ហេតុអ្វីអាកាសធាតុកាន់តែក្ដៅឡើងៗ?

ក្នុង​រង្វង់​ 100​ឆ្នាំ​កន្លង​ទៅ​នេះ​ ការ​កើន​ឡើង​កម្ដៅ​របស់​ផែនដី​កាន់​តែ​បង្ហាញ​ច្បាស់​ឡើង​ៗ​ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ព្រួយបារម្ភ។ ក្នុង​អនាគត​ កម្ដៅ​ផែនដី​ក៏​នឹង​កើន​ឡើង​បន្ត​ទៀត​ ហើយ​បន្សល់​ទុក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​។ ដូច្នេះ​តើ​បាតុភូត​ផែនដី​ឡើង​កម្ដៅ​កើត​ឡើង​ដោយ​សារ​កត្តា​អ្វី​ខ្លះ​? ការ​ឡើង​កម្ដៅ​ផែនដី​​បង្ក​ផល​វិបាក​អ្វី​ខ្លះ​? តើ​មនុស្ស​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា​?

​ផែនដី​ឡើង​កម្ដៅ​បណ្ដាល​មក​ពី​កត្តា​ពីរ​សំខាន់​ រួម​មាន​ កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស​

កត្តាធម្មជាតិ​

  • ការ​បញ្ចេញ​ឧស្ម័ន​មេតាន​ច្រើន​ហួស​ពី​ប៉ូល​ខាង​ជើង និង​បណ្ដា​តំបន់​ដែល​មាន​សំណើម​កម្រិត​ខ្ពស់​ កំពុង​រួម​ចំណែក​ធ្វើ​ឱ្យ​កម្ដៅ​ផែនដី​កើន​ឡើង​។ ឧស្ម័ន​មេតាន​គឺជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ​ប្រភេទ​ដែល​អាច​រក្សា​កម្ដៅ​​ក្នុង​បរិយាកាស​។
  • បាតុភូត​ភ្នំ​ភ្លើង​ផ្ទុះ​ បង្កើត​បាន​ជា​ធូលី​យ៉ាង​ច្រើន​ក៏​ជា​មួយ​ក្នុង​ចំណោម​មូលហេតុ​ដែល​នាំ​ឱ្យ​អាកាសធាតុ​ក្ដៅ​។
  • នៅពេល​សីតុណ្ហភាព​មធ្យម​របស់​ផែនដី​កើន​ឡើង​ ផ្ទាំង​ទឹក​កក​នៅ​ឯប៉ូល​ទាំង​ពីរ​របស់​ផែនដី​ក៏​ត្រូវ​រលាយ​ និង​​ធ្វើ​ឱ្យ​ស្រទាប់​ទឹកកក​កាបូន​ឌីអុកស៊ីត ​(CO2) ដែល​នៅ​ជ្រៅ​ក្រោម​ទឹកកក​ត្រូវ​លេច​ឡើង​ ហើយ​ក៏​សាយ​ភាយ​ទៅក្នុង​បរិយាកាស​​ផែនដី​ គ្រា​ដែល​ព្រៃ​ឈើ​លើ​ផែនដី​ដែល​មាន​តួនាទី​ស្រូប​យក​ឧស្ម័ន​នេះ​ក៏​ចេះ​តែ​ហិន​ហោច​ទៅ​ៗ​។ ពេល​នេះ បរិមាណ​កាបូន​ឌីអុកស៊ីត​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ខ្លាំង​ លើស​ពី​សមត្ថភាព​គ្រប់​គ្រង​របស់​ធម្មជាតិ​ ទើប​ផែនដី​ត្រូវ​ឡើង​កម្ដៅ​ជា​បន្ត​បន្ទាប់​។

កត្តា​មនុស្ស​

  • មនុស្ស​បាន​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្ដៅ​បន្តិច​ម្ដង​ៗ​រហូត​ដល់​បច្ចុប្បន្ន តាម​រយៈ​ការ​បំភាយ​ឧស្ម័ន​ពី​សកម្មភាព​ផលិត​ ជីវភាព​ប្រចាំ​ថ្ងៃ​ ទៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​។
  • បច្ចុប្បន្ន បាតុភូត​ផែនដីឡើង​កម្ដៅ​ ភាគ​ច្រើន​គឺដោយ​សារ​មនុស្ស​។ សកម្មភាព​ដុត​ឥន្ធនៈ​ហ្វូស៊ីល​ ដែល​រួម​មាន​ ប្រេងសាំង ឬ​ធ្យូង​ថ្ម​ជា​ដើម​ ដែល​បង្កើត​ឱ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ បាន​ និង​កំពុង​រក្សា​កម្ដៅ​នៅ​ក្នុង​បរិយាកាស​។

ផលវិបាកដែល​កើត​ឡើង​ពី​បាតុភូត​ផែនដី​ឡើង​កម្ដៅ​

បាតុភូត​កម្ដៅ​ផែនដី​កើន​ឡើង​ នឹង​នាំ​ឱ្យ​កើត​មាន​ផល​វិបាក​ជា​ច្រើន​រៀប​មិន​អស់​ ក្នុង​នោះ​មាន​ជា​អាទិ៍​ អាកាសធាតុ​ក្ដៅ​អូស​បន្លាយ​ពេល​យូរ​ជាង​មុន​ នាំ​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត ឆេះព្រៃ ព្យុះ​ធូលី និង​គ្រោះ​ទឹក​ជំនន់​ជា​ដើម​។

បញ្ហា​ឡើង​កម្ដៅ​ផែនដី​ក៏​នឹង​ធ្វើ​ឱ្យ​ខ្យល់​អាកាស​ប្រែ​ជា​អាក្រក់​ជាង​មុន​ ដោយ​សារ​តែ​ស្រទាប់​អូហ្សូន​លើ​ដី​ក្រាស់​ជាង​មុន​ ព្រោះ​តែ​ផ្សែង​ពុល​កើន​ឡើង​។ ប្រការ​នេះ​នឹង​បណ្ដាល​ឱ្យ​មនុស្ស​ត្រូវ​ឈឺ​ច្រើន​ជាង​ធម្មតា​។

អត្រា​ផុត​ពូជ​នៃ​សត្វ និង​រុក្ខជាតិ​ក៏​នឹង​កើន​ឡើង​ ព្រោះ​តែ​សម្រប​ខ្លួន​មិន​ទាន់​ពេល​ នៅពេល​ដី និង​សមុទ្រ​ត្រូវ​ឆ្លង​កាត់​ការ​ប្រែ​ប្រួល​ឆាប់រហ័ស​។

កម្ដៅ​ផែនដី​កើន​ឡើង​ក៏​នឹង​ធ្វើ​ឱ្យ​ផ្ទាំង​ទឹក​កក​នៅ​តំបន់ប៉ូល​ត្រូវ​រលាយ​លឿន​ជាង​ធម្មតា​ បណ្ដាល​ឱ្យ​ទឹក​សមុទ្រ​កើន​ឡើង​ខ្ពស់​ គំរាម​កំហែង​ដល់​បណ្ដា​តំបន់ទំនាប​នៅ​លើ​ផែនដី​។

ដំណោះស្រាយ​សម្រាប់​បាតុភូត​ផែនដី​ឡើង​កម្ដៅ​ រួម​មាន​

  • ការ​ស្ដារ និង​លើក​កម្ពស់​គុណភាព​ហេដ្ឋារចនា​សម្ព័ន្ធ​
  • ការ​កាត់​បន្ថយ​ការប្រើ​ប្រាស់ឥន្ធនៈ​ហ្វូស៊ីល
  • ការ​ពារ​ព្រៃ​ឈើ
  • កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិច
  • ការ​សន្សំសំចៃ​អគ្គិសនី និង​ទឹក
  • ការ​បរិភោគ​បន្លែ​ ផ្លែ​ឈើ​ឱ្យ​បានច្រើន​ជាង​មុន​
  • ការ​ប្រើ​ប្រាស់​ប្រភព​ថាមបល​បៃ​តង ថាមពល​កកើត​ឡើង​វិញ
  • ការ​ប្រើ​​ប្រាស់​បច្ចេកវិទ្យា​ថ្មី​នៅ​ក្នុង​ការ​ការ​ពារ​ផែនដី​។
Advertisement