ក្រុមអ្នកតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក បានស្នើឱ្យដាក់ឈ្មោះផ្លូវមួយខ្សែដែលស្ថិតនៅខាងមុខស្ថានទូតចិននៅទីក្រុងវ៉ាស៊ីងតោន ទៅតាមឈ្មោះរបស់វេជ្ជបណ្ឌិត Li Wenliang ដ៏ល្បីឈ្មោះនៅក្នុងសម័យCOVID-19 ដែលបានស្លាប់ដោយសារវីរុសនេះ។
យោងតាមសំណើរបស់ក្រុមតំណាងរាស្ត្រអាមេរិកាំងកាលពីថ្ងៃទី7ឧសភា ផ្លូវមួយខ្សែនៅខាងមុខស្ថានទូតចិននឹងត្រូវប្ដូរពី “International Place” (ទីតាំងអន្តរជាតិ) ទៅជា “Li Wenliang Plaza” (ទីលាន Li Wenliang)។
Tom Cotton ដែលជាតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋ ថ្លែងថា “យើងនឹងធានាឱ្យបានថា ឈ្មោះ Li Wenliang នឹងមិនត្រូវបានគេបំភ្លេចចោល ដោយដាក់វាឱ្យស្ថិតនៅខាងមុខស្ថានទូតរបស់ប្រទេសដែលត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់វេជ្ជបណ្ឌិត Li”។
សំណើនេះក៏ទទួលបានការគាំទ្រពីតំណាងរាស្ត្រនៃសភាជាន់ខ្ពស់ Marco Rubio ហើយត្រូវបានបញ្ជូនទៅសភាជាន់ខ្ពស់ដើម្បីអនុម័តផងដែរ។
Li Weliang គឺជាវេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យធំនៅ Wuhan (Central Hospital of Wuhan) ក្នុងខេត្ត Hebei ប្រទេសចិន ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានព្រមានដំបូងគេនៅលើបណ្ដាញសង្គម អំពីវីរុសប្រភេទថ្មី ដែលកំពុងឆ្លងរាលដាលនៅទីក្រុង Wuhan។ ប៉ូលិសបានកោះហៅវេជ្ជបណ្ឌិត Li ទាំងយប់ ហើយបង្ខំឱ្យចុះហត្ថលេខាទទួលស្គាល់កំហុស ក្រោយពីគាត់បានចែករំលែកព័ត៌មានខាងលើទៅឱ្យមិត្តភក្ដិ។
វីរុសខាងលើនោះ ក្រោយមកត្រូវបានគេកំណត់ថាជា nCoV ហើយបន្ទាប់មកក៏ត្រូវគេហៅជាផ្លូវការថា COVID-19 ដែលមកដល់បច្ចុប្បន្ន វាបានឆ្លងទៅមនុស្សជាង3.9លាននាក់ ក្នុងនោះមានមនុស្សជាង270,000នាក់បានបាត់បង់ជីវិត។ វេជ្ជបណ្ឌិត Li Wenliang ក៏បានឆ្លងមេរោគនេះ និងបានស្លាប់នៅក្នុងថ្ងៃទី7កុម្ភៈ។ ខែមេសា លោក Li ទទួលបានអាជ្ញាធរចិនផ្ដល់កិត្តិនាមថាជា “វីរជនពលី”៕
ប្រភព៖ សារព័ត៌មានបរទេស