ផែនការ5ឆ្នាំបន្ទាប់កំពុងត្រូវបានប្រទេសចិនរៀបចំធ្វើឡើងដោយមានការដាក់គោលដៅ “ម្ចាស់ការ និងកាត់បន្ថយការពឹងផ្អែកទៅលើបច្ចេកវិទ្យាសហរដ្ឋអាមេរិក”។
ផែនការរយៈពេល5ឆ្នាំជាលើកទី14របស់ប្រទេសចិន ដែលនឹងដាក់ចេញគោលដៅនយោបាយ និងសេដ្ឋកិច្ចសម្រាប់ដំណាក់កាលឆ្នាំ2021-2025 បង្ហាញអំពីការផ្លាស់ប្ដូរគោលនយោបាយរបស់ទីក្រុងប៉េកាំងក្នុងកាលៈទេសៈប្រទេសចិននិងសហរដ្ឋអាមេរិកកំពុងប្រឈមមុខដាក់គ្នាប្រកបដោយភាពតានតឹងទាក់ទិននឹងបញ្ហាជាច្រើន ក៏ដូចជាបញ្ហាដែលចិនត្រូវប្រឈមនឹងគូប្រជែងផ្សេងៗនៅទូទាំងពិភពលោក។ នេះបើតាមក្រុមអ្នកសិក្សាស្រាវជ្រាវដែលកំពុងចូលរួមរៀបចំផែនការខាងលើ។
កំណែចុងក្រោយរបស់ផែនការនេះនឹងត្រូវបានប្រកាសឱ្យដឹងនៅក្នុងខែមីនា ឆ្នាំ2021 ប៉ុន្តែការវិភាគបឋមបានបង្ហាញថា ប្រទេសចិននឹងបង្កើនភាពម្ចាស់ការក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនោះ ទីក្រុងប៉េកាំងក៏នឹងនៅតែរក្សាគោលនយោបាល “បើកចំហទ្វារ និងរៀបចំរចនាសម្ព័ន្ធឡើងវិញ” ដើម្បីរក្សាតួនាទីជាចំណុចកណ្ដាលរបស់ខ្លួនក្នុងការផ្គត់ផ្គង់ផលិតផលសម្រាប់ពិភពលោក ពិសេសគឺសម្រាប់បណ្ដាប្រទេសនៅអាស៊ី និងអឺរ៉ុប ព្រមទាំងកាត់បន្ថយឥទ្ធិពលនៃ “ហានិភ័យនៃការឃ្លាតឃ្លា” កាន់តែឆ្ងាយពីទីក្រុងវ៉ាស៊ីងតោន។
គំនិតខាងលើនេះត្រូវបានគាំទ្រដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង ផងដែរ។ តាមរយៈផែនការខាងលើនេះ ទីក្រុងប៉េកាំងនឹងអនុវត្តរូបមន្តអភិវឌ្ឍថ្មី “រួមមានទាំងបណ្ដាញសេដ្ឋកិច្ចក្នុងស្រុកទ្រង់ទ្រាយធំ និងបណ្ដាញសេដ្ឋកិច្ចអន្តរជាតិ” ដើម្បីជំនួសឱ្យការពឹងផ្អែកទៅលើតែទីផ្សារក្រៅស្រុក។
បច្ចេកវិទ្យាក៏ជាវិស័យសំខាន់មួយដែលត្រូវបានចិនសង្ឃឹមថានឹងមានភាពអស្ចារ្យជាងនេះនៅក្នុងរយៈពេល5ឆ្នាំទៅមុខ។ ការដែលទីក្រុងវ៉ាស៊ីងតោនកៀបសង្កត់ទៅលើក្រុមហ៊ុន Huawei និងកាត់បន្ថយការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ទៅកាន់ប្រទេសចិន ក៏បានជំរុញឱ្យទីក្រុងប៉េកាំងស្វែងរកគ្រប់មធ្យោបាយដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើបច្ចេកវិទ្យាបរទេស។
បណ្ដាផែនការ5ឆ្នាំរបស់ប្រទេសចិន ចាប់ពីឆ្នាំ1981 រហូតដល់បច្ចុប្បន្ន គឺសុទ្ធសឹងតែផ្ដល់អាទិភាពទៅលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ការការពារបរិស្ថាន និងរបបសន្តិសុខសង្គម។ ទាំងនេះគឺជាគ្រឹះសម្រាប់ផែនការ5ឆ្នាំចំនួនរាប់រយនៅថ្នាក់ខេត្ត ក្រុង និងវិស័យឧស្សាហកម្ម ដើម្បីធានាឱ្យបាននូវការរីកចម្រើនស្របគ្នានៅទូទាំងប្រទេស។
ក្នុងផែនការ5ឆ្នាំ ដំណាក់កាលឆ្នាំ2016-2020 ប្រទេសចិនបានដាក់ចេញគោលដៅសំខាន់ចំនួន25 ក្នុងនោះមានគោលដៅចំនួន13ត្រូវបានកំណត់ឱ្យសម្រេចបានជាដាច់ខាត ដូចជាកាត់បន្ថយភាពក្រីក្រ និងធានាឱ្យមានដីគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល។
លទ្ធផលនៃការវាយតម្លៃទៅលើផែនការ5ឆ្នាំ សម្រាប់ឆ្នាំ2016-2020 បានបង្ហាញថា មានគោលដៅចំនួន4បានយឺតយ៉ាវ ក្នុងនោះមានថវិកាសម្រាប់ការអភិវឌ្ឍ និងស្រាវជ្រាវបច្ចេកវិទ្យាថ្មី ក៏ដូចជាគុណភាពទឹក។ល។
មេរោគរាតត្បាតCOVID-19 ក៏បានគំរាមកំហែងដល់គោលដៅបង្កើនទំហំសេដ្ឋកិច្ចទ្វេដងដែលជាគោលដៅសំខាន់បំផុតនៅក្នុងផែនការចាប់ពីឆ្នាំ2010-2020 បណ្ដាលឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ6.8%ក្នុងត្រីមាសទីមួយនៃឆ្នាំ2020 ព្រមទាំងបានកាត់ផ្ដាច់ក្ដីសង្ឃឹមចំពោះកំណើនប្រាក់ចំណូលជាអប្បបរមា 6.5% សម្រាប់មនុស្សម្នាក់៕
ប្រភព៖ សារព័ត៌មានបរទេស