បរទេស ៖ រដ្ឋាភិបាលប្រទេសឡាវ បាន និងកំពុងងាកទៅរកការបង្កើតទីផ្សារជួញដូរមាសក្នុងទ្រង់ទ្រាយធំតាមរយៈធនាគារថ្មីមួយរបស់ខ្លួន ដោយរំពឹងថាអាចស្ដារសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងប្រឈមនឹងការដាំក្បាលចុះ។ នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានជប៉ុន នីគីអាស៊ី។
ប្រភពពីបណ្តាញសារព័ត៌មានខាងលើនេះបានឱ្យថា ៖ បច្ចុប្បន្ននេះ រដ្ឋាភិបាលនៃប្រទេសឡាវ បាន និងកំពុងងាកទៅរកការជួញដូរមាសដែលជាចំណុចស្នូលយុទ្ធសាស្ត្រ ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស។ គំនិតផ្តួចផ្តើមនេះបានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៃគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសឡាវ ដែលមានបំណងប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងបង្កើនទុនបម្រុងប្តូរប្រាក់បរទេស។
គួរកត់សម្គាល់ថា កាលពីខែកញ្ញាឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនឯកជនក្នុងស្រុកបានសហការបណ្តាក់ទុនរួមគ្នាដើម្បីបង្កើតធនាគារថ្មីមួយមានឈ្មោះថា Lao Bullion Bank (LBB) ដែលមានប្រតិបត្តិការដូចជា ទិញ-លក់មាសទ្រង់ទ្រាយធំ និងទទួលប្រាក់បញ្ញើ ប៉ុន្តែដំណើរការមិនទាន់បានពេញលេញនោះទេ។ យ៉ាងណាមិញ ការបើកដំណើរការពេញលេញនឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ ដោយនឹងរួមបញ្ជូលការជួញដូរមាស ការវិភាគភាពសុទ្ធនៃមាស ព្រមទាំងប្រតិបត្តិការផ្សេងទៀត។
លោក Vathana Dalaloy ទេសាភិបាលធនាគារកណ្តាលស្តីទីបានលើកឡើងថា ប្រតិបត្តិការរបស់ធនាគារដែលប្រើប្រាស់ទុនបម្រុងមាសប្រមាណ ៥០០ ទៅ ១ ០០០ តោនរបស់ប្រទេសនឹងរួមចំណែកដល់ស្ថិរភាពនៃស្ថាប័នហិរញ្ញវត្ថុ និងសារពើពន្ធ។
ដោយឡែក លោក Kenichiro Yamada ដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច មកពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនបានលើកឡើងថា ការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់ធនាគារ Lao Bullion Bank (LBB) ដែលទើបតែបង្កើតថ្មីខាងលើនេះ អាចទាក់ទាញអតិថិជនស៊ីវិល និងការគ្រប់គ្រងទ្រព្យសម្បត្តិកាន់តែច្រើន ខណៈដែលការចាប់អារម្មណ៍លើទីផ្សារមាសកំពុងកើនឡើង៕