ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងAFP បានរាយការណ៍ថា កាលពីថ្ងៃទី24 ឧសភា ទីភ្នាក់ងារព័ត៌មានមជ្ឈិម KCNA របស់ប្រទេសកូរ៉េខាងជើង បានរាយការណ៍ថា លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរបស់កងទ័ព ដើម្បីពិភាក្សាពាក់ព័ន្ធនឹងនយោបាយថ្មីរបស់ប្រទេសកូរ៉េខាងជើង ក្នុងការបង្កើនសមត្ថភាពផ្នែកនុយក្លេអ៊ែររបស់ខ្លួន លើកកម្ពស់ការការពារសង្គ្រាមនុយក្លេអ៊ែរ ក្នុងខណៈដែលការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានជាប់គាំងកាលពីពេលកន្លងមក។
ព័ត៌មានបានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម របស់បក្សពលករកូរ៉េ អាចនិយាយបានថា ជាការបង្ហាញខ្លួនដល់សាធារណជន ជាលើកដំបូងក្នុងជុំ 3សប្ដាហ៍ របស់លោក គីម ជុង អ៊ុន ដែលមិនសូវបានបង្ហាញវត្តមានញឹកញាប់ប៉ុន្មាន ក្នុងអំឡុងពេល 2ខែកន្លងទៅ ក្រោមក្ដីបារម្ភកង្វល់ ពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 និងមានការលើកឡើងថា លោក គីម អាចនឹងឈឺធ្ងន់ទៀតផង។
AFP បានរាយការណ៍ថា កិច្ចប្រជុំនោះ បានកើតឡើង ក្រោយពីចុងសប្ដាហ៍កន្លងទៅ សារព័ត៌មានរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា រដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានពិភាក្សាគ្នាថា សហរដ្ឋអាមេរិកនឹងធ្វើការសាកល្បងនុយក្លេអ៊ែរ និងកំណត់យុទ្ធសាស្ត្ររបស់កងទ័ពជាថ្មី ក្នុងអំឡុងពេលច្រើនសិបឆ្នាំកន្លងមកនេះ។
KCNA បានរាយការណ៍ថា កិច្ចប្រជុំលើកនេះ គឺជាការពិភាក្សាគ្នា ដើម្បីលើកកម្ពស់កងទ័ព និងរិះរកវិធីគ្រប់គ្រងការឈ្លានពានពីកងកម្លាំងរបស់សត្រូវ រួមទាំងការចាត់តាំងគោលនយោបាយថ្មី ដើម្បីលើកកម្ពស់ការការពារសង្គ្រាមនុយក្លេអ៊ែរ និងកំណត់កលយុទ្ធរបស់កងទ័ព ឱ្យស្ថិតក្នុងការប្រុងជើងការកម្រិតខ្ពស់បំផុត។
យ៉ាងណាក៏ដោយ រូបភាពនៅក្នុងសារព័ត៌មាន រ៉ូដុង ស៊ីនមុន របស់កូរ៉េខាងជើង ដែលបានផ្សព្វផ្សាយ មិនបង្ហាញថា មាននរណាម្នាក់ពាក់ម៉ាស់អនាម័យការពារការឆ្លងមេរោគវីរុសឡើយ ដោយទាំងអស់នេះ រដ្ឋបាលកូរ៉េខាងជើង បានអះអាងថា មិនមានអ្នកជំងឺកូវីដ-19 ឡើយនៅក្នុងប្រទេសរបស់ខ្លួន តែអ្នកជំនាញការមិនជឿថា នេះជាការពិតឡើយ៕
ប្រភព៖ សាព័ត៌មានបរទេស