានរាលដាលពេញផ្ទៃប្រទេស បន្ទាប់ពី George Floyd ដែលជាបុរសស្បែកខ្មៅម្នាក់ត្រូវបានប៉ូលិសក្រៀកសង្កត់រហូតដល់ស្លាប់ ព្រោះតែជាប់សង្ស័យថាបានប្រើប្រាស់ប្រាក់ក្លែងក្លាយ៕
ប្រភព៖ សារព័ត៌មានបរទេស