តាមផែនការ ជប៉ុននឹងបាញ់បញ្ជូនថាមពលព្រះអាទិត្យពីទីអវកាសមកកាន់ផែនដីនៅឆ្នាំ 2025 ក្នុងទម្រង់មីក្រូវ៉េវ។ នេះគឺជាជំហានសំខាន់ឆ្ពោះទៅកាន់ការស្ថាបនារោងចក្រអគ្គិសនីព្រះអាទិត្យក្នុងទីអវកាស ដែលរួមចំណែកកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
ផ្កាយរណបសម្រាប់ធ្វើតេស្តរបស់ជប៉ុននឹងមានទំហំតូច ដោយមានទម្ងន់ប្រហែល 180 គីឡូក្រាម អាចបាញ់បញ្ជូនអគ្គិសនី 1 គីឡូវ៉ាត់ ពីកម្ពស់ 400 គីឡូម៉ែត្រ។ ថាមពលដែលប្រមូលបានពីព្រះអាទិត្យតាមរយៈផ្ទាំងសូឡា នឹងត្រូវបានបំប្លែងទៅជារលកមីក្រូវ៉េវ មុននឹងត្រូវបានបាញ់បញ្ជូនមកកាន់អង់តែននានានៅលើផែនដី។
គម្រោងខាងលើនេះគឺជាផ្នែកមួយរបស់កម្មវិធី OHISAMA (ដែលមានន័យថាព្រះអាទិត្យ នៅក្នុងភាសាជប៉ុន)។ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន បានសាកល្បងបាញ់បញ្ជូនអគ្គិសនីនៅលើផែនដី ហើយគ្រោងនឹងធ្វើតេស្តពីយន្តហោះនៅក្នុងខែធ្នូខាងមុខ។
គំនិតស្ដីពីការផលិតអគ្គិសនីពីថាមពលព្រះអាទិត្យនៅក្នុងទីអវកាស ត្រូវបានលើកឡើងជាលើកដំបូងកាលពីឆ្នាំ 1968។ ចំណុចវិជ្ជមានរបស់បច្ចេកវិទ្យានេះគឺអាចផ្គត់ផ្គង់ថាមពលជាបន្តបន្ទាប់ដោយមិនអាស្រ័យលើអាកាសធាតុ ឬពេលវេលា។