ប្រព័ន្ធ​ផលិត​អគ្គិសនី​​ព្រះ​អាទិត្យ​ពី​ទីអវកាសជំនាន់​ថ្មី​របស់​អង់គ្លេស

(អង់គ្លេស) – Space Solar ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ផ្កាយ​រណប​ទំហំ​មួយ​គីឡូម៉ែត្រ​ដែល​បំពាក់​ផ្ទាំង​សូឡា​ និង​ប្រព័ន្ធ​កញ្ចក់​ដើម្បី​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យ​ និង​បាញ់​បញ្ជូន​មក​កាន់​ផែនដី​ ក្នុង​ទម្រង់​រលក​វិទ្យុ។

ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី Space Solar នៅ​ប្រទេស​អង់គ្លេស​ប្រកាស​ថា បាន​ទទួលជោគ​ជ័យ​មួយ​ជំហាន​នៅ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ជូន​អគ្គិសនី​ដោយ​មិន​ប្រើខ្សែ​ ដែល​ជា​ជំហាន​សំខាន់​ជួយ​ប្រែ​ក្លាយ​គំនិត​ស្ដី​ពី​ការ​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​ក្នុង​ទីអវកាស​​ឱ្យ​ទៅ​ជា​ការ​ពិត​។

ជោគ​ជ័យ​នេះ​នឹង​ជួយ​ឱ្យ​ក្រុម​ហ៊ុន​ Space Solar ឆ្ពោះ​ទៅ​ជិត​ដល់​គោលដៅ​ផ្គត់​ផ្គង់​ថាមពល​ស្អាត​ច្រើន​ជីហ្គាវ៉ាត់​ដល់​ផែនដី​ តាម​រយៈ​ការ​ប្រើប្រាស់​ផ្ទាំង​សូឡា​ដែល​ដាក់​នៅ​លើ​គន្លង​តារាវិថី​ផែនដី​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 7 មេសា 2024​។

Space Solar គឺជា​ក្រុម​ហ៊ុន​ដំបូង​គេ​លើពិភពលោក​ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​បាញ់​បញ្ជូន​អគ្គិសនី​ដោយ​មិន​បាច់​មាន​ខ្សែ​ 360 ដឺក្រេ។ ប្រព័ន្ធ​សម្រាប់​សាកល្បង HARRIER របស់​ពួក​គេ​ ដោះ​ស្រាយ​ឧបសគ្គ​ធំ​មួយ​នៅ​ក្នុង​ការ​ផលិត​អគ្គិសនី​ពី​ព្រះអាទិត្យ​នៅ​ក្នុង​ទីអវកាស​។

មិន​ដូច​ទៅ​នឹង​បច្ចេកវិទ្យា​ចាស់ ប្រព័ន្ធ HARRIER អនុញ្ញាត​ឱ្យ​បាញ់​បញ្ជូន​អគ្គិសនី​ទៅ​គ្រប់​ទិស​ ដោយ​មិន​ត្រូវ​ការ​ផ្នែក​ចល័ត​ ជួយ​បង្កើន​ទាំង​ប្រសិទ្ធភាព​ ទាំង​ទំនុក​ចិត្ត​។

Space Solar អាច​នឹង​អភិវឌ្ឍ​ផ្កាយ​រណប​ដែល​មាន​ទំហំ​មួយ​គីឡូម៉ែត្រ បំពាក់​ផ្ទាំង​សូឡា​ និង​ប្រព័ន្ធ​កញ្ចក់​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យ​។ អគ្គិសនី​ដែល​ផលិត​បាន​នឹង​ត្រូវ​បាន​បំប្លែង​ទៅ​ជា​រលក​វិទ្យុប្រេកង់ខ្ពស់​ និង​បាញ់​បញ្ជូន​មក​កាន់​ប្រព័ន្ធ​ទទួល​នៅលើ​ផែនដី​។

ប្រព័ន្ធ​របស់​ក្រុម​ហ៊ុន​ខាងលើ​ទទួល​បាន​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​អង់គ្លេស និង​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប​។

Advertisement