Skip to content

សេតវិមាន​​នឹង​ដាក់​ទណ្ឌ​កម្ម​ចិន​ ព្រោះតែ​ “សេចក្ដី​ព្រាង​​ច្បាប់​សន្តិសុខ​ហុង​កុង”

សេត​វិមាន​បាន​ព្រមាន​ថា សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុងកុង​អាច​នាំ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​ពី​សហរដ្ឋ​អាមេរិក​ ព្រោះ​ច្បាប់​នេះ​នឹង​គំរាម​កំហែង​ដល់​ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់​ទីក្រុង​ហុង​កុង​។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិកាំង​ លោក Robert O’Brien បាន​ថ្លែង​ប្រាប់ NBC កាលពីថ្ងៃទី​24​កន្លង​ទៅ​ថា “ជាមូល​ដ្ឋាន ជាមួយ​នឹង​ច្បាប់​នេះ​ ប្រទេស​ចិន​នឹង​គ្រប់​គ្រង​ហុង​កុង​​ទាំង​មូល​។ ហើយ​បើ​សិន​ពួកគេ​ធ្វើ​ដូច្នេះ រដ្ឋ​មន្ត្រី​ការ​បរទេស​ Mike Pompeo អាច​នឹង​មិន​ទទួល​ស្គាល់​ហុង​កុង​ថា​នៅ​តែ​រក្សា​សិទ្ធិ​គ្រប់​គ្រង​ដោយ​ស្វ័យ​ភាព​ខ្ពស់​ទៀត​នោះ​ទេ​ ហើយ​អាច​នឹង​មាន​វិធានការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ទីក្រុង​ហុង​ និង​ប្រទេស​ចិន​ដីគោក”។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិកាំង​ លោក Robert O'Brien
ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិកាំង​ លោក Robert O’Brien

មន្ត្រី​អាមេរិកាំង​បាន​ឱ្យដឹង​ថា ច្បាប់​សន្តិសុខ​ហុងកុង នៅ​ពេល​ត្រូវ​បាន​ដាក់​ជា​ធរមាន​ វា​នឹង​កាត់ផ្ដាច់​សិទ្ធិ​គ្រប់​គ្រង​ដោយ​ស្វ័យ​ភាព​ ព្រម​ទាំង​បង្ក​ការ​ខូច​ខាត​ដល់​សេដ្ឋ​កិច្ច​ហុង​កុង​ និង​ប្រទេស​ចិន​ដីគោក​។ លោក Robert O’Brien​ ថ្លែង​ថា​ ច្បាប់​ថ្មី​នេះ​ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ស្ថាន​ភាព​ពិសេស​របស់​ទីក្រុង​ហុង​កុង​នៅក្នុង​ច្បាប់​សហរដ្ឋ​អាមេរិក​ ដែល​ជា​មូលដ្ឋាន​មួយបាន​​ជួយ​ឱ្យ​ហុងកុង​រក្សា​តួនាទី​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោកនា​ពេល​កន្លង​ទៅ​នេះ​​។

លោក Robert O’Brien សង្កត់​ធ្ងន់​ថា “វា​ពិត​ជា​ពិបាក​មើល​ នៅ​ពេល​ឃើញ​ហុង​កុង​នៅ​តែ​ជា​មជ្ឈមណ្ឌល​​ហិរញ្ញវត្ថុ​របស់​ទ្វីប​អាស៊ី​ ប្រសិន​ជា​ប្រទេស​ចិន​បាន​ចូល​មក​គ្រប់គ្រង​។ ក្រុម​ហ៊ុន​ធំៗ​ក្នុង​ពិភពលោក​នឹង​មិន​មាន​មូលហេតុអ្វី​ដែល​ធ្វើ​ឱ្យ​ពួកគេ​នៅ​ទីនោះ​ទៀត​នោះ​ទេ​។ មូលហេតុ​សំខាន់មួយ​ដែល​នាំ​ឱ្យ​ពួក​គេ​មក​កាន់​ទីក្រុង​ហុង​កុង​ នោះ​គឺ​​ទីក្រុង​នេះ​មាន​ការ​គោរព​ច្បាប់​បាន​ល្អ​ និង​មាន​ប្រព័ន្ធ​គ្រប់​គ្រង​ជំនួញ​បែប​សេរី​ ប្រព័ន្ធ​មូលធន​និយម​ ប្រជាធិបតេយ្យ​ និង​មាន​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​។ បើ​សិន​ជា​ទាំង​អស់​នេះ​ត្រូវ​បាត់​បង់​ ខ្ញុំ​មិន​ប្រាកដ​ថា ទីក្រុង​នេះ​អាច​រក្សា​សហគមន៍​ហិរញ្ញវត្ថុ​ឱ្យ​នៅ​ទី​​នេះ​ទៀត​នោះ​ឡើយ​”។

សេតវិមាន​​នឹង​ដាក់​ទណ្ឌ​កម្ម​ចិន​ ព្រោះតែ​ "សេចក្ដី​ព្រាង​​ច្បាប់​សន្តិសុខ​ហុង​កុង"
ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុង​កុង​ លោកស្រី Carrie Lam

ទោះជា​យ៉ាង​ណា​ក៏ដោយ ទីក្រុង​ប៉េកាំង​បាន​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ ជាក់​ស្ដែង​គឺ​ដើម្បី​កែ​លម្អ​គោល​ការណ៍​ “ប្រទេស​មួយ របបពីរ​” តែ​ប៉ុណ្ណោះ​ ហើយ​វា​នឹង​ផ្ដល់​ផល​ប្រយោជន៍​ និង​គាំទ្រ​ដល់ការ​រីក​ចម្រើន​នៃ​ទីក្រុង​​ហុង​កុង​​។ ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុង​កុង​ លោកស្រី Carrie Lam បាន​ប្រកាស​ថា នឹង​ “សហការ​គ្រប់​វិស័យ​” ជាមួយ​សភា​ចិន​ ដើម្បី​សម្រេច​បាន​ច្បាប់​ថ្មី​នេះ​។ លោក​ស្រី​បន្ត​ថា​ ច្បាប់​សន្តិសុខ​ហុង​កុង​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ សេរី​ភាព​ និង​ភាព​ឯក​រាជ្យ​នៃ​រដ្ឋធម្មនុញ្ញ​របស់​តំបន់​ពិសេស​នេះ​នោះ​ទេ​៕

ប្រភព​៖​ សារ​ព័ត៌មានបរទេស​

Leave a Reply

Your email address will not be published. Required fields are marked *