ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបង្ហោះវីដេអូមួយដែលត្រូវបានថតដោយអ្នកបើកបរយន្តហោះអាមេរិកាំង បង្ហាញអំពីវត្តមានជាច្រើនលើករបស់វត្ថុហោះមិនស្គាល់អត្តសញ្ញាណ UFO (Unidentified flying object)។
កាលពីថ្ងៃទី27មេសា មន្ទីរបញ្ចកោណ បានបង្ហោះឃ្លីបវីដេអូចំនួន3 បង្ហាញអំពី “UFO” ដែលមិនអាចបកស្រាយ បាន និងត្រូវបានថតជាប់ដោយក្រុមអ្នកបើកបរយន្តហោះចម្បាំងអាមេរិកាំង ចាប់ពីឆ្នាំង2004-2015។
ក្នុងឃ្លីបវីដេអូមួយចំនួនខាងលើ បង្ហាញថា វត្ថុមិនស្គាល់អត្តសញ្ញាណ(UFO) បំផ្លាស់ទីយ៉ាងចម្លែក នៅមុនពេលវាបញ្ចេញពន្លឺខ្លាំង ហើយហោះក្នុងល្បឿនយ៉ាងលឿន។
មន្ទីរបញ្ចកោណបានឱ្យដឹងថា បណ្ដាឃ្លីបវីដេអូដែលខ្លួនបង្ហោះនេះ គឺដើម្បី “កុំឱ្យប្រជាជនមានការភាន់ច្រឡំទៅលើវីដេអូទាំងឡាយដែលបានបង្ហោះនៅលើបណ្ដាញសង្គមថា តើវាមានមែនពិត ឬយ៉ាងណា”។ បាតុភូតនៅលើអាកាសដែលត្រូវបានក្រុមអ្នកបើកបរយន្តហោះថតបានក្នុងវីដេអូខាងលើ នៅតែត្រូវបានចាត់ចូលក្នុងប្រភេទ “មិនទាន់កំណត់អត្តសញ្ញា”។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកកាលពីឆ្នាំទៅបានបញ្ជាក់ និងទទួលស្គាល់អំពីវត្តមានរបស់បណ្ដាឃ្លីបវីដេអូ បន្ទាប់ពីទិន្នន័យទាំងនេះត្រូវបានក្រុមអ្នកជំនាញខាងស្រាវជ្រាវ UFO បង្ហោះនៅលើអ៊ីនធើណិត។
“បន្ទាប់ពីបានពិនិត្យយ៉ាងល្អិតល្អន់ មន្ទីរបញ្ចកោណយល់ថា ការបង្ហោះឃ្លីបវីដេអូខាងលើ គឺមិនបានធ្វើឱ្យបែកធ្លាយប្រព័ន្ធ ឬសមត្ថភាពអ្វីមួយដែលមានសារសំខាន់ខ្លាំងនោះទេ” អ្នកនាំពាក្យនៃក្រសួងការពារជាតិអាមេរិកាំង លោក Sue Gough មានប្រសាសន៍បែបនេះ។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកមុននោះបានព្រមានថា ការបញ្ចេញព័ត៌មានអំពីកិច្ចប្រជុំសម្ងាត់ស្ដីពី UFO អាចធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ” ដល់សន្តិសុខសហរដ្ឋអាមេរិក។
យោងតាមកងទ័ពជើងទឹកអាមេរិកាំង ឃ្លីបវីដេអូចំនួន2ដែលត្រូវបានថតក្នុងអំឡុងពេលកងទ័ពប្រទេសនេះកំពុងធ្វើសមយុទ្ធលើអាកាស។
អ្នកនាំពាក្យនៃកងទ័ពជើងទឹកអាមេរិកាំង Joseph Gradisher ថ្លែងកាលពីខែកញ្ញា2019ថា “រាល់ការរំលោភរបស់យន្តហោះ ឬបាតុភូតចម្លែកនានា ចូលទៅក្នុងដែននៃការហ្វឹកហាត់របស់យើង គឺសុទ្ធតែបង្កការព្រួយបារម្ភអំពីសុវត្ថិភាព និងសន្តិសុខ”៕
ប្រភព៖ SCMP