មនុស្សសរុបចំនួន ៦,៩៧៩នាក់បានដាក់ពាក្យបណ្ដឹង និងប្រកាសពីទំហំទឹកប្រាក់ខាតបង់ចំនួនជាង២ពាន់លានបាត ទាក់ទងនឹងការចូលរួមរបស់ពួកគេនៅក្នុងអាជីវកម្មលក់ផ្ទាល់របស់ ដឺ អាយខុន គ្រុប ហើយនៅពេលនេះការិយាល័យស៊ើបអង្កេតកណ្តាលនៃប្រទេសថៃក៏គ្រោងនឹងចោទប្រកាន់បន្ថែមទៀតទៅលើជនសង្ស័យទាំង១៨រូបនៅក្នុងគម្រោង ដឺ អាយខុន គ្រុប ពីបទលាងលុយកខ្វក់ ការខ្ចីប្រាក់ក្លែងបន្លំ និងការប្រមូលផ្ដុំដោយខុសច្បាប់ ដោយមានមនុស្សជាច្រើននៅក្នុងប្រទេសថៃ និងនៅប្រទេសផ្សេងទៀតកំពុងប្រមូលភស្តុតាងបន្ថែម ដូច្នេះជនសង្ស័យនៅក្នុងគម្រោង ដឺ អាយខុន ទាំង១៨រូប គឺកំពុងប្រឈមជាមួយការចោទប្រកាន់បន្ថែម ដែលធ្វើឱ្យទម្ងន់ទោសទណ្ឌរបស់ពួកគេនឹងកាន់តែធ្ងន់ធ្ងរឡើងថែមទៀត។
អគ្គស្នងការនគរបាលជាតិ លោក Pol Gen Kitrat Phanphet បានប្រាប់ឱ្យដឹងកាលពីថ្ងៃអង្គារ ទី២២នេះថា រវាងថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែតុលានេះ មនុស្សសរុបចំនួន៦,៩៧៩នាក់ បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យស៊ើបអង្កេតកណ្តាល CIB និងនៅស្ថានីយ៍ប៉ូលីសទូទាំងប្រទេសថៃ ដោយពាក្យបណ្តឹងទាំងអស់បានរាយការណ៍ពីការខូចខាតសរុបចំនួនទឹកប្រាក់រហូតដល់២,០៤៦លានបាត។
លោក Pol Gen Kitrat ក៏បានបន្តទៀតថា កាលពីថ្ងៃអង្គារកន្លងទៅប៉ុន្មានថ្ងៃនេះ ប៉ូលីសថៃបានស្វែងរកទីតាំងចំនួន១១ទីតាំងបន្ថែមទៀត ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ដឺ អាយខុន គ្រុប និងជនសង្ស័យទាំង១៨រូបខាងលើ ហើយក្រុមស៊ើបអង្កេតកំពុងប្រមូល និងចងក្រងភស្តុតាង ស្នើសុំដីកាចាប់ខ្លួនពីតុលាការ ដើម្បីចុះចាប់ខ្លួនក្រុមជនសង្ស័យក្រុមទីពីរដែលពាក់ព័ន្ធនឹងគម្រោងឆបោកខ្នាតធំមួយនេះបន្តទៀត ដោយលោកបានអះអាងចំពោះអ្នកសារព័ត៌មានថា ជនណាដែលប៉ូលីសរកឃើញថាពាក់ព័ន្ធនឹងគម្រោងឆបោកមួយនេះនឹងប្រឈមមុខការចាត់វិធានការតាមផ្លូវច្បាប់នៃប្រទេសថៃ មិនថាពួកគេជានរណានោះទេ។
ក្នុងនោះក៏មានអ្នកចោទសួរថា តើអ្នកនាង Iyada Kantathavorn ភរិយារបស់ពិធីករទូរទស្សន៍ដ៏មានប្រជាប្រិយភាព និងជាតារាសម្តែង លោក Kan Kantathavorn ស្ថិតនៅក្នុងចំណោមជនសង្ស័យក្រុមទី២នេះដែរឬទេ? នាយឧត្តមសេនីយ៍ Kitrat បានបញ្ជាក់ប្រាប់ថា លោកមិនបានឃើញឈ្មោះរបស់អ្នកនាងនៅក្នុងបញ្ជីជនសង្ស័យនោះទេ ហើយក៏មិនមានរបាយការណ៍ណាមួយបានបញ្ជាក់ថាអ្នកនាងកំពុងមានសកម្មភាពរត់គេចចេញពីប្រទេសថៃនោះដែរ។
នាយឧត្តមសេនីយ៍ Sophon Saraphat ស្នងការរង CIB បានប្រាប់ឱ្យដឹងថា ប៉ូលីសកំពុងពិនិត្យមើលរបាយការណ៍អំពីការផ្ទេរទ្រព្យសម្បត្តិរបស់ជនដែលពាក់ព័ន្ធនឹងករណីឆបោកនេះ ហើយមន្ត្រីជំនាញក៏កំពុងពិនិត្យមើលភស្តុតាង ជាពិសេសកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកតម្រុយ និងភស្តុតាងនៃការផ្ទេរទ្រព្យសម្បត្តិចេញចូលផងដែរ។
សរុបមកជនសង្ស័យនៅក្នុងរឿងឆបោកលំដាប់ប្រទេសមួយនេះនៅមិនទាន់ចប់ត្រឹមជនសង្ស័យទាំង១៨រូបដែលប៉ូលីសថៃបានចាប់ខ្លួនបញ្ជូនទៅមន្ទីរឃុំឃាំងកាលពីថ្ងៃពុធសប្តាហ៍មុននោះទេ គឺនៅមានជនសង្ស័យជាច្រើននាក់ទៀតដែលនឹងត្រូវចាប់ខ្លួនជាបន្តបន្ទាប់ ដូច្នេះសូមរង់ចាំតាមដានជាបន្តទៀត៕