ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅក្នុងធ្វីតធើរកាលពីចុងសប្ដាហ៍កន្លងទៅ ដោយបានបញ្ជាក់ថា លោកបានបញ្ជាឱ្យកងទ័ពជើងទឹកនៃសហរដ្ឋអាមេរិក បាញ់ និងកម្ទេចនាវាណាក៏ដោយរបស់អ៊ីរ៉ង់ បើសិននាវាទាំងនោះចូលមករំខាន ឬរករឿងនាវារបស់សហរដ្ឋអាមេរិកនៅក្នុងដែនសមុទ្រ។
សំណេររបស់លោកត្រាំនៅក្នុងធ្វីតធើរនេះ បានកើតមានឡើងបន្ទាប់ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានផ្សព្វផ្សាយឃ្លីបវីដេអូមួយដែលបង្ហាញឱ្យឃើញនាវាប្រដេញចំនួន 11គ្រឿងរបស់កងកម្លាំងការពារការបដិវត្តអ៊ីរ៉ង់ ឬIRGC បានបើកចូលមកក្បែរនាវារបស់កងទ័ពសហរដ្ឋអាមេរិក និងអង្គភាពការពារដែនសមុទ្រក្នុងរយៈចម្ងាយដ៏គ្រោះថ្នាក់បំផុត ខណៈកំពុងធ្វើដំណើរនៅក្នុងឈូងសមុទ្រពែក្ស៍ ធ្វើឱ្យសហរដ្ឋអាមេរិក ថ្លែងថ្កោលទោសថា ជាទង្វើដែលបង្កគ្រោះថ្នាក់ និងពន្យុះសង្គ្រាម។
យ៉ាងណាក៏ដោយ នៅមិនទាន់ច្បាស់ប្រាកដថា បញ្ជាចុងក្រោយបំផុតរបស់លោកប្រធានាធិបតី ត្រាំ នឹងក្លាយជាច្បាប់ដែលត្រូវតម្កល់ទុកប្រចាំកងទ័ពជើងទឹក ឬយ៉ាងណានោះទេ និងថែមទាំងមិនទាន់ប្រាកដច្បាស់ថា ទីបញ្ជាការជាន់ខ្ពស់ ដែលមានតួនាទីគ្រប់គ្រងប្រតិបត្តិការនៅក្នុងតំបន់មជ្ឈិមបូព៌ា នឹងបញ្ជាឱ្យបាញ់នាវារបស់អ៊ីរ៉ង់ ឬយ៉ាងណានៅឡើយដែរ។ តែបញ្ជាបែបនេះ អាចធ្វើឱ្យភាពតានតឹងរវាងសហរដ្ឋអាមេរិក នឹងអ៊ីរ៉ង់ ដែលប៊ិះនឹងកើតមានសង្គ្រាមកាលពីអំឡុងដើមឆ្នាំនោះ កាន់តែអាក្រក់ឡើងទៅទៀត។
Caption រូបភាពដែលផ្សព្វផ្សាយដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញនាវាប្រដេញរបស់កងទ័ពអ៊ីរ៉ង់បើកមកប្រកៀកនាវាចម្បាំង USS Paul Hamilton និងនាវាផ្សេងៗទៀតរបស់សហរដ្ឋអាមេរិក ក្នុងរយៈចម្ងាយអសុវត្ថិភាព កាលពីថ្ងៃទី15 មេសាកន្លងទៅ…
ចំណែកអ្នកនាំពាក្យរបស់ IRGC បានចេញមកឆ្លើយតបធ្វីតធើររបស់លោកត្រាំថា “ជំនួសឱ្យការ ចង់មករំលោភអ្នកដទៃដូចថ្ងៃនេះហើយ ពួកអាមេរិកាំង គួរតែខំប្រឹងព្យាយាមដើម្បីជួយបុគ្គលិកកងទ័ពរបស់ខ្លួនឯងដែលឆ្លងមេរោគវីរុសកូរ៉ូណាឱ្យជាសះស្បើយវិញ ប្រសើរជាង”៕
ប្រភព៖ សារព័ត៌មានបរទេស