ផ្កាយដុះកន្ទុយ 12P/Pons-Brooks ដែលមានរហ័សនាមថា «ផ្កាយដុះកន្ទុយបីសាច» បច្ចុប្បន្ន កំពុងហោះឆ្ពោះមកកាន់តែជិតផែនដី។
អ្នកជំនាញឱ្យដឹងថា ដោយសារតែ ផ្កាយដុះកន្ទុយ 12P/Pons-Brooks មានពន្លឺភ្លឺខ្លាំង ដូច្នេះប្រជាជននៅប្រទេសជាច្រើននឹងមានឱកាសបានគយគន់វា។ យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ ផ្កាយដុះកន្ទុយ 12P/Pons-Brooks នឹងហោះមកក្បែរព្រះអាទិត្យបំផុតនៅក្នុងថ្ងៃទី 21 មេសា 2024 និងស្ថិតនៅក្បែរផែនដីបំផុតក្នុងថ្ងៃទី 02 មិថុនា 2024។
សម្រាប់មនុស្សស្ទើរគ្រប់រូប នេះនឹងជាឱកាសតែមួយគត់ក្នុងជីវិត ដែលអាចបានឃើញផ្កាយដុះកន្ទុយនេះ ។ ព្រោះថា 71 ឆ្នាំទៀត ទើបវាហោះចូលមកដល់ខាងក្នុងប្រព័ន្ធព្រះអាទិត្យជាថ្មី ដែលព្រឹត្តិការណ៍នេះនឹងកើតឡើងនៅក្នុងខែសីហា ឆ្នាំ 2095។
សម្រាប់អ្នកដែលរស់នៅក្នុងអឌ្ឍគោលខាងជើង ពេលវេលាដែលអាចមើលឃើញ ផ្កាយដុះកន្ទុយ 12P/Pons-Brooks គឺនៅចុងខែមីនា 2024 ហើយវាក៏នឹងមិនបង្កគ្រោះថ្នាក់ដល់ភពផែនដី។ នេះបើតាមទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា – NASA)។
ទំព័រ Live Science ឱ្យដឹងថា អ្នកវិទ្យាសាស្ត្រមួយចំនួនព្យាករថា ផ្កាយដុះកន្ទុយ 12P/Pons-Brooks អាចនឹងកញ្ជ្រោលខ្លាំងមួយលើកនៅក្នុងថ្ងៃទី 08 មេសា 2024។ នោះក៏ជាថ្ងៃដែលតំបន់មួយចំនួនលើពិភពលោក បានទស្សនាបាតុភូតសូរ្យគ្រាសពេញលេញផងដែរ។ អ្នកស្រឡាញ់វិស័យតារាសាស្ត្រប្រាកដជានឹងរំភើបចិត្តខ្លាំង នៅចំពោះមុខព្រឹត្តិការណ៍ «ពាន់ឆ្នាំមានម្ដង» មួយនេះ៕