(ជប៉ុន) – ទីក្រុង Woven City នៅជើងភ្នំហ្វ៊ូជី (Fuji) នឹងប្រើប្រាស់អគ្គិសនីព្រះអាទិត្យ ថ្មឥន្ធនៈឆ្លាតវៃ និងរថយន្តមិនបំភាយឧស្ម័នពុល។
ត្រូវបានរចនាឡើងដោយក្រុមហ៊ុនតូយ៉ូតា (Toyota) ទីក្រុង Women City មានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីភ្នំហ្វ៊ូជី នៃប្រទេសជប៉ុន និងត្រូវបានកសាងតាំងពីឆ្នាំ 2021។ យោងតាមទំព័រ Sun ទីក្រុងអនាគតនេះ ដើរតួនាទីដូចទៅនឹង «បន្ទប់ពិសោធន៍» របស់ក្រុមហ៊ុន ដើម្បីធ្វើតេស្តបណ្ដារថយន្តបើកបរស្វ័យប្រវត្តសន្សំសំចៃថាមពល ដែលមានរហ័សនាមថា «E-palettes»។
មនុស្ស 2ពាន់នាក់ដំបូងនឹងរើមករស់នៅក្នុងទីក្រុងឆ្លាតវៃនេះនៅចុងឆ្នាំ 2024 តាមរយៈគម្រោងសិក្សាស្រាវជ្រាវមួយដែលមានតម្លៃជិត 10ពាន់លានដុល្លារអាម៉េរិក ដើម្បីស្វែងយល់អំពីរូបមន្តក្នុងឥរិយាបថនៃការបើកបររថយន្ត និងអ្នកថ្មើរជើង។
នៅក្នុងទីក្រុងឆ្លាតវៃ ពលរដ្ឋទាំងឡាយនឹងរស់នៅក្នុងផ្ទះដែលដំណើរការដោយអ៊ីដ្រូសែនស្ទើរតែទាំងស្រុង ធ្វើឱ្យទីក្រុងនេះមានភាពស្រស់ស្រាយខ្លាំង។ គ្រប់ផ្ទះសុទ្ធតែមានផ្ទាំងសូឡានៅលើដំបូល រួមនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតតាមដានសុខភាពអ្នកនៅខាងក្នុង។
យោងតាមប្រធានក្រុមហ៊ុនតូយ៉ូតា Akio Toyoda រាល់មធ្យោបាយធ្វើដំណើរ និងផ្ទះ សុទ្ធតែត្រូវបានតភ្ជាប់តាមរយៈប្រព័ន្ធទិន្នន័យ និងសេនស៊ើរ។ នៅតាមផ្ទះដែលត្រូវបានសង់ពីឈើ នឹងមានរ៉ូបូតជួយធ្វើកិច្ចការប្រចាំថ្ងៃ ជួយឱ្យម្ចាស់ផ្ទះមានភាពឯករាជ្យជាងមុន។
ក្រុមហ៊ុនតូយ៉ូតាឱ្យដឹងថា ការកសាងទីក្រុងពេញលេញមួយ បើទោះទោះក្នុងទ្រង់ទ្រាយតូចក៏ពិតមែន ប៉ុន្តែវាគឺជាឱកាសពិសេសដើម្បីអភិវឌ្ឍបច្ចេកវិទ្យាថ្មី។
ក្រុមមនុស្សដែលនឹងមករស់នៅក្នុងទីក្រុង Woven City រួមមាន ចាប់ពីក្រុមគ្រួសារ គូស្វាមីភរិយាចូលនិវត្សរ៍ អ្នកលក់រាយ រហូតដល់អ្នកវិទ្យាសាស្ត្រ។